ប្រទេសថៃ ៖ លោក ឆារឺនឆ័យ វរ៉ាផីមរ៉ាត់ ឬគ្រូអយ បានចូលនិវត្តន៍ពីការងារជាគ្រូបង្រៀន ហើយលោកបានមករស់នៅស្រុកវនរីមឆាំរ៉ាប ខេត្តអូប៊ុនរ៉ាជថានី ប្រទេសថៃ ។ លោកបានប្រើប្រាស់ផ្ទៃដីទំនេរនៅក្បែរផ្ទះប្រមាណ១រ៉ៃ ដើម្បីធ្វើជាស្រះចិញ្ចឹមខ្យងឆឺរី សរុបទាំងអស់ចំនួន១៦ស្រះ ។

គ្រូអយ ប្រាប់ថា លោកចូលចិត្តបរិភោគម្ហូបអាហាររបៀបស្រុកស្រែ ហើយលោកមើលឃើញថា ការចិញ្ចឹមខ្យងឆឺរី ពណ៌មាស ឬខ្យងផ្អែម គឺជាមុខរបរមួយគួរឱ្យចាប់អារម្មណ៍ ហើយលោកក៏សាកល្បងចិញ្ចឹមតែម្តង ។ លោកបន្តថា ការចិញ្ចឹមខ្យងមិនពិបាកទេ ហើយវាទទួលបានប្រាក់ចំណូលច្រើនជាងការចិញ្ចឹមត្រី និងកង្កែប ពីព្រោះការចិញ្ចឹមត្រី និងកង្កែប លោកត្រូវផ្តល់ចំណីឱ្យវាស៊ីរាល់ថ្ងៃ ប៉ុន្តែសម្រាប់ខ្យងវិញ លោកផ្តល់ចំណីពី២ថ្ងៃ ទៅ៣ថ្ងៃម្តង ។ ដូច្នេះ ការផ្តល់ចំណីឱ្យខ្យងម្តងៗមិនច្រើនទេ ព្រោះលោកមានអាហារផ្សេងទៀតនៅក្នុងស្រះ ដែលលោកអាចស្វែងរកបាន ។Goo look lovely: Thai farmers milk snails to cash in on beauty craze |  Thailand | The Guardian

គ្រូអយ បន្តថា លោកបានចិញ្ចឹមខ្យងឆឺរី ដែលមានសម្បកពណ៌ខ្មៅ និងពណ៌មាស ហើយបច្ចុប្បន្ន លោកមានពូជខ្យងនេះប្រមាណ២ពាន់ពូជដើម្បីឱ្យវាបង្កាត់ពូជជាមួយគ្នា ។ បន្ទាប់មក មេខ្យងនឹងពងដាក់ទុយោទឹក ឬពងនៅតាមជញ្ជាំងស៊ីម៉ងត៍ ហើយនៅពេលគ្រប់១៤ថ្ងៃ លោកក៏ចាប់ផ្តើមយកពងរបស់វាទៅដាក់ក្នុងស្រះមួយទៀត ។ នៅពេលវាអាយុចាប់ពី៣ខែ ទៅ៤ខែ លោកអាចចាប់វាលក់បានហើយ គឺខ្យង១គីឡូក្រាមតម្លៃ២៥០បាត ។ ចំណែកខ្យងសម្រាប់ធ្វើពូជវិញ បើចង់ចាប់វាលក់ គឺលោកលក់ខ្យងពូជ១គូ ក្នុងតម្លៃ៥០បាត ។Milking 'happy' snails for beauty products - CGTN

គ្រូអយ និយាយថា ៖ «សម្រាប់ទឹកក្នុងស្រះត្រូវតែស្អាត និងប្តូរទឹកថ្មីជានិច្ច ហើយខ្ញុំបានយកស្លឹកល្ហុង ស្លឹកត្រឡឹងខឹង ត្រួយស្លឹកដំឡូងមី ត្រកួន កញ្ឆែត និងចក មកដាក់នៅក្នុងទឹកស្រះ ។ កាលពីដំបូង ខ្ញុំទទួលបានប្រាក់ចំណូលពី៥ម៉ឺន ទៅ៦ម៉ឺនបាតក្នុង១ខែ សម្រាប់ការលក់ខ្យងពូជ ។ ប៉ុន្តែនៅខែសីហា ឆ្នាំ២០២៣ ប្រាក់ចំណូលបានធ្លាក់ចុះនៅសល់ត្រឹម២ម៉ឺន៥ពាន់បាត ទៅ៣ម៉ឺន៥ពាន់បាត» ។Thai farmers on the cash trail with snail slime | Asia – Gulf News

សម្រាប់ខ្យងធំៗវិញ គ្រូអយ បានយកវាទៅចម្អុយឱ្យឆ្អិន រួចយកទៅលក់ដោយខ្លួនឯង ក្នុងនោះ១ប្រអប់ មានខ្យងចំនួន២០ក្បាល ព្រមទាំងទឹកជ្រលក់ផងនោះ លោកលក់ក្នុងតម្លៃ១ប្រអប់៦០បាត ហើយពេលលោកលក់ខ្យងចម្អុយម្តងៗ លោកទទួលបានប្រាក់ចាប់ពី៣ពាន់ ទៅ៤ពាន់បាត ។ គ្រូអយ បញ្ជាក់ថា ទីផ្សារខ្យងនឹងរីកចម្រើនបន្ថែមទៀត ពីព្រោះការចិញ្ចឹមខ្យងរបស់លោកសម្រាប់ផ្គត់ផ្គង់លើទីផ្សារនាពេលបច្ចុប្បន្ននេះ គឺមិនគ្រប់គ្រាន់តាមតម្រូវការអតិថិជនទេ ៕ ប្រភព ៖ Thai PBS