អ្នកគាំទ្ររបស់តារាចម្រៀងទាំងពីរដួងគឺលោក ជី ដេវីត និង ទេព បូព្រឹក្ស បានបង្ហាញអារម្មណ៍រំភើបចិត្តជាខ្លាំងក្រោយពីទទួលដំណឹងថាអ្នកទាំងពីរនឹងមានផ្ទាំងទស្សនីយភាពយ៉ាងកក្រើកនៅពហុកីឡដ្ឋានជាតិអូឡាំពិកនាខែកញ្ញាខាងមុខនេះក្នុងការប្រកួតបាត់ទាល់ជម្រើសជាតិកម្ពុជានិងក្រុមកីឡាករហុងកុង។
បើតាមការសរសេរនៅលើបណ្តាញសង្គមហ្វេកប៊ុករបស់តារាចម្រៀង ទេព បូព្រឹក្ស បានឱ្យដឹងថានាងនិង ជី ដេវីត ជ្រើសរើសបទ «មហានគរ» និង បទ «ទេវរាជ» យកមកសម្តែងដែលកាន់តែធ្វើឱ្យហ្វេនៗអន្ទះសារកាន់តែខ្លាំងព្រោះទាំងពីរបទនេះសុទ្ធតែបង្កប់អត្ថន័យជ្រាលជ្រៅ និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន។
មែនទែនទៅបទ «មហានគរ» របស់លោក ជី ដេវីត ធ្លាប់បានយកមកសំដែងម្តងរួចមកហើយក្នុងជំនួបការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិកម្ពុជានិងបង់ក្លាដេស ដែលកាលនោះមានភាពអស្ចារ្យយ៉ាងខ្លាំងព្រោះមានផ្ទាំងទស្សនីយភាពរហូតដល់៧ យកមកបង្ហាញដល់ភ្ញៀវជាតិ និងអន្តរជាតិ។ យ៉ាងណាអ្នកគាំទ្រក៏ចង់ឃើញការសំដែងម្តងទៀតដូចគ្នាព្រោះមិនងាយបានទស្សនានោះឡើយ។
ងាកទៅកាន់បទ «ទេវរាជ» របស់ ទេព បូព្រឹក្ស វិញទស្សនិកជននៅមិនទាន់ឃើញការបង្ហាញរបស់នាងនៅឡើយទេរឹតតែធ្វើឱ្យហ្វេនៗចង់ឃើញកាន់តែខ្លាំង ខណៈមួយបទនេះវិញក៏មិនធម្មតារហូតអ្នកជិតខាងបានប្រតិកម្មប៉ារ៉ូចម្រៀងនាងផងដែរ។
បទខាងលើនេះរបស់ ទេព បូព្រឹក្ស បានឆ្លុះបញ្ចាំង៣សម័យកាលធំៗគឺការបង្កើតអាណាចក្រនគរភ្នំ ,សម័យចេនឡា និងសម័យអង្គរ ដូច្នេះហើយតារាចម្រៀងរូបនេះយកមកសំដែង ពិតណាស់អ្នកគាំទ្រជឿជាក់ថា ការបង្ហាញផ្ទាំងទស្សនីយភាពបទនេះពិតជាមិនធម្មតានោះទេកក្រើកស្តាតមិនខាន។
គួរបញ្ជាក់ផងដែរថា ការប្រកួត «Vattanac International Friendly» រវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមកីឡាករហុងកុងនឹងត្រូវប៉ះគ្នានៅថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង៧យប់ នៅពហុកីឡដ្ឋានជាតិអូឡាំពិក៕
		
	









