រាជធានីបាងកក៖ ក្រោយពេលមានញត្ដិតវ៉ា ជុំវិញសភាបានច្រានចោលនូវការឈរឈ្មោះជាថ្មីរបស់មេដឹកនាំគណបក្សឆ្ពោះទៅមុខ (Move Forward Party) ហៅកាត់ MFP រួចមក ឥឡូវ តុលាការធម្មនុញ្ញរបស់ប្រទេសថៃ បានសម្រេចបដិសេធញត្ដិទាំងនោះ ហើយសកម្មភាពបែបនេះ បានធ្វើឲ្យក្ដីសង្ឃឹមរបស់គណបក្សឈ្នះឆ្នោតមួយនេះ ឆ្ពោះទៅកាន់តំណែងនាយករដ្ឋមន្រ្ដី ត្រូវរលាយអស់។
សារព័ត៌មានរបស់ថៃ Bangkok Post បានចេញផ្សាយ កាលពីល្ងាច ថ្ងៃពុធ ទី១៦ ខែសីហា ថា តុលាការធម្មនុញ្ញ កាលពីថ្ងៃពុធ បានសម្រេចចិត្តជាឯកច្ឆន្ទ ច្រានចោល ចំពោះសំណើការពារសិទ្ធិរបស់មេដឹកនាំគណបក្សឆ្ពោះទៅមុខ (Move Forward) លោក ភីថា លីមចារឿនរ៉ាត (Pita Limjaroenrat) នៅក្នុងការតែងតាំងជាថ្មី ដើម្បីឲ្យសមាជិកសភា បោះឆ្នោត ជានាយករដ្ឋមន្ត្រី។
ការសម្រេចរបស់តុលាការធម្មនុញ្ញ បានបង្ហាញផ្លូវយ៉ាងច្បាស់ សម្រាប់ការបោះឆ្នោតជាថ្មីដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រី ខណៈលោក វ៉ាន់ មូហាមេដ ណ័រ ម៉ាថា (Wan Muhamad Noor Matha) ប្រធារដ្ឋសភា បានអះអាង ថា ប្រហែលជានឹងត្រូវបោះឆ្នោត នៅថ្ងៃអង្គារ ទី២២ ខែសីហា។
តុលាការធម្មនុញ្ញរបស់ប្រទេសថៃ បានបញ្ជាក់ ថា សំណើទាំងនេះ បានស្នើមកពីក្រុមមនុស្ស ចំនួន១៨នាក់ ដែលបានបោះឆ្នោត គាំទ្រដល់គណបក្សឆ្ពោះទៅមុខ (MFP) នៅក្នុងការបោះឆ្នោតសកល កាលពីថ្ងៃទី១៤ ខែឧសភា និង អ្នកបោះឆ្នោត ចំនួន១៣នាក់ផ្សេងទៀត នៅក្នុងការបោះឆ្នោតសកល ហើយសមាជិកសភា របស់គណបក្ស MFP គឺលោក ផានយ៉ារ៉ាត ណានថាហ៊្វូស៊ីថាណុន (Panyarat Nanthaphusitanont)។
អ្នកគាំទ្រដល់គណបក្សឆ្ពោះទៅមុខ បានស្នើសុំដល់តុលាការធម្មនុញ្ញ សម្រេចលើសេចក្តីសម្រេចរបស់សភា កាលពីថ្ងៃទី១៩ ខែកក្កដា ដោយបដិសេធ ចំពោះការតែងតាំងជាថ្មីរបស់លោក ភីថា ប្រធានគណបក្សឆ្ពោះទៅមុខ ជានាយករដ្ឋមន្ត្រី ដោយសារតែពួកគេចាត់ទុក ថា ដំណោះស្រាយរបស់សភា រំលោភសិទ្ធិរបស់ពួកគេ ស្របតាមច្បាប់រដ្ឋធម្មនុញ្ញ។
តុលាការធម្មនុញ្ញ កាលពីថ្ងៃពុធ បានសម្រេច ថា ញត្តិដែលតុលាការ នឹងពិចារណា ត្រូវតែស្នើមកពីប្រជាជន ដែលសិទ្ធិ ឬ សេរីភាព ត្រូវបានរំលោភ ដោយផ្ទាល់ តាមការអនុវត្តសិទ្ធិអំណាចរបស់រដ្ឋ។ នៅក្នុងករណីនេះ អ្នកដាក់ញត្តិ មិនត្រូវបានតែងតាំង ជាបេក្ខជននាយករដ្ឋមន្ត្រី នោះឡើយ។ សិទ្ធិ ឬសេរីភាពរបស់ពួកគេ មិនត្រូវបានរំលោភ ដោយផ្ទាល់នោះទេ។ ដូច្នេះ តុលាការ បានសម្រេចជាឯកច្ឆន្ទ ថា មិនទទួលយកញត្តិ សម្រាប់ការពិចារណានោះដែរ ហើយតុលាការ ក៏បានបញ្ជាក់នៅក្នុងសេចក្តីសម្រេចរបស់ខ្លួន។
សភា កាលពីថ្ងៃទី១៩ ខែកក្កដា បានច្រានចោលនូវការតែងតាំងជាថ្មីដល់លោក ភីថា សម្រាប់សភាបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី ដោយការបោះឆ្នោត ភាគច្រើន ធ្វើតាមនីតិវិធី។ រីឯសមាជិកសភា មកពីគណបក្សជាគូប្រជែងរបស់គាត់ បានប្រកែក ថា បទប្បញ្ញត្តិរបស់សភា ត្រង់មាត្រា៤១ ហាមឃាត់នូវការបញ្ជូនមកវិញ ចំពោះសំណើដែលបានបរាជ័យ នៅក្នុងសម័យប្រជុំដូចគ្នា ហើយករណីនេះ ក៏រួមបញ្ចូល ទាំងការតែងតាំងជាថ្មីរបស់លោក ភីថា ផងដែរ។
លោក ភីថា មេដឹកនាំគណបក្សឆ្ពោះទៅមុខ ត្រូវបានតែងតាំងជាថ្មី ក្រោយការប៉ុនប៉ងជាលើកដំបូងរបស់គាត់ ដើម្បីក្លាយជានាយករដ្ឋមន្ត្រី មិនទទួលបានការគាំទ្រពីសភា កាលពីថ្ងៃទី១៣ ខែកក្កដា។
ដោយសារតែផ្លូវសម្រាប់លោក ភីថា ឆ្ពោះទៅកាន់តំណែងនាយករដ្ឋមន្ត្រី ត្រូវបានរារាំងហើយនោះ គណបក្សភឿថៃ បានដកខ្លួនចេញពីក្រុមសម្ពន្ធភាពចម្រុះចំនួន៨គណបក្ស ដឹកនាំដោយគណបក្សឆ្ពោះទៅមុខ ហើយជំនួសមកវិញ កំពុងតែព្យាយាមបង្កើតរដ្ឋាភិបាលថ្មី ជាមួយនឹងបេក្ខជននាយករដ្ឋមន្ត្រីរបស់ខ្លួន គឺលោក ស្រេតថា ថាវីស៊ីន (Srettha Thavisin)។
គណបក្សឆ្ពោះទៅមុខ (MFP) ជាអ្នកឈ្នះ នៅក្នុងការបោះឆ្នោតសកលរបស់ប្រទេសថៃ កាលពីថ្ងៃទី១៤ ខែសឧសភា ដោយទទួលបានអាសនៈសភា ចំនួន១៥១ ខណៈគណបក្សភឿថៃ ជាប់លំដាប់លេខ២ ដោយទទួលបានអាសនៈចំនួន១៤១។
តុលាការធម្មនុញ្ញ កាលពីថ្ងៃទី១៩ ខែកក្កដា បានព្យួរលោក ភីថា ពីការងារជាសមាជិកសភា ដោយរង់ចាំការសម្រេចលើឋានៈសភារបស់គាត់ ទាក់ទងនឹងការកាន់កាប់ភាគហ៊ុនពីមុនរបស់គាត់ នៅក្នុង iTV Plc ។ រដ្ឋធម្មនុញ្ញ ហាមម្ចាស់ភាគហ៊ុនរបស់អង្គភាពប្រព័ន្ធផ្សព្វផ្សាយ មិនឱ្យឈរឈ្មោះ នៅក្នុងការបោះឆ្នោតសកល។ ទន្ទឹមគ្នានេះ គណៈកម្មការរៀបចំការបោះឆ្នោត ដែលបានស៊ើបអង្កេតលើបណ្តឹងនេះ ត្រូវបានរាយការណ៍ កាលពីថ្ងៃអង្គារ ថា ស្ថាប័នបោះឆ្នោតមួយនេះ បានផ្តល់អនុសាសន៍ឱ្យទម្លាក់ចោលនូវការចោទប្រកាន់នេះ៕










