ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីចាត់តាំងរបស់កម្ពុជា បានបង្ហាញគោលជំហរមិនគាំទ្រការដាំដំណាំកញ្ឆានៅស្រុកខ្មែរជាដាច់ខាតបើទោះបីជាមានការបញ្ចុះបញ្ជូលនិងទទួលបានប្រាក់ចំណូលចូលជាតិយ៉ាងណាក្តី។ ការបញ្ជាក់នេះតាមរយៈវីដេអូខ្លីមួយបង្ហោះនៅលើទំព័រហ្វេកប៊ុកផ្លូវការនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣នេះរបស់ឯកឧត្តមបណ្ឌិតផ្ទាល់។

នាយករដ្ឋមន្រ្តីតែងតាំងនាអាណត្តិទី៧ បានថ្លែងយ៉ាងដូច្នេះថា «កន្លងទៅមានការដាំកញ្ឆានៅស្រុកខ្មែរ ខ្ញុំមិនដឹងថាស្រុកណាធ្វើទេ ប៉ុន្ដែសម្រាប់ខ្ញុំខ្ញុំប្រឆាំងដាច់ខាត ទោះបីវាចូលចំណូលយ៉ាងមិចក៏ដោយ តែមិនចំណេញសម្រាប់កូនចៅខ្មែរ […] គ្រាន់តែយើងមិនអនុញ្ញាតផងចាប់ប៉ុន្មានដងនៅតាកែវ ទម្រាំតែយើងបើកទៀត។ ដំណាំមានរាប់ម៉ឺនមុខ ទៅដាំស្អីអាហ្នឹង (កញ្ឆា) ខ្ញុំមិនគាំទ្ររឿងដាំកញ្ឆាស្រុកខ្មែរ»។

ការបង្ហាញគោលជំហរទស្សនៈរបស់ខ្លួនដោយបើកចំហបែបនេះរបស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដោយសារតែធ្លាប់មានការស្នើសុំម្ដងហើយម្ដងទៀត ពីសំណាក់អ្នកវិនិយោគមួយចំនួនដោយបង្ហាញគោលបំណងចង់ដាំដុះដំណាំកញ្ឆានៅក្នុងប្រទេសកម្ពុជាក្រោមហេតុផលដើម្បីយកទៅចម្រាញ់ជាឱសថ សម្រាប់ព្យាបាលមនុស្ស។

គួរបញ្ជាក់ផងដែរថា កាលពីខែមេសា ឆ្នាំ២០២៣ កន្លងមកនេះអាជ្ញាធរខេត្តមណ្ឌលគីរីបានចុះបង្ក្រាបជនជាតិវៀតណាម២នាក់ដែលបានលួចដាំដើមកញ្ឆាជាង
១ម៉ឺនដើមទម្ងន់ជាង១០០០គីឡូ ខណៈនៅខេត្តតាកែវមានជនខិលខូចមួយចំនួន បានលួចដាំដំណាំប្រភេទនេះ ហើយក៏ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការបង្ក្រាបជាបន្ដបន្ទាប់ផងដែរ៕