ប្រទេសកូរ៉េខាងត្បូង ៖ ក្នុងសង្គមប្រទេសកូរ៉េខាងត្បូងនាពេលបច្ចុប្បន្ននេះ មានហាងលក់ទំនិញ ហាងលក់ម្ហូបអាហារ និងហាងកាហ្វេប្រមាណជាង៤០០កន្លែងបានចាប់ផ្តើមបិទស្លាកសញ្ញានៅមាត់ទ្វារថា «ហាមនាំក្មេងចូល» ឬ «តំបន់គ្មានក្មេង» ។ ការបិទស្លាកសញ្ញានេះ គឺដូចគ្នានឹងការបិទស្លាកសញ្ញា «ហាមសត្វចិញ្ចឹម» ឬ «ហាមជក់បារី» ផងដែរ ។
មនុស្សភាគច្រើនអាចគិតថា ការប្រកាសហាមឃាត់នេះជាការរើសអើង ប៉ុន្តែការពិត ការធ្វើបែបនេះកំពុងក្លាយជារឿងធម្មតានៅប្រទេសកូរ៉េខាងត្បូង ។ កន្លងមក មានម្តាយជាច្រើននាក់មិនបានមើលការខុសត្រូវកូន ឬក្មួយរបស់ខ្លួនឱ្យល្អទេ នៅពេលពួកគេនាំក្មេងតូចមកកាន់ទីកន្លែងសាធារណៈ រហូតរំខានដល់អ្នកដទៃ និងធ្វើឱ្យប៉ះពាល់ដល់ហាងផងដែរ ។
ជាក់ស្តែង កាលពីឆ្នាំ២០២១ មានក្មេងម្នាក់បានរលាកខ្លួនដោយសារទឹកស៊ុប ហើយស្ត្រីជាម្តាយបានទាមទារឱ្យហាងទទួលខុសត្រូវថ្លៃព្យាបាលកូនរបស់ខ្លួនទៀតផង ដោយប្រើប្រាស់បណ្តាញសង្គមដាក់សម្ពាធមកលើហាង ។ ប៉ុន្តែក្រោយមក ករណីនេះត្រូវបានគេរិះគន់ស្ត្រីជាម្តាយវិញ នៅពេលមានភស្តុតាងពីកាមេរ៉ាសុវត្ថិភាពបង្ហាញថា នាងបានបណ្តោយឱ្យកូនរត់លេងពេញបរិវេណហាង រហូតរត់ទៅបុកបុគ្គលិករត់តុ ដែលកំពុងលើកម្ហូបឱ្យភ្ញៀវ និងធ្វើឱ្យទឹកសម្លកំពប់លើខ្លួនប្រាណក្មេង ។
តាមការស្ទង់មតិរបស់សារព័ត៌មានកូរ៉េខាងត្បូងបង្ហាញថា ឪពុកម្តាយ ឬមនុស្សពេញវ័យទាំងអស់ដែលចង់ចូលក្នុងហាងកាហ្វេណាមួយ ពួកគេត្រូវតែពិនិត្យមើលស្លាកសញ្ញានៅមុខហាងសិន មុននឹងសម្រេចចិត្តនាំក្មេងចូល ។ អ្នកឆ្លើយតបការស្ទង់មតិប្រមាណ៧០% បានយល់ស្របចំពោះការបិទស្លាកសញ្ញា «ហាមនាំក្មេងចូល» ។
ការប្រកាសហាមនាំក្មេងចូលក្នុងហាង មិនមែនជារឿងថ្មី ឬប្លែកទេសម្រាប់ពលរដ្ឋកូរ៉េខាងត្បូង ព្រោះកន្លងមក ហាងខ្លះបានបិទស្លាកសញ្ញា «ហាមមនុស្សចាស់» មកប្រើប្រាស់សេវាកម្មក្នុងហាងផងដែរ ។ ចំពោះហេតុផល គឺអតិថិជនដែលមានអាយុចាប់ពី៤៩ឆ្នាំឡើងទៅ ពួកគេតែងតែរំខានបុគ្គលិកក្នុងហាងជានិច្ច ។ បើទោះជាប្រទេសផ្សេងៗមិនយល់ស្របជាមួយបម្រាមនេះ ប៉ុន្តែនៅប្រទេសកូរ៉េខាងត្បូងចាត់ទុកថា វាមិនមែនជារឿងខុសច្បាប់ទេ ៕ ប្រភព ៖ chiangmai news










