រដ្ឋធានីប៉េកាំង៖ ស្របពេលចំនួនការអត់ការងារធ្វើ កំពុងតែកើនឡើង ហើយកំណើនសេដ្ឋកិច្ចកំពុងតែធ្លាក់ចុះនោះ ធនាគារកណ្ដាលរបស់ប្រទេសចិន បានកាត់បន្ថយនូវអត្រាការប្រាក់ ដោយមិនមានការរំពឹងទុកជាមុន សម្រាប់ការជំរុញសេដ្ឋកិច្ចរបស់ខ្លួន ឲ្យងើបឡើងវិញ។
ទីភ្នាក់ងារសារព័ត៌មានរបស់ចក្រភពអង់គ្លេស Reuters បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី១៥ ខែសីហា ថា ធនាគារកណ្ដាលរបស់ប្រទេសចិន កាលពីថ្ងៃអង្គារ បានកាត់បន្ថយអត្រា ដែលជាគោលនយោបាយដ៏សំខាន់ ជាលើកទីពីរ ដោយមិននឹកស្មានដល់ នៅក្នុងរយៈពេល៣ខែកន្លងមកនេះ។ សញ្ញាថ្មីមួយនេះ បង្ហាញ ថា អាជ្ញាធរចិន កំពុងតែបង្កើននូវកិច្ចខិតខំប្រឹងប្រែង បន្ធូរបន្ថយរូបិយវត្ថុ សម្រាប់ជំរុញសេដ្ឋកិច្ចរបស់ខ្លួន ឲ្យស្ទុះងើបឡើងវិញ។
ក្រុមអ្នកវិភាគ បានយល់ឃើញ ថា សកម្មភាពបែបនេះ បានបើកទ្វារចំហ ឆ្ពោះទៅរកការកាត់បន្ថយសក្តានុពល សម្រាប់អត្រាការប្រាក់កម្ចីគោល (LPR) របស់ប្រទេសចិន នៅសប្តាហ៍ក្រោយ។
ក្រុមអ្នកឃ្លាំមើលទីផ្សារ បានអះអាង ថា ការធ្លាក់ចុះកំណើនឥណទាន និង ការកើនឡើងហានិភ័យបរិត្តផរណា នៅក្នុងខែកក្កដា ត្រូវតែមានការវិធានការបន្ធូរបន្ថយរូបិយវត្ថុបន្ថែមទៀត សម្រាប់ទប់ទល់ខ្លួន ពីការធ្លាក់ចុះនេះ ស្របពេលមានហានិភ័យ ចំពោះបណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានមួយចំនួន និង ការខកខាននូវការទូទាត់ ដោយអ្នកគ្រប់គ្រងទ្រព្យសម្បត្តិឯកជន ក៏ប៉ះពាល់ដល់ទំនុកចិត្តទីផ្សារហិរញ្ញវត្ថុផងដែរ។
លោក ថមមី វូ (Tommy Wu) សេដ្ឋវិទូជាន់ខ្ពស់របស់ប្រទេសចិន នៅធនាគារ Commerzbank (ខមមើសបែងខ៍) បានអះអាង ថា «បញ្ហាទាំងអស់នេះ បន្ថែមទៅលើភាពបន្ទាន់ ដែលក្រុមអ្នកបង្កើតគោលនយោបាយ ត្រូវតែធ្វើសកម្មភាពឱ្យបានឆាប់រហ័ស នៅមុនពេលទំនុកចិត្តរបស់អ្នកប្រើប្រាស់ និង អាជីវកម្ម ធ្លាក់ចុះយ៉ាងខ្លាំង»។
ធនាគារប្រជាជនចិន (PBOC) បានបញ្ជាក់ ថា ធនាគារបានបញ្ចុះអត្រាការប្រាក់ ដល់ប្រាក់យន់ (Yuan លុយចិន) ចំនួន ៤០១ពាន់លានយន់ ឬស្មើនឹង៥៥,២៥ពាន់លានដុល្លារអាមេរិកដែលមានតម្លៃ សម្រាប់ប្រាក់កម្ចី រយៈពេលមធ្យម១ឆ្នាំ (MLF) ដល់ស្ថាប័នហិរញ្ញវត្ថុមួយចំនួនដោយចំណុចគោលចំនួន១៥ ដែលពីមុន២,៦៥ភាគរយ មក២,៥០ភាគរយ។
ធនាគារប្រជាជនចិន បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ តាមអនឡាញ ថា ការបញ្ចេញសាច់ប្រាក់ គឺទប់ទល់នឹងកត្តាជាច្រើន រួមការបង់ពន្ធ ដើម្បីរក្សាសាច់ប្រាក់របស់ប្រព័ន្ធធនាគារ ឱ្យមានគ្រប់គ្រាន់។
លោក ខេន ចេង (Ken Cheung) ប្រធានយុទ្ធសាស្រ្ដ FX អាស៊ី នៃធនាគារ Mizuho (មីហ្សូហូ) បានបញ្ជាក់ ថា ការកាត់បន្ថយអត្រាគួរឱ្យភ្ញាក់ផ្អើល ក្លាយជាការឆ្លើយតបភ្លាមៗ សម្រាប់គាំទ្រដល់ទិន្នន័យឥណទាន ដែលធ្លាក់ចុះ។ រីឯការងើបឡើងវិញ នៃសេដ្ឋកិច្ចចិន អាចនឹងរងសម្ពាធ ពីការធ្លាក់ចុះប្រាក់យន់ រហូតដល់៧,៣ ក្នុង១ដុល្លារ។
ប្រទេសចិន បានបន្ធូរបន្ថយនូវគោលនយោបាយរូបិយវត្ថុ សម្រាប់ជួយឲ្យសេដ្ឋកិច្ចរបស់ខ្លួនស្ទុះឡើងវិញ ស្របពេលប្រទេសផ្សេងៗទៀត កំពុងតែស្ថិតក្នុងវដ្តរឹតបន្តឹង ខណៈបណ្ដាប្រទេសទាំងនោះ កំពុងតែប្រយុទ្ធនឹងអតិផរណាកើនឡើងខ្ពស់។ ការផ្លាស់ប្ដូរអត្រាការប្រាក់ កាលពីថ្ងៃអង្គារ បានពង្រីកគម្លាតទិន្នផល ជាមួយនឹងសេដ្ឋកិច្ចរបស់បណ្ដាប្រទេសមហាអំណាចផ្សេងៗទៀត ជាពិសេស សហរដ្ឋអាមេរិក ដែលកំពុងតែដាក់សម្ពាធ កាន់តែខ្លាំងឡើង មកលើប្រាក់យន់ និង ហានិភ័យលំហូរចេញ។
ប្រាក់យន់របស់ចិន បានធ្លាក់ចុះប្រហែល៥ភាគរយ ធៀបនឹងប្រាក់ដុល្លារ ហើយរហូតមកដល់ឆ្នាំនេះ ប្រាក់យន់ ក្លាយជារូបិយប័ណ្ណអាស៊ីមួយ មានដំណើរការមិនសូវល្អ។ ប្រាក់យន់ បានជួញដូរ គឺ៧,២៨យន់ នៅក្នុងមួយដុល្លារ ធៀបនឹងការបិទការជួញដូរ កាលពីមុន មានតម្លៃ ៧,២៥យន់។ ធនាគារប្រជាជនចិន បានបញ្ចុះអត្រាការប្រាក់ ដែលជាគោលនយោបាយដ៏សំខាន់ នៅក្នុងមិថុនា ដើម្បីទប់ទល់នឹងសេដ្ឋកិច្ចដ៏ធំនេះ ប៉ុន្ដែទិន្នន័យ នៅតែថយចុះខ្លាំង។
បើតាមសារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃសៅរ៍ ទី១២ ខែសីហា ថា ក្រុមមន្រ្ដីសេតវិមានរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែង ថា លោកប្រធានាធិបតី ចូ បៃដិន (Joe Biden) បានបញ្ជាក់ កាលពីថ្ងៃព្រហស្បតិ៍មុន ថា «ប្រទេសចិន កំពុងតែប្រឈមមុខនឹងបញ្ហា ជាមួយនឹងការរុំព័ទ្ធទៅដោយបញ្ហាសេដ្ឋកិច្ច និង សង្គម។ បញ្ហាទាំងនេះ មិនមែនជារឿងល្អនោះឡើយ ព្រោះថា នៅពេលណាមនុស្សអាក្រក់ ប្រឈមមុខនឹងបញ្ហាជាច្រើន ពួកគេនឹងធ្វើអាក្រក់បន្ថែមទៀត។ សេដ្ឋកិច្ចរបស់ប្រទេសចិន មានកំណើនត្រឹមតែ៨ភាគរយ នៅក្នុងមួយឆ្នាំ ហើយត្រូវតែរក្សាកំណើននេះ។ ប៉ុន្ដែឥឡូវ មានកំណើនជិត២ភាគរយ នៅក្នុងមួយឆ្នាំ ដោយនឹកស្មានមិនដល់ អំពីអត្រាកំណើនរបស់ប្រទេសមហាយក្សអាស៊ីមួយនេះ ធ្លាក់បែបនេះឡយ»។
ដោយឡែក ទិន្នន័យរបស់ការិយាល័យស្ថិតិជាតិរបស់ប្រទេសចិន បានបង្ហាញ ថា សេដ្ឋកិច្ចរបស់ចិន បានកើនឡើង ៤,៥ភាគរយ នៅក្នុងត្រីមាសទី១ និង ៦,៣ភាគរយ នៅក្នុងត្រីមាសទី២ ជាមួយនឹងផលិតផលក្នុងស្រុកសរុប (GDP) កើនឡើង ត្រឹមតែ០,៨ភាគរយ ចន្លោះពីខែមេសា ដល់ខែមិថុនា បើធៀបនឹងត្រីមាសមុន ក្រោយការកើនឡើង ២,២ភាគរយ នៅក្នុងត្រីមាសទីមួយ។
សារព័ត៌មានរបស់ចក្រភពអង់គ្លេស BBC បានចេញផ្សាយ កាលពីថ្ងៃទី១១ ខែសីហា ថា ចំនួននិស្សិតទើបនឹងបញ្ចប់ការសិក្សា នៅតាមសាកលវិទ្យាល័យនានា ចំនួន ១១,៥៨លាននាក់ ត្រូវបានគេរំពឹង ថា នឹងសម្រុកចូលទៅក្នុងទីផ្សារការងារ នៅឆ្នាំ២០២៣៕










