ដោយមានការត្អូញត្អែរពីសំណាក់អ្នកប្រើប្រាស់ទូរស័ព្ទចល័តពាក់ព័ន្ធនឹងការដកហូតយកលេខទូរស័ព្ទ និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) បានចេញសេចក្តីណែនាំនៅថ្ងៃទី១៤ សីហា ទៅប្រតិបត្តិករផ្តល់សេវាទូរស័ព្ទចល័តត្រូវកំណត់រយៈពេល នៃការបន្តបើកដំណើរការលេខទូរស័ព្ទ ចល័តរបស់អ្នកប្រើប្រាស់ ក្រោយពេលផុតសុពលភាពនៃទឹកប្រាក់ក្នុងគណនីគោល ដោយបែងចែកជាដំណាក់កាលដូចខាងក្រោម៖
ដំណាក់កាលទី១: ត្រូវកំណត់រយៈពេល ៦០ ( ហុកសិប) ថ្ងៃ សម្រាប់ផ្អាកជាបណ្តោះអាសន្ននូវការហៅទូរស័ព្ទចេញ ការផ្ញើសារខ្លី (SMS) ចេញ និងការប្រើប្រាស់ទិន្នន័យ។ អ្នកប្រើប្រាស់ អាចហៅទូរស័ព្ទចេញទៅកាន់លេខសង្គ្រោះបន្ទាន់ ១១៧ (នគរបាល) ១១៨ (រថយន្តពន្លត់អគ្គីភ័យ) និង ១១៩(រថយន្តសង្គ្រោះបន្ទាន់) ដោយឥតគិតថ្លៃ។
ដំណាក់កាលទី២ ត្រូវកំណត់រយៈពេល ៣០ (សាមសិប) ថ្ងៃ សម្រាប់ផ្អាកជាបណ្តោះអាសន្ននូវការហៅទូរស័ព្ទចេញនិងចូល ការផ្ញើសារខ្លី (SMS) ចេញនិងចូល និង ការប្រើប្រាស់ទិន្នន័យ។ អ្នកប្រើប្រាស់អាចហៅទូរស័ព្ទចេញទៅកាន់លេខ សង្គ្រោះបន្ទាន់ ១១៧ ( នគរបាល) ១១៨ (រថយន្តពន្លត់អគ្គិភ័យ) និង ១១៩ (រថយន្តសង្គ្រោះបន្ទាន់) ដោយឥតគិតថ្លៃ។
ដំណាក់កាលទី៣: ត្រូវបញ្ឈប់ដំណើរការនិងបន្តរក្សាទុកលេខទូរស័ព្ទចល័តរបស់អ្នកប្រើប្រាស់ ក្នុងរយៈពេល ៩០(កៅសិប) ថ្ងៃ។ ក្នុងរយៈពេលនេះ ម្ចាស់លេខទូរស័ព្ទចល័ត អាចស្នើសុំឱ្យប្រតិបត្តិករផ្តល់សេវាទូរស័ព្ទចល័ត បើកដំណើរការសាជាថ្មី។
ក. បន្ទាប់ពីដំណាក់កាលទី១ ដំណាក់កាលទី២ និងដំណាក់កាលទី៣ ខាងលើ ប្រតិបត្តិករផ្តល់ សេវាទូរស័ព្ទចល័តអាចដកហូតលេខទូរស័ព្ទចល័ត ដែលពុំមានការប្រើប្រាស់និងដាក់លក់ លេខទូរស័ព្ទនោះសាជាថ្មីឡើងវិញ។
ខ. ប្រតិបត្តិករផ្ដល់សេវាទូរស័ព្ទចល័ត ត្រូវមានកាតព្វកិច្ចរក្សាទុកកំណត់ត្រានៃអត្តសញ្ញាណ របស់គ្រប់អ្នកចុះឈ្មោះប្រើប្រាស់ទូរស័ព្ទចល័ត (ទាំងអ្នកចាស់និងអ្នកថ្មី) ព្រមទាំងត្រូវកំណត់ លក្ខខណ្ឌពាក់ព័ន្ធនឹងការណែនាំខាងលើនេះ ឱ្យបានច្បាស់លាស់ ក្នុងកិច្ចសន្យាជាវសេវា៕











