ដ្បិតថាប្រជាប្រិយភាពហាក់ធ្លាក់ចុះបន្តិចបន្ទាប់ពីមានរឿងអាស្រូវជាបន្តបន្ទាប់ទៅលើគ្រាប់ពេជ្រប្រចាំផលិតកម្មហ្គាឡាក់ស៊ី កញ្ញា តន់ ចន្ទសីម៉ា ក្តីប៉ុន្តែថ្មីៗនេះមហាជនអ្នកលេងបណ្តាញសង្គមផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីឃើញវីដេអូចែកចាយពេញអ៊ីនធឺណិតទៅលើតារាចម្រៀងស្រីរូបនេះមានអ្នកគាំទ្រយ៉ាងកក្រើកនៅក្នុងផ្សារទំនើបមួយ។
ជឿជាក់ថាមហាជនជ្រាបមកហើយជុំវិញរឿងអាស្រូវរបស់តារាចម្រៀង តន់ ចន្ទសីម៉ា ក្រោយពីចេញមុខការពារថៅកែផលិតកម្មរបស់ខ្លួនត្រូវមហាជនមួយភាគធំមិនពេញចិត្តនោះទេ។ ជាពិសេសផេកផ្លូវការរបស់តារាចម្រៀងរូបនេះបានតបតជាមួយអ្នកលេងបណ្តាញសង្គមដោយបានប្រើពាក្យសម្តីមិនសមរម្យជាហេតុកាន់តែធ្វើឱ្យមានការមិនពេញចិត្តខ្លាំងថែមទៀត។
បន្ទាប់ពីរឿងអាស្រូវកើតឡើងមហាជនបានសម្លឹងឃើញថា សន្ទុះប្រជាប្រិយភាពរបស់ តន់ ចន្ទសីម៉ា មានការធ្លាក់ចុះគួរឱ្យកត់សម្គាល់រហូតមានការលើកឡើងថា សីម៉ា មើលទៅពិបាកស្រោចស្រង់ប្រជាប្រិយភាពមកវិញណាស់ ឬមិនអាចមានការគាំទ្រខ្លាំងក្លាដូចកាលពីមុនទេ។
ទោះយ៉ាងណា មហាជនផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីឃើញវីដេអូចែកចាយពេញបណ្តាញសង្គមឃើញមានអ្នកគាំទ្រយ៉ាងច្រើនកុះករទៅទស្សនាការប្រគំតន្រ្តីមួយនៅផ្សារទំនើប Kmall ផ្លូវវែងស្រេងនាថ្ងៃទី១៣ ខែសីហា ។
នៅក្នុងវីដេអូនោះ មិនត្រឹមតែទីតាំងនៅពីមុខឆាកប៉ុណ្ណោះទេដែលមានមនុស្សណែនតាន់តាប់សូម្បីនៅជាន់ខាងលើការប្រគំតន្ត្រីក៏មានមនុស្សទស្សនាយ៉ាងច្រើនផងដែរ។ ឃើញមានការគាំទ្រយ៉ាងច្រើនបែបនេះហើយទៅលើតារាចម្រៀង តន់ ចន្ទសីម៉ា ដែលអាចបញ្ជាក់បានថា ប្រជាប្រិយភាពរបស់នាងហាក់អាចរក្សាបានទោះបីជាមានរឿងអាស្រូវមួយប្រាវក្តី៕
		
	









