Touring Data ដែលជាវេទិការាប់សំបុត្រផ្លូវការបានប្រកាសកាលពីពេលថ្មីៗនេះថាការប្រគំទេសចរណ៍ពិភពលោក «BORN PINK» របស់ BLACKPINK ជាមួយនឹងការប្រគំតន្រ្តីចំនួន ៤៨ Shows ក្នុងចំណោម ៦៤ Shows របស់ខ្លួន (១៦ Shows មិនទាន់ត្រូវបានរាយការណ៍) បានបង្កើតប្រវត្តិសាស្ត្រដោយការលក់សំបុត្រសរុបបានជាង ២០០ លានដុល្លារធ្វើឱ្យ BLACKPINK ក្លាយជាក្រុមចម្រៀងនារីដំបូងគេដែលសម្រេចបានស្នាដៃនេះ។
តាមការចុះផ្សាយរបស់សារព័ត៌មាន allkpop ថ្ងៃទី១២ ខែសីហា ក៏បានបញ្ជាក់ដែរថា ការប្រគំតន្រ្តីទេសចរណ៍ «BORN PINK» ទទួលបានកំណត់ត្រាជាដំណើរទេសចរណ៍លើកដំបូងដោយក្រុមចម្រៀងនារីនៅអាស៊ី ដែលរកចំណូលបានលើសពី ១០០ លានដុល្លារ ដោយទទួលបាន ១២៤.៤ លានដុល្លារពីចំនួន ២២ Shows ប៉ុណ្ណោះក្នុងចំណោម ២៨ Shows ដែលបានគ្រោងទុក។
របាយការណ៍ក៏បានលើកឡើងពីសមិទ្ធិផលដ៏សំខាន់មួយទៀតរបស់ BLACKPINK គឺការប្រគំតន្ត្រីរបស់ពួកគេនៅពហុកីឡដ្ឋានជាតិក្នុងប្រទេសសិង្ហបុរី ដែលជាផ្នែកនៃដំណើរទេសចរណ៍ «BORN PINK» របស់ពួកគេ បានបង្កើតកំណត់ត្រាជាមួយនឹងប្រាក់ចំណូលសរុបចំនួន ៩.២២៦ លានដុល្លារ ក្លាយជាការប្រគំតន្ត្រីអាស៊ីដែលរកចំណូលបានខ្ពស់បំផុត ដោយមានការចូលរួមពីអ្នកទស្សនាចំនួន ៩៧,៩៧៧ នាក់ក្នុងរយៈពេល ២យប់ដែលបំពេញបានគ្រប់ 100% នៅកីឡដ្ឋានព្រមទាំងបានបំបែកកំណត់ត្រាពីមុនរបស់ BTS នៅកន្លែងដដែលក្នុងអំឡុងពេលប្រគំតន្រ្តី Love: Speak Yourself Tour ក្នុងឆ្នាំ ២០១៨ ដែលទាក់ទាញអ្នកទស្សនាចំនួន ៣៩,៩៤៦ នាក់ក្នុងរយៈពេល ១ យប់។ សមិទ្ធិផលនេះកំណត់ជាគំរូប្រវត្តិសាស្ត្រមួយផ្សេងទៀតសម្រាប់សកម្មភាពតន្ត្រីកូរ៉េខាងត្បូង។
មិនទាន់ចប់នោះទេ BLACKPINK បានក្លាយជាក្រុមចម្រៀងដែលរកចំណូលបានខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសថៃ ដោយរកបាន ៣៦.៣ លានដុល្លារ ពីការលក់សំបុត្របានចំនួន ២០៥,០០០ នៃចំនួន១០ Shows ចាប់តាំងពីឆ្នាំ២០១៩។ បន្ថែមពីលើនេះ BLACKPINK ក៏ជាសិល្បករ Kpop តែមួយគត់ដែលមានការប្រគំតន្រ្តីនៅកីឡដ្ឋាន Rajamangala ដោយសម្រេចបាននូវព្រឹត្តិការណ៍ដ៏សំខាន់នេះរកប្រាក់ចំណូលសរុបប្រមាណ១៥,៣៨០,៧០១ លានដុល្លារ ដែលបានរួមចំណែកយ៉ាងធំធេងដល់សេដ្ឋកិច្ច និងទេសចរណ៍របស់ប្រទេសថៃ៕










