ប្រទេសកូរ៉េខាងជើង ៖ លោក គឹម ជុងអ៊ុន មេដឹកនាំកំពូលប្រទេសកូរ៉េខាងជើងបានបន្ទោសមន្ត្រីរាជការថា ខ្វះភាពទទួលខុសត្រូវ និងការពារការខូចខាតដោយសារខ្យល់ព្យុះឈ្មោះ «ខាណុន» ដែលវាយប្រហារមកលើឧបទ្វីបកូរ៉េ កាលពីដើមខែសីហា ឆ្នាំ២០២៣ ។
សារព័ត៌មាន AFP បានចុះផ្សាយដោយផ្អែកតាមទិន្នន័យរបស់សារព័ត៌មាន KCNA របស់ប្រទេសកូរ៉េខាងជើង នៅថ្ងៃទី១៤ ខែសីហា ថា លោក គឹម ជុងអ៊ុន បានចុះពិនិត្យមើលដីស្រែលិចទឹករបស់កសិករនៅស្រុក Anbyeong ដែលស្ថិតនៅភាគខាងកើតប្រទេស ។ លោក គឹម ជុងអ៊ុន លើកឡើងថា នៅតំបន់នេះខូចខាតច្រើនជាងនៅតំបន់ផ្សេងទៀត ហើយការខូចខាតនេះបណ្តាលមកពីទម្លាប់ធ្វើការមិនទទួលខុសត្រូវរបស់អាជ្ញាធរប្រចាំតំបន់ ។
សារព័ត៌មាន KCNA បានដកស្រង់ពាក្យសម្តីរបស់លោក គឹម ជុងអ៊ុន ថា ៖ «មន្ត្រីរាជការក្នុងតំបន់នេះមិនដឹងពីវិធានការរបស់រដ្ឋាភិបាលទេ ។ ការមិនអនុវត្តតាមវិធានការបានធ្វើឱ្យនៅតំបន់នេះរងការខូចខាតច្រើនជាងតំបន់ផ្សេង» ។
ខ្យល់ព្យុះឈ្មោះ «ខាណុន» បានវាយលុកប្រទេសជប៉ុន មុននឹងវាតម្រង់មកឧបទ្វីបកូរ៉េ និងបានវាយលុកប្រទេសកូរ៉េខាងជើង កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ ដែលធ្វើឱ្យប្រទេសនេះមានភ្លៀងធ្លាក់ខ្លាំង ដូចគ្នានឹងប្រទេសកូរ៉េខាងត្បូងដែរ ។ ប្រទេសកូរ៉េខាងជើងបានចាត់វិធានការយ៉ាងសកម្ម ដើម្បីទប់ស្កាត់ជាមួយអាកាសធាតុមានលក្ខណៈធ្ងន់ធ្ងរខុសពីធម្មតា ហើយកូរ៉េខាងជើងក៏បានចាត់វិធានការកាត់បន្ថយការខូចខាតសេដ្ឋកិច្ចជាតិផងដែរ ។
កាលពីអតីតកាល ប្រទេសកូរ៉េខាងជើងធ្លាប់កើតគ្រោះទុរិ្ភក្ស ហើយពលរដ្ឋកូរ៉េខាងជើងបានស្លា.ប់អស់រាប់សែននាក់ ។ នៅខែកុម្ភៈ ឆ្នាំ២០២៣ គណបក្សការងារធ្លាប់បានប្រជុំគណៈកម្មការដឹកនាំបក្ស ដើម្បីដោះស្រាយបញ្ហាការខ្វះខាតចំណីអាហារ និងបញ្ហាកសិកម្មផងដែរ ៕
ប្រភព ៖ Bangkok biznews










