ថ្មីៗនេះបែកធ្លាយព័ត៌មានតារាសម្តែងជើងចាស់ លោក យុត្ថារា ឆានី លក់ដីខ្យល់ឱ្យអតិថិជនបន្ទាប់ពីមានការបង្ហោះចែកចាយព័ត៌មានពេញបណ្តាញសង្គម ខណៈសាមីខ្លួនចេញមកបញ្ជាក់ថាមិនមែនជារឿងពិត និងបានបន្ថែមទៀតថា បើយល់ថាលោកធ្វើខុសប្រទេសមានច្បាប់អាចប្តឹងលោកបាន។ មិនត្រឹមតែពលរដ្ឋជាអថិជនទិញដីរបស់តារាសម្តែងជើងចាស់រូបនេះប៉ុណ្ណោះទេ តែគេឃើញអតីតតារាសម្តែងជើងចាស់លោកស្រី កែវ កល្យាណ អតីតមិត្តរួមជំនាន់ជាមួយគ្នាចេញមកអះអាងដូចគ្នាមិនទាន់បានដីនៅឡើយតាំងពីឆ្នាំ២០១៩ ដែលខំបង់ផ្តាច់ជិត៦ម៉ឺនដុល្លារ។
កាលពីព្រឹកថ្ងៃទី១៣ ខែសីហា គណនីហ្វេកប៊ុកមួយមានឈ្មោះ « Seng Kim» ចេញមកបង្ហោះថា «ខំទុកចិត្ត និង ស្រលាញ់idol តាំងពីក្មេង ក៏នាំបងស្រីទៅទិញដី របស់idol បង់រំលោះបានជាង២ម៉ឺនដុល្លារ ប៉ុន្តែបែជាអត់មានដីទៅវិញ ដីដែលបានបង់នោះ ត្រូវគេព័ទ្ធរបងយកទៅវិញ ចាំidol ដោះ ស្រាយក៏មិនឃើញ សុំតែលុយដើមវិញឬ ដូរដីផ្សេងក៏បាន ប៉ុន្តែអត់មានដំណោះស្រាយ ឱ្យចាំហើយចាំទៀត សូមបងប្អូនជួយស៊ែរឱ្យ លោកពូ យុត្ថារា ឆានី បានឃើញផង បងខ្ញុំខំប្រឹងធ្វើការណាស់ដើម្បីយកលុយទៅបង់ឱ្យលោកពូរាល់ខែ មិនដែលយឺត សូម្បី១ថ្ងៃ សូមបងប្អូនជួយស៊ែរឱ្យគាត់ឃើញផង»។
បន្ទាប់ពីដំណឹងនេះសាយភាយពេញបណ្តាញសង្គមនៅល្ងាចថ្ងៃទី១៣ សីហា លោក យុត្ថារា ឆានី ចេញមកបង្ហោះសារថា«ខ្ញុំបាទ យុត្ថារា ឆានី សូមបដិសេធ រាល់ការចុះផ្សាយព័ត៌មានមិនពិត ។ ប្រទេសមានច្បាប់ បើយល់ថាខ្ញុំខុស សូមធ្វើតាមច្បាប់រៀងខ្លួន»។
បន្ទាប់ពីបដិសេធថាមិនបានលក់ដីខ្យល់ឱ្យអតិថិជនហើយ ងាកទៅកាន់អតីតតារាជើងចាស់ដ៏ល្បីលោកស្រី កែវ កល្យាណ វិញដែលត្រូវជាមិត្តរួមជំនាន់សិល្បៈរបស់លោកយុត្ថារា ឆានី ក៏ចេញមកអះអាងដែរថាខ្លួនបានទិញដីតាំងពីឆ្នាំ២០១៩ ដោយបានបង់ផ្តាច់ជិត៦ម៉ឺនដុល្លារ តែនៅមិនទាន់បានដូចគ្នា។
សំណេររបស់លោកស្រី កែវ កល្យាណ បានសរសេរថា «បើខ្ញុំវិញ ជិត៦ម៉ឺនដុល្លារ បង់លុយផ្តាច់អស់ តាំងមុនកូវីតទៀតហើយសន្យាកាត់ប្លង់រឹងបំបែកក្បាលដីឱ្យ ចាំរហូតមកដល់ឥលូវ នៅតែសន្យា ប្អូនអើយខ្ញុំធ្លាប់ថតជា១រាប់អាននិងទុកចិត្តជឿជាក់ខំជួយទិញតាមការអះអាងធានាសព្វគ្រប់ មិត្តឆានី បើបានឃើញហើយគួរជួយដោះស្រាយតាមសន្យាដោយការគួរផងលុយញើសឈាមណាមិត្ត ហើយខ្ញុំបាននាំមិត្តភក្រ័យើងសិល្បៈជាច្រើនទិញអីឡូវពួកគាត់ពិបាកចិត្តតឹងទ្រូង យំមិនចេញទេ ពួកគាត់បបួលខ្ញុំប្តឹងនិងបង្ហោះហ្វេកប៊ុក តែខ្ញុំនិងមិត្តអម្ពរទេវី ថាកុំទាន់ចាំមើលគាត់ដោះស្រាយសិន ចឹងសូមឆានី ជួយដោះស្រាយឱ្យបានឆាប់ផង កុំពន្យារពេលយូរទៀតអី ព្រោះយូរឆ្នាំហើយតាំងពីដើមឆ្នាំ ២០១៩ ម្ល៉េះ»៕


		
	









