នៅថ្ងៃទី១០ សីហា នេះវត្តមានរបស់ វណ្ណដា និងក្រុមការងារបានបង្ហាញសកម្មភាពចូលរួមចំណែកជួយក្នុងសង្គមសម្រាប់កុមារអូទីស្សឹមនៅវិទ្យាល័យអប់រំពិសេសតាខ្មៅ ខេត្តកណ្តាល ពិតជាធ្វើឱ្យមហាជនរំភើបចិត្តជំនួស ដែលសកម្មភាពនេះធ្វើឱ្យកុមារៗនៅទីនោះពោរពេញដោយអារម្មណ៍រីករាយពេលបានជួបជាមួយតារាចម្រៀងរូបនេះ។
នៅលើវីដេអូដែលបានបង្ហោះនៅលើបណ្តាញសង្គមទិកតុកនាល្ងាចថ្ងៃទី១០ សីហា គេសង្កេតឃើញថាកុមារអូទីស្សឹមបានច្រៀងលេងសប្បាយរីករាយជាមួយ វណ្ណដា នៅបទចម្រៀង «កំលោះស្រុកខ្មែរ » ហើយមានកុមារនៅទីនោះថែមទាំងច្រៀងបទរបស់ វណ្ណដា ឱ្យម្ចាស់បទស្តាប់ទៀតផង។
មិនត្រឹមតែប៉ុណ្ណោះ វណ្ណដា ក៏បានអានរឿងនិទានឱ្យក្មេងៗនៅទីនោះស្តាប់ផងដែរ ដែលមើលពិតជាមានក្តីសុខណាស់ពេលបានធ្វើទង្វើដល់ល្អជួយឱ្យកុមារមានជំងឺអូទីស្សឹមកាន់តែមានភាពរីករាយពេញដោយសេចក្តីស្រលាញ់។
គួរបញ្ជាក់ផងដែរថា សកម្មភាពមនុស្សធម៌ខាងលើនេះមានឈ្មោះ “Journey From The Heart”៕
		
	









