ប្រទេសថៃ ៖ សារព័ត៌មានប្រទេសថៃបានចុះផ្សាយថា ព្រះចៅអធិការវត្តស៊ែងធម្មគីរី នៅខេត្តឆាក់ឈឺងសៅ បានបណ្តេញព្រះសង្ឃ លោកនេន និងក្មេងវត្ត ឱ្យចេញពីវត្តទាំងយប់ បន្ទាប់ពីក្រុមព្រះសង្ឃទាំងនេះចោទប្រកាន់ថា ព្រះចៅអធិការវត្តគ្មានតម្លាភាពរឿងប្រាក់បុណ្យកឋិន ហើយព្រះចៅអធិការរូបនេះបានបាត់ខ្លួនពីវត្តអស់រយៈពេលជាច្រើនខែ និងត្រឡប់មកវត្តវិញនៅខែកក្កដា ឆ្នាំ២០២៣ ។ ប៉ុន្តែនៅពេលមានការតវ៉ាទៅព្រះសង្ឃថ្នាក់សង្កាត់ ស្រាប់តែចេញលិខិតបណ្តេញលោកសង្ឃដែលតវ៉ាទាំងអស់ឱ្យចេញពីវត្ត ។

ក្រោយមក ព្រះចៅអធិការវត្តស៊ែងធម្មគីរី ព្រះនាម ព្រះផៃសាន វិសាឡូ បានបកស្រាយថា ព្រះសង្ឃ និងលោកនេន ដែលបានល្បីល្បាញក្នុងប្រព័ន្ធផ្សព្វផ្សាយនេះ បានបើករថយន្តទៅបិណ្ឌបាត្រនៅខេត្តផ្សេងតាំងពីម៉ោង៣ភ្លឺ ហើយបច្ច័យ និងរបស់របរដែលបានមក មិនព្រមបែងចែកឱ្យវត្តទេ ។ ពេលខ្លះ ព្រះសង្ឃទាំងនេះបានយករបស់របរដែលទទួលបានទៅលក់ចែកលុយគ្នា ហើយចៅអធិការវត្តមិនបានបណ្តេញចេញពីវត្តទេ ។ រីឯរឿងប្រាក់បុណ្យកឋិន គឺមានឯកសារបញ្ជាក់ពីចំណូល និងចំណាយច្បាស់លាស់ ។ ចំណែករឿងដែលព្រះសង្ឃទាំងនេះលើកឡើងថា ចៅអធិការវត្តបាត់ខ្លួនអស់ជាច្រើនខែនោះ ដោយសារចៅអធិការវត្តមានជំងឺ ។ ដូច្នេះ ត្រូវការសម្រាកព្យាបាល និងផ្អាកការងារបណ្តោះអាសន្នសិន ។

ព្រះគ្រូសិទ្ធិ ធម្មាថានី ជាព្រះសង្ឃថ្នាក់សង្កាត់ខៅហ៊ិនសន បានចេញលិខិត១ច្បាប់ ចុះថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ អំពីការបង្កើតគណៈកម្មការត្រួតពិនិត្យមួយ ដើម្បីស្វែងរកខុសត្រូវរវាងព្រះចៅអធិការវត្ត ព្រះនាមព្រះផៃសាន វិសាឡូ និងព្រះសង្ឃព្រះនាម ណុបផាឌុន សុឆាតូ ។ ការប្រជុំរកដំណោះស្រាយបានសម្រេចថា ឱ្យព្រះសង្ឃព្រះនាម ណុបផាឌុន សុឆាតូ, ព្រះសង្ឃ វ៉ាយិ និងព្រះសង្ឃ អនុស័ក្តិ ត្រឡប់ទៅគង់នៅវត្តវិញ ។

ការប្រជុំរកដំណោះស្រាយនេះ មុនដំបូង ការជជែកគ្នារវាងភាគីទាំងសងខាងមិនសូវចូលសាច់រឿងទេ ហើយព្រះសង្ឃចំនួន៣អង្គដែលត្រូវបានបណ្តេញចេញពីវត្ត ត្រូវរងការដាក់សម្ពាធអំពីបញ្ហានាំគ្នាចេញពីវត្តកណ្តាលយប់ រហូតដល់សារព័ត៌មាននានាចុះផ្សាយ ។ ប៉ុន្តែព្រះសង្ឃ ណុបផាឌុន លើកហេតុផលថា មិនមែនព្រះសង្ឃនាំគ្នាចេញពីវត្តកណ្តាលយប់ទេ ប៉ុន្តែព្រះសង្ឃត្រូវបានបណ្តេញចេញពីវត្ត ។

ក្រោយមក ភាគីទាំងសងខាងបានជជែកគ្នាអំពីបញ្ហា និងព្រមព្រៀងថា ព្រះសង្ឃទាំង៣អង្គ និងលោកនេន ត្រូវហាមឃាត់ចេញទៅបិណ្ឌបាត្រនៅតំបន់ផ្សេង ឬបើទៅបំពេញការងារអ្វីមួយ ត្រូវតែជូនដំណឹងទៅព្រះសង្ឃគ្រប់លំដាប់ថ្នាក់ ។ ចំណែកចៅអធិការវត្តស៊ែងធម្មគីរី ព្រះនាម ព្រះផៃសាន វិសាឡូ យល់ព្រមចាកចេញពីវត្តនេះ ហើយទៅគង់នៅវត្តក្នុងខេត្តឆាក់ឈឺងសៅ ៕  ប្រភព ៖ amarin news