រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសថានាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ៥:៣០នាទីព្រឹក មានកូនផ្សោតញី១ក្បាល ប្រវែង១,០១ម៉ែត ទម្ងន់១៤,៤គីឡូក្រាម អាយុប្រមាណ២ខែ បានងា.ប់ដោយជាប់មង នៅភូមិពាម ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល។

នៅក្នុងសេចក្តីប្រកាសដដែលបានបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២២ សត្វផ្សោតមានចំនួន៩០ក្បាល រស់នៅក្នុងទន្លេមេគង្គខេត្តក្រចេះ និងស្ទឹងត្រែង នៃតំបន់ គ្រប់គ្រងនិងការពារសត្វផ្សោតទន្លេមេគង្គ ដែលមានប្រវែង១៨០គីឡូម៉ែត្រ។ ចាប់ពីដើមឆ្នាំ២០២៣ មកទល់បច្ចុប្បន្ន សត្វផ្សោតកើតថ្មីមានចំនួន៥ក្បាល និងមានងាប់៣ក្បាល នាំឱ្យចំនួនសត្វផ្សោតសរុបមានចំនួន៩២ក្បាល។

ក្រសួងក៏បានបញ្ជាក់ថានៅរដូវទឹកដំឡើង សត្វផ្សោតតែងតែបន្លាស់ទីចេញពីអន្លង់ដើម្បីតាមហ្វូងត្រីដែលជាចំណី។ តាមការស្រាវជ្រាវលក្ខណៈជីវសាស្ត្រ កូនផ្សោតរស់នៅជាមួយមេ និងបៅដោះរយៈពេលប្រមាណ១ឆ្នាំ។ ហេតុដូច្នេះ កូនផ្សោតដែលប្រទះឃើញងាប់នេះ ទំនងជាបានផ្លាស់ទីតាមមេរបស់វា ឬជាមួយផ្សោតផ្សេងទៀត ពីទន្លេមេគង្គលើ ក្នុងភូមិសាស្ត្រខេត្តក្រចេះ និងស្ទឹងត្រែង មកដល់ខេត្តកណ្តាល ហើយត្រូវជាប់មងងាប់។

ជាមួយគ្នានេះដែរ រដ្ឋបាលជលផលបានអំពាវនាវដល់អ្នកនេសាទនៅតាមដងទន្លេមេត្តាជួយឃ្លាំមើល និងចូលរួមថែរក្សាការពារសត្វផ្សោតដែលជារតនៈសម្បត្តិធម្មជាតិមានជីវិតដ៏ពិសិដ្ឋរបស់កម្ពុជានិងពិភពលោក។ ក្នុងករណីដែលប្រជាពលរដ្ឋ ជាពិសេសអ្នកនេសាទតាមដងទន្លេ ប្រទះឃើញវត្តមានសត្វផ្សោត សូមផ្ដល់ព័ត៌មានដល់សមត្ថកិច្ចហើយប្រសិនបើមានសត្វផ្សោតជាប់មង ត្រូវជួយអន្តរាគមន៍ដោះលែងជាបន្ទាន់ និងផ្ដល់ព័ត៌មានដល់មន្ត្រីជំនាញជលផលដែលនៅជិតបំផុត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKKOZh8SLOum4KTkw7I2iF-tYNMJVod5gvwkod_bwoYgjGeXZ_JCsN23Bx6IBLz1xkSwhaur8R_U6inUQnfHdkYCMdvW7vDIiodKMGCFL7pNIqP15vEA_FkIfrGOxLc2lSvBX2imnw1WVW6EWldUekoz-FJksISHgXotiPF3Z2oZyrE--gTDHa-fFU0Vs/s1280/66.jpg