កូរ៉េខាងត្បូង៖ យោងតាមប្រភពព័ត៌មាន AllKpop កាលពីថ្ងៃទី៨ ខែសីហា ផលិតកម្ម SM Entertainment បានបង្ហាញការបង្ហោះមួយដែលគំរាមកំហែងដល់សុវត្ថិភាពរបស់ Winter សមាជិកក្រុម Aespa។ ក្នុងការបង្ហោះនោះគេសរសេរថា “ខ្ញុំនឹងចាក់ Aespa’s Winter ពេលនាងចេញទៅច្រៀងនៅថ្ងៃស្អែក ហើយខ្ញុំនឹងសម្លាប់នាង”។ ដូច្នេះភ្លាមៗនោះ ខាងផលិតកម្ម SM បានដាក់ពាក្យបណ្ដឹងជាផ្លូវការជាមួយប៉ូលីស និងបានស្នើសុំការស៊ើបអង្កេត ទៅលើម្ចាស់គណនីយដែលបានបង្ហោះនោះ។
ផលិតកម្ម SM បាននិយាយថា “យើងបានរៀបចំសំណុំរឿងនឹងដាក់ពាក្យប្តឹងជាផ្លូវការប្រឆាំងនឹងអ្នកបង្ហោះនោះជាមួយប៉ូលីស ហើយបានស្នើសុំកិច្ចសហប្រតិបត្តិការស៊ើបអង្កេតភ្លាមៗហើយ” ។ ខាងផលិតកម្មក៏បានបន្តទៀតថា “យើងបានពង្រឹងបុគ្គលិកសន្តិសុខរួចរាល់អស់ហើយ ក្នុងអំឡុងពេលនៃការចាកចេញរបស់ក្រុម Aespa ដើម្បីធានាបាននូវការចាកចេញប្រកបដោយសុវត្ថិភាព តាមរយៈការសម្របសម្រួលជាមួយបុគ្គលិកសន្តិសុខ និងប៉ូលីសអាកាសយានដ្ឋាន”។ ប៉ូលីសក៏បានទទួលរបាយការណ៍ជាច្រើននាពេលថ្មីៗនេះផងដែរ ពួកគេបានទៅមើលទីស្នាក់ការភ្នាក់ងាររបស់យើង កាលពីម្សិលមិញ និងថ្ងៃនេះ ដើម្បីពិនិត្យមើលលក្ខខណ្ឌសុវត្ថិភាព។ យើងនឹងបន្តធ្វើឱ្យអស់ពីសមត្ថភាពដើម្បីការពារសុវត្ថិភាពសិល្បកររបស់យើង។
គួរបញ្ជាក់ដែរថា Aespa គឺជាក្រុមនារី K-pop ដ៏ល្បីមួយដែលមានសមាជិកបួននាក់គឺ Winter, Karina, NingNing, និង Giselle ដែលស្ថិតនៅក្រោមផលិតកម្ម SM Entertainment៕










