នៅថ្ងៃទី៨ សីហា ២០២៣ នេះគឺជាខួប៧ឆ្នាំហើយក្រុមចម្រៀងដ៏មានឥទ្ធិពល BLACKPINK បានបង្ហាញខ្លួនជាផ្លូវការរបស់ពួកគេកាលពីឆ្នាំ២០១៦។ រយៈពេល៧ឆ្នាំមកនេះពួកគេមានអនុស្សាវរីយ៍ជាច្រើនចំពោះគ្នា ជាពិសេស Blinks (អ្នកគាំទ្រ BLACKPINK ) ជុំវិញពិភពលោកដែលបានរួមដំណើរជាមួយពួកគេកន្លងមកនេះមិនថាសប្បាយឬកើតទុក្ខហើយក៏ជាផ្នែកមួយដែលធ្វើឱ្យ BLACKPINK ឈរជើងលើវិស័យ K-Pop យ៉ាងខ្លាំងក្លា។
ជាមួយការដឹងគុណ និងបង្ហាញសេចក្តីស្រឡាញ់ចំពោះគ្នាទៅវិញទៅមកសមាជិកទាំង៤នៃក្រុម BLACKPINK ក៏បានបង្ហោះនូវអារម្មណ៍របស់ពួកគេក្នុងថ្ងៃពិសេសនេះផងដែរនៅលើគណនី IG របស់ពួកគេរៀងខ្លួនៗ។
Jisoo ដែលទើបមានគូស្នេហ៍ថ្មោងថ្មីនេះបានសរសេរយ៉ាងខ្លីថា «BLINK BLACKPINK ជារៀងរហូត» ហើយបានចែករំលែករូបថតគួរឱ្យស្រលាញ់ដែលថតចេញពីកន្លែងថតរូបជាមួយសមាជិកផ្សេងទៀត។ ចំណែកសមាជិកដ៏ខ្យូតគួរឱ្យស្រលាញ់ Jennie វិញបានសរសេរថា «7 Years with blackpink I love us I love Blackpink I love Blinks»។
ងាកទៅសមាជិក Rosé វិញបានសរសេរសារវែងជាងគេក្នុងចំណោមសមាជិកដទៃទៀតដោយភ្ជាប់ជាមួយរូបថតរបស់ពួកគេកាលពីក្មេងៗទៀតផង។ Rosé បានសរសេរថា «អរគុណ Blackpink ដែលផ្តល់ពរជ័យបែបនេះក្នុងជីវិតរបស់ខ្ញុំ។ ខ្ញុំពិតជាអាចទទួលបានបទពិសោធន៍គ្រប់យ៉ាង និងលើសពីអ្វីដែលខ្ញុំធ្លាប់ស្រមៃធំឡើងចង់ក្លាយជាសិល្បករម្នាក់។ សូមអរគុណ អរគុណ និងអរគុណរាប់ពាន់ដងដល់ Blackpink, Blinks, Teddy, YG entertainment និងអ្នកផ្សេងទៀតដែលជឿលើពួកគេអស់រយៈពេលប្រាំពីរឆ្នាំមកនេះ។
បេះដូងរបស់ខ្ញុំពោរពេញដោយភាពរីករាយអរគុណអ្នកច្រៀងទាំងអស់ដែលបានជាផ្នែកមួយនៃដំណើររយៈពេល៧ឆ្នាំនេះជាមួយពួកយើងទាំងបួននាក់ Blackpink មានអាយុប្រាំពីរឆ្នាំជាផ្លូវការហើយនៅថ្ងៃនេះ។ ហើយខ្ញុំមានមោទនភាពយ៉ាងខ្លាំងចំពោះពួកយើងទាំងអស់គ្នាដែលបានបង្កើតប្រវត្តិសាស្ត្រ តែងតែមានភាពសប្បាយរីករាយ និងមោទនភាពជាមួយនឹងអ្វីដែលយើងធ្វើ។ សូមអរគុណដល់ blinks របស់យើងសម្រាប់ការជឿជាក់លើពួកយើងទាំងអស់គ្នា»។
សម្រាប់សមាជិកចុងក្រោយវិញ Lisa បានសរសេរថា«រីករាយខួបគម្រប់ ៧ ឆ្នាំរបស់ខ្ញុំ និងនារីដ៏អស្ចារ្យទាំង ៣ នាក់របស់ខ្ញុំ blackpink 7 គឺជាលេខដែលខ្ញុំចូលចិត្តបំផុត ហើយខ្ញុំសង្ឃឹមថាឆ្នាំនេះនឹងមានសំណាងសម្រាប់ពួកយើង Love you girls and blinks so much»៕










