បញ្ហាមករដូវមិនទៀងទាត់ វាជារឿងដែលអាចកើតមានចំពោះស្ត្រីគ្រប់រូប ព្រោះការមករដូវអាស្រ័យលើឥរិយាបថ និងស្ថានភាពរាងកាយរបស់ស្ត្រីម្នាក់ៗ។ ដូច្នេះហើយខាងក្រោមនេះគឺជាមូលហេតុ ៧ យ៉ាងដែលធ្វើឱ្យរដូវមិនទៀងទាត់ នឹងជាមូលហេតុដែលស្ត្រីគ្រប់រូបត្រូវយកចិត្តទុកដាក់៖
១.មានភាពតានតឹង៖ ការដែលមានភាពតានតឹង ឬស្ត្រេសក៏ជាកត្តាសំខាន់មួយក្នុងការមករដូវមិនទៀងទាត់។ ដោយសារតែភាពតានតឹង អាចធ្វើឱ្យខួរក្បាលបញ្ជូនអ័រម៉ូនខុសប្រក្រតី និងធ្វើឱ្យរាងកាយមិនបញ្ចេញពងអូវុល ព្រមទាំងធ្វើឱ្យវដ្តរដូវមានភាពខុសប្រក្រតី។
២.ទម្ងន់ផ្លាស់ប្តូរយ៉ាងឆាប់រហ័ស៖ នៅពេលដែលរាងកាយរបស់ក្មេងស្រី មានការប្រែប្រួលយ៉ាងឆាប់រហ័សនៃទម្ងន់ ពោលគឺការកើនឡើងឬថយចុះនៃទម្ងន់ភ្លាមៗក្នុងរយៈពេលខ្លី វានឹងធ្វើឱ្យអ័រម៉ូនខុសប្រក្រតីក្នុងខ្លួន ព្រមទាំងនាំឱ្យមានរដូវមិនទៀងទាត់ផងដែរ។
៣.ការលេបថ្នាំ៖ ថ្នាំមួយចំនួនក៏រួមចំណែកដល់ការមករដូវមិនទៀងទាត់ផងដែរ ជាពិសេសថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត និងថ្នាំដទៃទៀត ដែលថ្នាំទាំងនេះ រួមចំណែកដល់ការខ្វះរដូវ ឬអាចធ្វើឱ្យរដូវរបស់អ្នកមកញឹកញាប់ខុសធម្មតាទៀតផង។
៤.ការជក់បារី៖ ការជក់បារីធ្វើឱ្យស្ត្រីមានហានិភ័យខ្ពស់ក្នុងការកើតរោគសញ្ញា PMS ហើយវាក៏ធ្វើឱ្យវដ្តរដូវខ្លីជាង និងមានភាពមិនប្រក្រតីច្រើនជាងអ្នកមិនជក់បារី។
៥.ផឹកស្រាក្នុងបរិមាណច្រើន៖ ការប្រើគ្រឿងស្រវឹងច្រើនពេកអាចបង្កើនកម្រិតអ័រម៉ូនអេស្ត្រូសែន និងតេស្តូស្តេរ៉ូន ដែលប៉ះពាល់ដល់ការបញ្ចេញពងអូវុល និងធ្វើឱ្យមានរដូវមិនទៀងទាត់។
៦.ការហាត់ប្រាណច្រើនពេក៖ ការធ្វើលំហាត់ប្រាណខ្លាំងពេក ឬធ្វើលំហាត់ប្រាណជាច្រើនម៉ោងជាប់ៗគ្នា នឹងប៉ះពាល់អវិជ្ជមានដល់អរម៉ូនដែលពាក់ព័ន្ធនឹងការមករដូវ ហើយក៏ធ្វើឱ្យជាតិខ្លាញ់ក្នុងខ្លួនថយចុះក្នុងបរិមាណច្រើនផងដែរ។
៧.ការឆ្លងមេរោគមួយចំនួន៖ ការឆ្លងមេរោគឬជំងឺមួយចំនួនក៏រួមចំណែកដល់វដ្តរដូវរបស់ស្ត្រីផងដែរ ព្រោះមេរោគទាំងនោះនឹងរួមចំណែកដល់ការមិនចេញឈាម ដែលជាហេតុធ្វើឱ្យវដ្តរដូវរបស់ស្ត្រីមិនទៀងទាត់៕ ប្រភព៖sanook










