ប្រទេសថៃ ៖ សម្រាប់អ្នកមានឱកាសបានទៅកម្សាន្តនៅកោះឆាង ប្រទេសថៃ និងធ្លាប់ឃើញសណ្ឋាគារកប៉ាល់ដ៏ធំមួយត្រូវបានគេបោះបង់ចោលនៅលើកោះឆាង ពួកគេអាចសង្ស័យថា តើកប៉ាល់នេះជាកន្លែងអ្វីឱ្យប្រាកដ ហើយហេតុអ្វីបានជាវាមានទីតាំងនៅទីនេះ ? ការពិត កាលពីមុន កប៉ាល់នេះ គឺជាសណ្ឋាគារកប៉ាល់មានឈ្មោះថា «Koh Chang Grand Lagoona» ស្ថិតនៅឆ្នេរខ្លងឃ្លយ ឃុំកោះឆាង ស្រុកកោះឆាង ខេត្តត្រាត ។
ក្រោយពីសណ្ឋាគារកប៉ាល់បិទទ្វារមិនទទួលភ្ញៀវទេសចរកាលពីប៉ុន្មានឆ្នាំមុន បានធ្វើឱ្យផ្នែកខាងក្នុងសណ្ឋាគារ និងបរិវេណនៅក្បែរៗមានសភាពស្ងប់ស្ងាត់ ហើយវាបានបង្កើតនូវរឿងរ៉ាវគួរឱ្យព្រឺសម្បុរ ដោយសារមានការលងបន្លាចមនុស្សជាច្រើននាក់ដែលរស់នៅក្បែរៗនេះ ។ អ្នកស្រុកបានហៅសណ្ឋាគារនេះថា សណ្ឋាគារកប៉ាល់ត្រូវគេបោះបង់ចោល ឬ Ghost Ship ។ មនុស្សមួយចំនួនបានចូលមើលក្នុងសណ្ឋាគារកប៉ាល់ ហើយពួកគេបានជួបនូវបទពិសោធន៍ប្លែកៗទៀតផង ដូច្នេះ ទើបគេចាត់ទុកថា វាជាកន្លែងដ៏អាថ៌កំបាំងបំផុតនៅប្រទេសថៃ ។.jpg)
បច្ចុប្បន្ន សណ្ឋាគារកប៉ាល់នៅលើកោះឆាង ត្រូវបានគេកែលម្អសម្រាប់ធ្វើជាកន្លែងទេសចរណ៍ ហើយអាជ្ញាធរប្រចាំតំបន់នេះនឹងយកប្រាក់ចំនួន១០០បាតពីភ្ញៀវទេសចរចង់ដើរទស្សនានៅបរិវេណជុំវិញកប៉ាល់ ហើយពួកគេនឹងប្រមូលប្រាក់បន្ថែមចំនួន៥០បាតទៀត គឺសរុបចំនួន១៥០បាតសម្រាប់ភ្ញៀវទេសចរចូលទស្សនាបរិវេណខាងក្នុងកប៉ាល់ ។.jpg)
បរិយាកាសផ្នែកខាងក្នុងកប៉ាល់នេះ នៅតែមានលក្ខណៈជាសណ្ឋាគារដូចមុន ក្នុងនោះគេឃើញមានបន្ទប់ប្រជុំ បន្ទប់អាហារ និងបន្ទប់សម្រាក សរុបទាំងអស់ចំនួន២០០បន្ទប់ ។ បើភ្ញៀវទេសចរណាចង់ទទួលបានបទពិសោធន៍ខ្មោចលងគួរឱ្យព្រឺសម្បុរបំផុតនៅកន្លែងដ៏ល្បីល្បាញនេះ ពួកគេអាចមកកម្សាន្តនៅសណ្ឋាគារកប៉ាល់ កោះឆាង ប្រទេសថៃ ៕
ប្រភព ៖ sanook










