ប្រទេសថៃ ៖ សម្រាប់អ្នកចង់នាំក្រុមគ្រួសារទៅកម្សាន្តនៅតំបន់ដែលមានបរិយាកាសធម្មជាតិស្រស់បំព្រង និងសម្បូរទៅដោយម្ហូបអាហារជាច្រើនមុខ គួរតែទៅកម្សាន្តនៅផ្សារបណ្តែតទឹកប្រទេសថៃ ព្រោះកន្លែងនេះអាចបំពេញតម្រូវការ និងចំណង់ចំណូលចិត្តរបស់ភ្ញៀវទេសចរ ។ ភ្ញៀវទេសចរទាំងឡាយអាចបណ្តែតអារម្មណ៍យ៉ាងសប្បាយរីករាយ ខណៈពួកគេបានអង្គុយមើលខ្សែទឹកហូរតាមកម្លាំងខ្យល់ ព្រមទាំងបរិភោគអាហារឆ្ងាញ់ៗ ។

នេះជាផ្សារបណ្តែតទឹកចំនួន៥កន្លែង ដែលបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ រួមមាន ៖
១-ផ្សារបណ្តែតទឹក អយុធ្យា (Ayothaya) ៖
ផ្សារនេះមានទីតាំងស្ថិតនៅទីក្រុងចាស់ ហើយគេបង្កើតឡើងសម្រាប់ធ្វើជាកន្លែងទេសចរណ៍អភិរក្សសិល្បៈ និងវប្បធម៌ថៃ ដែលមានតាំងពីសម័យក្រុងអយុធ្យា ជារាជធានី ដោយគេបានបង្ហាញពីស្ថាបត្យកម្ម ការតុបតែងខ្លួន រួមទាំងម្ហូបអាហារបុរាណផងដែរ ។ ភ្ញៀវទេសចរអាចដើរកម្សាន្តនៅបរិវេណជុំវិញយ៉ាងងាយស្រួល ខណៈផ្សារបណ្តែតទឹកនេះបើកទទួលភ្ញៀវទេសចររៀងរាល់ថ្ងៃ ។Ayutthaya Floating Market | Ayothaya Floating Market of Thailand

២-ផ្សារបណ្តែតទឹក ឃ្លងឡាត ម៉ាយ៉ម (Khlong Lat Mayom) ៖
ផ្សារបណ្តែតទឹកនេះមានទីតាំងនៅមាត់ប្រឡាយ Lat Mayom ក្នុងតំបន់តាលីងឆាន់ ទីក្រុងបាងកក ។ កាលពីសម័យមុន អ្នកស្រុករស់នៅទីនេះបានធ្វើដំណើរតាមទឹកភាគច្រើន ប៉ុន្តែការធ្វើដំណើរតាមទឹកក៏បានបាត់បង់ ដោយសារការធ្វើដំណើរតាមផ្លូវផ្សេងមានភាពងាយស្រួលជាង ។ ក្រោយមក ផ្សារបណ្តែតទឹកនេះត្រឡប់មកល្បីល្បាញម្តងទៀត ខណៈអ្នកស្រុកចង់រកប្រាក់ចំណូលបន្ថែម ព្រោះជាទូទៅ ពួកគេប្រកបរបរកសិកម្ម ។ ហេតុនេះ អ្នកស្រុកក៏បានយករបស់របរមកលក់ក្នុងផ្សារនេះ រហូតដល់មានគេស្គាល់ច្រើន ។Khlong Lat Mayom Floating Market

លើសពីនេះ ផ្សារបណ្តែតទឹក Khlong Lat Mayom បានរៀបចំកម្មវិធីជាច្រើនដូចជា ការជ្រើសរើសទិញទំនិញ និងម្ហូបអាហារផ្សេងៗ, អង្គុយលើទូកគយគន់មើលជីវភាពរស់នៅរបស់អ្នកស្រុកនៅតាមប្រឡាយ, រៀនសូត្រពីកសិកម្មចម្រុះ និងទស្សនាសារមន្ទីរកប៉ាល់គំរូ ។ ផ្សារបណ្តែតទឹកនេះបើកទទួលភ្ញៀវទេសចរនៅរៀងរាល់ថ្ងៃសៅរ៍ និងអាទិត្យ និងថ្ងៃឈប់សម្រាកផ្សេងៗ ។

៣-ផ្សារបណ្តែតទឹក អាំផាវ៉ា (Amphawa) ៖
ផ្សារបណ្តែតទឹកនេះបានបង្ហាញពីជីវភាពរស់នៅរបស់ពលរដ្ឋថៃនៅតាមប្រឡាយ និងជាកន្លែងជំរុញវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព ។ ផ្សារនេះមានទីតាំងស្ថិតនៅខេត្តសមុទ្រសង់ក្រាម និងបើកនៅរៀងរាល់ល្ងាចថ្ងៃសុក្រ រហូតដល់ថ្ងៃអាទិត្យ ។ ផ្សារនេះមានហាងលក់ទំនិញបែបស្ថាបត្យកម្មបុរាណនៅតាមមាត់ប្រឡាយ ហើយពេលល្ងាច គេនឹងបានឃើញអ្នកស្រុកអុំទូកដឹកម្ហូបអាហារ និងបង្អែម នំចំណីជាច្រើនមុខមកលក់ឱ្យភ្ញៀវទេសចរ ។Amphawa Floating Market

ក្រៅពីនេះ នៅផ្សារទឹក Amphawa ក៏មានសេវាកម្មឱ្យភ្ញៀវទេសចរជិះទូកកម្សាន្តមើលអំពិលអំពែកពេលយប់ផងដែរ ។ ការជិះទូកកម្សាន្ត គឺជាសកម្មភាពមួយដែលល្បីល្បាញនៅទីនេះ ហើយបើភ្ញៀវទេសចរណាខ្លាចថា ការមកកម្សាន្តនៅទីនេះយប់ងងិតខ្លាំងពេក ហើយធ្វើដំណើរលំបាកនោះ ពួកគេអាចសម្រាកនៅទីនេះបាន ព្រោះផ្សារនេះមានបន្ទប់ស្នាក់នៅជាច្រើនបែបសម្រាប់ភ្ញៀវទេសចរផងដែរ ។

៤-ផ្សារបណ្តែតទឹក ដាំណឺន សាឌួក (Damnoen Saduak) ៖
ផ្សារបណ្តែតទឹក Damnoen Saduak ស្ថិតនៅខេត្តរាជបុរី ហើយជាផ្សារទឹកដែលរក្សាបាននូវរបៀបរស់នៅបែបប្រពៃណីជាយូរមកហើយ ។ រៀងរាល់ព្រឹក អ្នកស្រុកបានអុំទូកដឹកផលិតផលកសិកម្មរបស់ខ្លួនមកលក់ដូរតាមបែបសម័យបុរាណ ។ សកម្មភាពនេះបានទាក់ទាញភ្ញៀវទេសចរជាច្រើននាក់ ដែលចង់មកមើលឃើញដោយផ្ទាល់ភ្នែកពីការរស់នៅរបស់ពលរដ្ឋថៃមានផ្ទះនៅមាត់ទឹក ។ ផ្សារបណ្តែតទឹកនេះបើកទទួលភ្ញៀវទេសចរនៅពេលព្រឹក ហើយក្រៅពីមានផ្លែឈើ និងម្ហូបអាហារផ្សងៗលក់ហើយ នៅទីនេះក៏មានតំបន់ប្រជុំជនផ្សេងទៀតឱ្យភ្ញៀវទេសចររៀនសូត្រផងដែរ ដូចជា ការផលិតស្ករដូង ឬការជិះទូកកម្សាន្ត ហើយភ្ញៀវទេសចរអាចមកកម្សាន្តនៅទីនេះរៀងរាល់ថ្ងៃ ។Damnoen Saduak Floating Market

៥-ផ្សារបណ្តែតទឹក ក្វាងចូវ (Guangzhou) ៖
ផ្សារបណ្តែតទឹក Guangzhou គឺជាផ្សារស្ថិតនៅលើទឹកជ្រោះដំបូងគេក្នុងខេត្តពេជ្របុរី ប្រទេសថៃ ។ ផ្សារនេះមានទីតាំងនៅកណ្តាលព្រៃ និងមានបរិយាកាសត្រជាក់ត្រជុំ ។ កាលពីមុន នៅបរិវេណនេះមានទឹកជ្រោះធ្លាក់ ប៉ុន្តែត្រូវបានបំផ្លាញដោយប្រព័ន្ធអេកូឡូស៊ី ហើយធ្វើឱ្យតំបន់នេះកើតភាពរាំងស្ងួតយ៉ាងខ្លាំង ។ ក្រោយមក មានក្រុមនិស្សិតថៃចាប់អារម្មណ៍ពីការអភិវឌ្ឍតាមគម្រោងរបស់ព្រះមហាក្សត្រថៃ ហើយពួកគេក៏ចាប់ផ្តើមអភិវឌ្ឍន៍ទីនេះឱ្យក្លាយជាព្រៃខៀវស្រងាត់ឡើងវិញក្នុងរយៈពេលមិនយូរប៉ុន្មាន ។ตลาดน้ำกวางโจว เพชรบุรี ตลาดท่องเที่ยวดีๆ ที่น่าไป| หาตลาด

ហេតុនេះ ខាងឧទ្យានជាតិ ក៏បានរៀបចំតំបន់នេះធ្វើជាកន្លែងសម្រាប់ឱ្យពលរដ្ឋទូទៅមកសម្រាកលំហែ ។ បច្ចុប្បន្ន មានពលរដ្ឋបើកហាងលក់ម្ហូបអាហារ, កូនឈើ និងផលិតផលផ្សេងៗ ហើយចាន និងសម្ភារៈសម្រាប់ដាក់ម្ហូបអាហារឱ្យភ្ញៀវទេសចរ គឺសុទ្ធតែផលិតឡើងពីធម្មជាតិទាំងអស់ដើម្បីរក្សាបរិស្ថាន ។ ផ្សារបណ្តែតទឹក Guangzhou បើកទទួលភ្ញៀវទេសចរនៅរៀងរាល់ថ្ងៃសៅរ៍-អាទិត្យ និងថ្ងៃឈប់សម្រាកផ្សេងៗ ៕ ប្រភព ៖ lazada