កូនក្រុមរបស់ Coach ឱក សុគន្ធកញ្ញា គឺ ហេង សុវណ្ណនរៈ និង ម៉ាក្ស ដាណារ៉េ ធ្វើឱ្យមហាជនអ្នកលេងបណ្តាញសង្គមចាប់អារម្មណ៍ជាខ្លាំងចំពោះស្រីស្រស់ប្រុសសង្ហាមួយគូនេះ រហូតធ្វើឱ្យហ្វេនៗខ្លះចង់ឱ្យពួកគេក្លាយជាគូស្នេហ៍ទៀតផងដោយសារអ្នកទាំងពីរពិតជាសមគ្នា និងអ្នកខ្លះក៏បានលើកឡើងថា The Voice ជួបស្នេហ៍ក៏មាន។ ដោយសារតែមានការបង្ហោះព្រោងព្រាតពីពួកគេ ហេង សុវណ្ណនរៈ ក៏បានឆ្លើយតបដូចនេះចំពោះទំនាក់ទំនងរូបគេនិង ស្រីស្អាត ណារ៉េ ផងដែរ។
ក្នុងវគ្គ The Battles សប្តាហ៍ទី២ ចំពោះបេក្ខជន ហេង សុវណ្ណនរៈ ត្រូវជាប្អូនថ្លៃរបស់តារាចម្រៀង នី រតនា ត្រូវបានជម្រុះចេញពីកម្មវិធីហើយដោយគ្រូបង្វឹក ឱក សុគន្ធកញ្ញាសម្រេចជ្រើសយកបេក្ខនារី ម៉ាក្ស ដាណារ៉េ ឱ្យទៅវគ្គបន្តវិញបន្ទាប់ពីអ្នកទាំងពីរក្លាយជាគូប្រកួតគ្នាក្នុងបទចម្រៀងជាភាសាអង់គ្លេសមួយបទមានចំណងជើងថា «IMPOSSIBLE»។
ដ្បិតតែ នរៈ ត្រូវចេញពីកម្មវិធីប៉ុន្តែគេឃើញថាបេក្ខជនរូបនេះបានចូលទៅខំមិនសម្តែងក្តីសាទរចំពោះ ណារ៉េ ផងដែរនិងជូនពរឱ្យរូបនាងសំណាងល្អនៅវគ្គក្រោយជាបន្តទៀត។ទោះយ៉ាងណាការប្រកួតប៉ះគ្នារវាងស្រីស្រស់ប្រុសសង្ហាមួយគូនេះក៏បានក្លាយជាចំណីចក្ខុរបស់អ្នកលេងបណ្តាញសង្គមថែមពីការប្រកួតប្រជែងនោះគឺបានសមផ្គុំឱ្យពួកគេបង្កើតសម្ព័ន្ធភាពស្នេហ៍ទៀតផង។
នៅលើបណ្តាញសង្គម ទិកតុក គេសង្កេតឃើញថា ហេង សុវណ្ណនរៈ និង ម៉ាក្ស ដាណារ៉េ មានភាពស៊ីចង្វាក់គ្នាយ៉ាងខ្លាំង និងបង្ហាញភាពសិទ្ធិស្នាលជាមួយគ្នាប្រៀបដូចជាគូស្នេហ៍ តាមរយៈការថតវីដេអូទិកតុកជាមួយគ្នាជាហូរហែ រហូតហ្វេនៗរបស់ពួកគេលើកឡើង ថា អ្នកទាំងពីរសមគ្នាដល់ហើយ និងអ្នកខ្លះក៏បានលើកឡើងថា The Voice ជួបស្នេហ៍ជាដើម។
ដោយសារតែមានការផ្គូរផ្គងច្រើនពីសំណាក់អ្នកលេងបណ្តាញសង្គម ហេង សុវណ្ណនរៈ ក៏បានបញ្ជាក់ថាពួកគេត្រឹមតែជាមិត្តភក្តិប៉ុណ្ណោះ។
ទោះយ៉ាងណាប្រិយមិត្តអ្នកគាំទ្រមានតែរង់ចាំតាមដានបន្តទៀតប៉ុណ្ណោះតើទំនាក់ទំនងពួកគេទាំងពីរនាក់នឹងវិវត្តន៍ទៅជាយ៉ាងណាព្រោះកាយវិការរបស់ពួកគេការមានភាពផ្អែមល្អែមអាចជ្រែកខណ្ឌលើសពីមិត្តភក្តិក៏ថាបាន។ ជាក់ស្តែងដូចជា ប៉ាច គីមមួយ និង សយ រតនា ជាដើមសុទ្ធតែធ្លាប់ជាបេក្ខភាពក្នុងកម្មវិធី The Voice Cambodia រដូវកាលទី១ដូចគ្នានិងបានក្លាយទៅជាគូដណ្តឹងជាមួយគ្នាផងដែរនាពេលបច្ចុប្បន្ននេះ៕










