ការគេងមិនលក់អាចកើតឡើងដោយសារកត្តាជាច្រើន ដូចជា ភាពតានតឹង បរិយាកាសនៅជុំវិញ និងសីតុណ្ហភាពក្នុងបន្ទប់ជាដើម ។ មនុស្សភាគច្រើនបានព្យាយាមរកវិធីដើម្បីឱ្យពួកគេឆាប់គេងលក់ ប៉ុន្តែវិធីមួយដែលគេនឹកពុំឃើញ គឺការដាក់ចុងជើងចេញក្រៅភួយ ។ វិធីនេះនឹងជួយធ្វើឱ្យយើងឆាប់ងងុយគេង និងគេងលក់ស្រួលផងដែរ ។
ជាធម្មតា ការគេងលក់ពាក់ព័ន្ធនឹងសីតុណ្ហភាពក្នុងរាងកាយ ហើយសីតុណ្ហភាពសមស្របសម្រាប់ការគេងលក់ស្កប់ស្កល់ គឺ១៨អង្សារសេ ។ ដូច្នេះ ចុងជើងរបស់យើង គឺជាទ្វារចូលទៅកាន់សីតុណ្ហភាពទាំងនេះ ។ ចុងជើងជាអវៈយវៈមួយដែលជួយបញ្ចេញកំដៅក្នុងរាងកាយបានយ៉ាងល្អ ដោយវាអាចកាត់បន្ថយកម្រិតសីតុណ្ហភាពចាប់ពី២អង្សារសេ ទៅ៣អង្សារសេ ដើម្បីឱ្យសីតុណ្ហភាពក្នុងរាងកាយស្ថិតត្រង់ចំណុចកណ្តាល ។
ម្យ៉ាងទៀត ចុងជើងគ្មានរោមជួយឱ្យវាត្រជាក់ពេញមួយយប់ និងធ្វើឱ្យសីតុណ្ហភាពរាងកាយមានតុល្យភាព និងគេងលក់ស្រួល ។ បើអាកាសធាតុក្តៅខ្លាំងពេក រាងកាយត្រូវតស៊ូជាមួយភាពក្តៅ ហើយធ្វើឱ្យយើងពិបាកគេងលក់ ។ ក្រៅពីចុងជើងបានជួយបញ្ចេញកំដៅបានល្អហើយ ជើងរបស់យើងពោរពេញដោយសរសៃឈាមផងដែរ ដែលជួយគ្រប់គ្រងសីតុណ្ហភាពរាងកាយឱ្យធម្មតា ។
អ្នកជំនាញផ្នែកគេងលក់និយាយថា បញ្ហាភាគច្រើន នៅពេលយើងដណ្តប់ភួយគេង គឺវាធ្វើឱ្យរាងកាយក្តៅខ្លាំង ។ ដូច្នេះ ការដាក់ជើងចេញក្រៅភួយ វានឹងជួយឱ្យរាងកាយត្រជាក់ និងជួយយើងអាចរក្សាសីតុណ្ហភាពរាងកាយឱ្យត្រជាក់ពេញមួយយប់ ។ ម្យ៉ាងទៀត វិធីគេងបែបនេះ វាងាយស្រួលបំផុតនៅពេលត្រូវការដណ្តប់ភួយ ។
ប៉ុន្តែគួរប្រុងប្រយ័ត្នផងដែរសម្រាប់ការគេងបែបនេះ ព្រោះវិធីនេះសាកសមសម្រាប់អ្នកដែលគេងមិនបើកម៉ាស៊ីនត្រជាក់ ឬបើកម៉ាស៊ីនត្រជាក់មិនត្រជាក់ខ្លាំងពេក ។ ប៉ុន្តែបើយើងមានទម្លាប់គេងបើកម៉ាស៊ីនត្រជាក់ឱ្យត្រជាក់ខ្លាំងពេញមួយយប់ ការដាក់ចុងជើងនៅក្រៅភួយអាចធ្វើឱ្យគ្រុនផ្តាសាយបាន ៕










