យើងធ្លាប់សិក្សារួចមកហើយថាភពផែនដីរបស់យើងមានទឹកប្រៃរហូតទៅដល់ ៩៧ ភាគរយ ចំណែកឯទឹកសាបវិញគឺមានតែ ៣ ភាគរយប៉ុណ្ណោះដែលមានប្រភពពី ការធ្លាក់ទឹកសន្សើម ការធ្លាក់ភ្លៀង និងការធ្លាក់ព្រិលពីបរិយាកាស។ ក្នុងនោះមានត្រឹមតែ ០.៥ ភាគរយប៉ុណ្ណោះដែលអាចប្រើប្រាស់បាន។ ដូចនេះតើអ្នកដឹងទេ? ប្រទេសណាដែលសម្បូរទឹកសាបច្រើនជាងគេបំផុតនៅលើពិភពលោក?
១.ប្រទេសប្រេស៊ីល (Brazil)៖ ប្រេស៊ីលគឺជាប្រទេសដែលមានបរិមាណទឹកសាបសរុបជាង ៨,២៣៣ គីឡូម៉ែតគូបឯណោះ ដែលបរិមាណទឹកសាបនៃប្រទេសនេះគឺមានអត្រាស្មើនឹង ១២ ភាគរយនៃធនធានទឹកសាបទាំងអស់នៅទូទាំងពិភពលោក។
២.ប្រទេសរុស្សី (Russia)៖ នៅប្រទេសរុស្ស៊ីមានបឹងបៃកាល់ (Baikal Lake) ដែលជាបឹងទឹកសាបមានទំហំធំ និងមានជម្រៅជ្រៅជាងគេបំផុតលើពិភពលោក ធនធានទឹកសាបទាំងអស់នៅក្នុងប្រទេសរុស្ស៊ីមានបរិមាណ ៤,៥០៨ គីឡូម៉ែត្រគូប។
៣.សហរដ្ឋអាមេរិក (United States)៖ ធនធានទឹកសាបនៅក្នុងសហរដ្ឋអាមេរិកមានបរិមាណប្រហែល ៣,០៦៩ គីឡូម៉ែត្រគូប។ ទឹកសាបភាគច្រើនរបស់សហរដ្ឋអាមេរិកគឺជាទឹកនៅផ្ទៃខាងលើដែលមានបរិមាណ ៧០ ភាគរយ និងទឹកដែលនៅក្រោមដីមាន ៣០ ភាគរយ។
៤.ប្រទេសកាណាដា (Canada)៖ បរិមាណទឹកសាបដែលអាចប្រើប្រាស់បាននៅក្នុងប្រទេសកាណាដាមានប្រហែលជាង ២,៩០២ គីឡូម៉ែត្រគូប ដែលភាគច្រើនទឹកសាបនៅប្រទេសនេះមានវត្តមាននៅតាមបណ្ដាញទន្លេ និងបឹងផ្សេងៗជាច្រើន។
៥.ប្រទេសចិន (China)៖ ចិនស្ថិតក្នុងចំណាត់ថ្នាក់ទី ៥ នៃប្រទេសដែលមានបរិមាណទឹកសាបច្រើនជាងគេបំផុត ដោយប្រមាណទឹកសាបមានជាង ២,៨៤០ គីឡូម៉ែត្រគូប។ បឹងប៉យ៉ាង (Poyang Lake) ដែលមានទីតាំងស្ថិតនៅក្នុងខេត្តជាំងស៊ី (Jiangxi) គឺជាបឹងទឹកសាបដែលមានទំហំធំជាងគេបំផុតនៅក្នុងប្រទេសចិន។ បរិមាណទឹកបឹងប៉យ៉ាងតែងប្រែប្រួលមិនទៀតទាត់ឡើយ ដោយអាស្រ័យទៅតាមរដូវកាល៕










