ម៉ិកស៊ិក៖ យោងតាមប្រភព The Guardian ដែលបានរាយការណ៍កាលពីថ្ងៃទី ២៤ ខែកក្កដាថា ថ្មីៗនេះរដ្ឋាភិបាលម៉ិកស៊ិកនឹងចាប់ផ្តើមគម្រោងភ្លៀងសិប្បនិម្មិតមួយក្នុងក្តីសង្ឃឹមនៃការធ្វើឱ្យប្រសើរឡើងនូវទឹកភ្លៀងចំពេលមានរលកកំដៅជាប្រវត្តិសាស្ត្រ និងគ្រោះរាំងស្ងួតជាច្រើនខែ។ គម្រោងដែលបានចាប់ផ្តើមដំបូងនៅខែកក្កដានេះ តម្រូវឱ្យយន្តហោះហោះចូលទៅក្នុងពពក ដើម្បីបញ្ចេញភាគល្អិតអ៊ីយ៉ូតប្រាក់ ដែលជួយបង្កើតដំណក់ទឹកកាន់តែច្រើន និងបង្កើនទឹកភ្លៀង។
គោលបំណងដ៏ធំនៃការបង្កើតភ្លៀងសិប្បនិម្មិតនេះ គឺដើម្បីទប់ទល់នឹងផលប៉ះពាល់នៃគ្រោះរាំងស្ងួតនៅតំបន់ជនបទ និងរួមចំណែកដល់ការបំពេញអាងទឹក។ ទោះជាយ៉ាងណាក៏ដោយ អ្នករូបវិទ្យាពពកកំពូលរបស់ប្រទេសម៉ិកស៊ិកបានសម្តែងការព្រួយបារម្ភអំពីលទ្ធភាពនៃបច្ចេកវិទ្យានេះ។ លោក Fernando García García និង Guillermo Montero Martínez អ្នករូបវិទ្យាពពកពីររូបនៅសកលវិទ្យាល័យជាតិស្វយ័តម៉ិកស៊ិក (Unam) បាននិយាយថា “មិនមានភស្តុតាងបច្ចេកទេសណាមួយដែលបង្ហាញថាទឹកភ្លៀងសិប្បនិម្មិតបង្កើនទឹកភ្លៀងនៅក្នុងតំបន់សេដ្ឋកិច្ចសំខាន់ៗនោះទេ ហើយវាមិនអាចទៅរួចទេក្នុងការដឹងច្បាស់អំពីផលប៉ះពាល់នៅខាងក្រៅតំបន់គោលដៅ”។
ទោះបីជារដ្ឋាភិបាលម៉ិកស៊ិកបានអះអាងថាសកម្មភាពទឹកភ្លៀងដែលបង្កើតឡើងដោយមនុស្សនឹងបង្កើនទឹកភ្លៀង ៤០% បើប្រៀបធៀបទៅនឹងការព្យាករណ៍ ប៉ុន្តែអ្នកវិទ្យាសាស្ត្រនិយាយថាការព្យាករណ៍ទឹកភ្លៀងមានភាពប្រែប្រួលខ្លាំង ហើយភស្តុតាងមិនឆ្លុះបញ្ចាំងពីទឹកភ្លៀងសិប្បនិម្មិតដែលទាក់ទងនឹងការកើនឡើងទឹកភ្លៀងនោះទេ។ ដូចនេះ យើងមិនទាន់ដឹងទេថា គម្រោងបង្កើតភ្លៀងសិប្បនិម្មិតរបស់ប្រទេសម៉ិចស៊ិចជោគជ័យ ឬអត់នោះទេ។
បច្ចុប្បន្ន កសិករនៅភាគខាងជើងប្រទេសម៉ិកស៊ិកកំពុងជួបប្រទះនឹងគ្រោះរាំងស្ងួតយ៉ាងធ្ងន់ធ្ងរ។ កំដៅបានសម្លាប់សត្វពាហនៈ ធ្វើឱ្យតម្លៃសាច់ជ្រូក និងសាច់គោឡើងថ្លៃនៅក្នុងតំបន់ជាច្រើននៃប្រទេស។ ចំនួនសត្វរុយក្នុងព្រៃសើមក៏ងាប់ដែរ ដែលធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍។ នៅឯព្រំដែនរវាងសហរដ្ឋអាមេរិក និងម៉ិកស៊ិកក្នុងទីក្រុង Mexicali សីតុណ្ហភាពគឺ ៥០.២ អង្សាសេ ដែលបង្កើតកំណត់ត្រាជាតិ នឹងមានជនជាតិម៉ិកស៊ិកចំនួន ១៦៧ នាក់បានស្លាប់ដោយសារកំដៅផងដែរ៕
ប្រភព៖vnexpress










