ប្រទេសវៀតណាម ៖ ក្រុមហ៊ុនផលិតរថយន្តរបស់វៀតណាមឈ្មោះ VinFast លើកឡើងថា នៅខែកក្កដា ឆ្នាំ២០២៣ ក្រុមហ៊ុននឹងចាប់ផ្តើមសាងសង់រោងចក្រផលិតរថយន្តអគ្គិសនីនៅរដ្ឋ North Carolina របស់អាមេរិក ស្មើនឹងទឹកប្រាក់ប្រមាណ៤ពាន់លានដុល្លារអាមេរិក ។ វាជាផ្នែកមួយជំរុញការលក់រថយន្តអគ្គិសនីក្នុងប្រទេសរីកចម្រើនមួយនេះ ។
ក្រុមហ៊ុន VinFast បានប្រកាសពីគម្រោងសាងសង់រោងចក្រនៅអាមេរិក តាំងពីឆ្នាំ២០២២ មកម៉្លេះ ។ ក្រុមហ៊ុនបានដាក់គោលដៅថា នឹងដំណើរការផលិតរថយន្តនៅឆ្នាំ២០២៥ ។ ហេតុនេះ ការសាងសង់រោងចក្រនៅអាមេរិកនៅឆ្នាំ២០២៣ គឺយឺតជាង១ឆ្នាំ ខណៈក្រុមហ៊ុននេះបានប្រកាសតាំងពីឆ្នាំ២០២២ ។
Thuy Le ជានាយកគ្រប់គ្រងជាន់ខ្ពស់របស់ក្រុមហ៊ុន VinFast Auto លើកឡើងថា នៅពេលចាប់ផ្តើមដំណើរការផលិតរថយន្ត រោងចក្រនេះនឹងក្លាយជាកន្លែងផ្គត់ផ្គង់ដ៏សំខាន់សម្រាប់រថយន្តអគ្គិសនីនៅទីផ្សារអាមេរិកខាងជើង ។ ដំណាក់កាលដំបូងនៃគម្រោងនេះ គឺក្រុមហ៊ុននឹងវិនិយោគក្នុងទឹកប្រាក់២ពាន់លានដុល្លារអាមេរិក ហើយរោងចក្រនឹងអាចផលិតរថយន្តបានចំនួន១៥ម៉ឺនគ្រឿងក្នុង១ឆ្នាំ ។
ក្រុមហ៊ុន VinFast ស្ថិតក្នុងចំណោមក្រុមហ៊ុនដែលទើបចាប់ផ្តើមផលិតរថយន្តអគ្គិសនី ហើយក្រុមហ៊ុននេះត្រូវព្យាយាមដើម្បីទទួលបានអតិថិជន ។ ចំណែកក្រុមហ៊ុននាំមុខគេក្នុងទីផ្សារដូចជា Tesla និង BYD របស់ប្រទេសចិន ក៏បានចូលមកប្រកួតប្រជែងតម្លៃលើទីផ្សារផងដែរ ពីព្រោះតម្រូវការទិញធ្លាក់ចុះក្នុងទីផ្សារធំៗ ។
កាលពីខែឧសភា ឆ្នាំ២០២៣ ក្រុមហ៊ុន VinFast បានប្រកាសថា នឹងសុំចុះបញ្ជីក្នុងទីផ្សារភាគហ៊ុនអាមេរិក តាមរយៈការសហការជាមួយក្រុមហ៊ុន Black Spade Acquisition ក្រោយពីទទួលបានការគាំទ្រថវិកាចំនួន២,៥ពាន់លានដុល្លារអាមេរិកពីស្ថាបនិក និងក្រុមហ៊ុនមេឈ្មោះ Vingroup ដើម្បីជំរុញការលក់នៅទីផ្សារក្រៅប្រទេស ។ ក្រុមហ៊ុនរំពឹងថា នឹងអាចលក់រថយន្តអគ្គិសនីបានចំនួន៥ម៉ឺនគ្រឿងនៅឆ្នាំ២០២៣ ដែលកើនឡើងជិត៧ដង បើធៀបនឹងឆ្នាំ២០២២ ហើយក្រុមហ៊ុននឹងទទួលបានប្រាក់ចំណេញនៅចុងឆ្នាំ២០២៤ ៕
ប្រភព ៖ AEC connect










