ប្រទេសថៃ ៖ គណបក្សភឿថៃអះអាងថា ខ្លួនគ្មានកិច្ចពិភាក្សាសម្ងាត់អ្វីទេ ហើយគណបក្សនេះបានជជែកពិភាក្សាជាមួយគណបក្សទាំងអស់យ៉ាងបើកចំហរ ។ គណបក្សភឿថៃលើកឡើងទៀតថា ខ្លួនបានទទួលភារកិច្ចបង្កើតរដ្ឋាភិបាលពីគណបក្សកាវក្លៃ បើមិនជជែកជាមួយគណបក្សណាសោះ គឺអាចគ្មានពិន្ទុ ។
គណបក្សភឿថៃបានប្រជុំពិភាក្សាជាមួយគណបក្សភូមិចៃថៃ ដើម្បីដោះស្រាយបញ្ហាជាប់គាំងនយោបាយរបស់ប្រទេសជាតិ និងរកផ្លូវចេញ ដោយមានលោក Chonnan Srikaew ប្រធានគណបក្សភឿថៃ ជាអ្នកទទួលស្វាគមន៍គណបក្សនានា ក្នុងនោះមានលោក Anutin Charnvirakul មេដឹកនាំគណបក្សភូមិចៃថៃ, លោក Suwat Liptapanlop ប្រធានគណបក្សឆាត ផាត់តាណាក្លា, លោក Peeraphan Salirathaviphak ប្រធានគណបក្សរួមថៃ សាងឆាត និងលោក Warawut Silpa-archa ប្រធានគណបក្សឆាតថៃ ផាត់តាណា ។
ក្រោយពីជំនួបពិភាក្សាគ្នារវាងគណបក្សភឿថៃជាមួយគណបក្សនានារួចមក ប្រធានគណបក្សទាំងនេះបាននាំគ្នាផឹកភេសជ្ជៈ Mint Choc ឬ Chocolate Mint ដែលជាភេសជ្ជៈរបស់ហាង Think Lab ប្រកបដោយបរិយាកាសរីករាយ ។ ការផឹកភេសជ្ជៈក្នុងចំណោមប្រធានគណបក្សទាំងនេះបានធ្វើឱ្យពលរដ្ឋថៃជាច្រើននាក់រិះគន់ ព្រោះពួកគេគិតថា គណបក្សកាវក្លៃនឹងត្រូវបានរុញឱ្យធ្វើជាគណបក្សប្រឆាំង ខណៈគណបក្សភឿថៃរួមសហការជាមួយគណបក្សចាស់ៗ ដែលមានគោលជំហរផ្ទុយគ្នាដើម្បីបង្កើតរដ្ឋាភិបាល ។
ចុងក្រោយ គណបក្សភឿថៃបានបង្ហោះរូបភាព និងសារនៅក្នុង Twitter ថា ៖ «គណបក្សភឿថៃ ក្នុងឋានៈជាគណបក្សដឹកនាំបង្កើតរដ្ឋាភិបាល ដូច្នេះ យើងបានទទួលភារកិច្ចពីគណបក្សកាវក្លៃ និងគណបក្សចំនួន៨ ។ យើងគ្មានអាថ៌កំបាំងអ្វីទេ យើងជជែកពិភាក្សាជាមួយគ្រប់គណបក្សទាំងអស់យ៉ាងបើកចំហរ រីឯជាមួយសមាជិកព្រឹទ្ធសភា ក៏យើងបានបញ្ជូនអ្នកទៅជជែកដែរដើម្បីប្រាប់ទៅគណបក្សទាំង៨ ។ យើងបំពេញការងារទៅមុខដើម្បីរកសំឡេងគាំទ្រ និងបន្ថែមសំឡេងគាំទ្រថ្មី ព្រោះបើយើងមិនជជែកជាមួយគណបក្សណាសោះ យើងនឹងគ្មានពិន្ទុទេ» ៕ ប្រភព ៖ sanook










