ប្រទេសចិន ៖ នៅខែកក្កដា ឆ្នាំ២០២៣ នេះ ភោជនីយដ្ឋានមួយកន្លែងនៅទីក្រុងប៉េកាំង ប្រទេសចិន បានបង់ប្រាក់សំណងទៅឱ្យបុរសម្នាក់ ខណៈបុរសរូបនេះអះអាងថា គាត់បានបរិភោគសត្វកន្លាតនៅក្នុងចានម្ហូប ដែលគាត់បានកុម្ម៉ង់ពីភោជនីយដ្ឋាន ។
ក្រោយពីឃើញសត្វកន្លាត បុរសរូបនេះបានប្រាប់ទៅកាន់បុគ្គលិកបម្រើការឱ្យមកពិនិត្យ ហើយខាងភោជនីយដ្ឋានខ្លាចខូចកេរ្តិ៍ឈ្មោះ ពួកគេសម្រេចមិនយកប្រាក់ពីបុរសនេះទេ គឺឱ្យគាត់បរិភោគអាហារដោយមិនបាច់ចំណាយប្រាក់ ។ ប៉ុន្តែបុរសនេះបដិសេធថា គាត់នឹងចំណាយប្រាក់ថ្លៃអាហារតាមធម្មតា ។
ភោជនីយដ្ឋានគិតថា រឿងនេះចប់ហើយ ប៉ុន្តែផ្ទុយទៅវិញ បុរសនេះបានទូរស័ព្ទមកភោជនីយដ្ឋានឱ្យបង់ប្រាក់សំណងថ្លៃម្ហូបដល់គាត់ លើសមុន១០ដង ហើយបើភោជនីយដ្ឋានមិនយល់ព្រមទេ គាត់នឹងបង្ហោះរឿងនេះក្នុងបណ្តាញសង្គមឱ្យខូចឈ្មោះភោជនីយដ្ឋាន ។ ពេលនោះ ភោជនីយដ្ឋានក៏បានសុំឱ្យគាត់ចុះថ្លៃខ្លះ និងយល់ព្រមផ្ទេរប្រាក់សំណងឱ្យគាត់ភ្លាមៗ ។
ក្រោយមក ភោជនីយដ្ឋានក៏បានមកពិនិត្យមើលម្ហូបនេះឡើងវិញ ហើយសង្ស័យថា សត្វកន្លាតនៅក្នុងចានម្ហូបមិនបានងា.ប់ដោយសារការចម្អិនម្ហូបទេ ប៉ុន្តែវាបានងា.ប់ពីខាងក្រៅ ។ ដូច្នេះ ភោជនីយដ្ឋានក៏ដាក់ពាក្យបណ្តឹងទៅប៉ូលិស ហើយប៉ូលិសក៏បានចាប់ខ្លួនបុរសកំហូចខាងលើ ។ បុរសនេះបានសារភាពប្រាប់ប៉ូលិសថា គាត់ធ្វើបែបនេះ ព្រោះគាត់គ្មានប្រាក់ចាយ គ្មានការងារធ្វើ ហើយគាត់បានប្រព្រឹត្តបែបនេះជាច្រើនលើកមកហើយ ។
ប៉ូលិសបានរកឃើញថា បុរសខាងលើបានលាក់សត្វកន្លាតងា.ប់ជាច្រើនក្បាលទៀតនៅក្នុងប្រអប់ដាក់តាមខ្លួនផងដែរ ។ បុរសខាងលើប្រាប់ថា គាត់បានទិញសត្វកន្លាតជាច្រើនក្បាលពីស្រុកកំណើត បន្ទាប់មក យកវាទៅស្ងោរឱ្យឆ្អិន ហើយជ្រើសយកតែកន្លាតណាល្អៗទុកដាក់ក្នុងចានម្ហូប និងទាមទារប្រាក់ពីភោជនីយដ្ឋានល្បីៗ ព្រោះភោជនីយដ្ឋានទាំងនេះមានប្រាក់បង់ឱ្យគាត់ ដើម្បីកុំឱ្យខូចកេរ្តិ៍ឈ្មោះ ៕ ប្រភព ៖ World Forum Th










