រដ្ឋធានីសេអ៊ូល៖ ស្របពេលប្រទេសកូរ៉េខាងត្បូង កំពុងតែរងគ្រោះ ដោយសារទឹកជំនន់ដ៏ធ្ងន់ធ្ងរ ដែលបានសម្លាប់មនុស្សជាង៤០នាក់ និង បង្កនូវការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួននោះ បែរជារលកកម្ដៅ វាយប្រហារ ទៅលើប្រទេសចិន តំបន់អឺរ៉ុប តំបន់សមុទ្រមេឌីទែររ៉ាណេ និង ផ្នែកជាច្រើនផ្សេងទៀត នៅលើពិភពលោក។
សារព័ត៌មានរបស់ចក្រភពអង់គ្លេស BBC បានចេញផ្សាយ នៅថ្ងៃអង្គារ ទី១៨ ខែកក្កដា ថា រលកកម្ដៅ កំពុងតែបន្តរាលដាលពាសពេញ នៅតំបន់ភាគខាងត្បូងទ្វីបអឺរ៉ុប ជាមួយនឹងសីតុណ្ហភាព នៅកណ្តាលមេឌីទែរ៉ាណេ ហើយគេរំពឹង ថា អាកាសធាតុក្ដី នឹងឡើងដល់កំពូល នៅថ្ងៃនេះ។ រីឯកោះ Sardinia របស់អ៊ីតាលី ត្រូវបានគេរំពឹងថា នឹងឡើងកម្ដៅ រហូតដល់កម្រិតខ្ពស់ ជាមួយនឹងសីតុណ្ហភាព ៤៦អង្សាសេ នៅរសៀល ថ្ងៃអង្គារ។ ទន្ទឹមគ្នានេះ អាជ្ញាធរ ក៏បានព្រមាន ថា កម្ដៅឡើងខ្លាំង អាចនឹងបន្តអូសបន្លាយ រយៈពេល១០ថ្ងៃទៀត នៅតាមតំបន់មួយចំនួនរបស់ប្រទេសអ៊ីតាលី
ប្រទេសអេស្បាញ បានប្រឈមមុខនឹងរលកកម្ដៅកើនឡើងជាប់ៗគ្នា ខណៈសីតុណ្ហភាព កាលពីម្សិលមិញ បានឡើង រហូតដល់៤៤អង្សាសេ នៅភាគខាងត្បូងរបស់ប្រទេសអឺរ៉ុបមួយនេះ។ រីឯសហរដ្ឋអាមេរិក នៅពាក់កណ្តាលអធ្រាត្រយប់ ថ្ងៃចន្ទ គឺសីតុណ្ហភាព នៅតាមស្ថានីយអាកាសធាតុ ស្ថិតនៅ Death Valley រដ្ឋកាលីហ្វ័រញ៉ា បានឡើង រហូតដល់៤៩អង្សាសេ។
បើទោះជាភ្លៀងបានធ្លាក់មកយ៉ាងខ្លាំង នាំមកជាមួយនឹងព្យុះទីហ្វុង Talim វាយលុកទៅលើឆ្នេរសមុទ្រ នាភាគខាងត្បូងរបស់ប្រទេសចិន យ៉ាងណាក្ដី ប៉ុន្ដែរលកកម្ដៅក៏កំពុងតែគ្របដណ្តប់ ទៅលើតំបន់មួយចំនួន នាភាគខាងជើងរបស់ប្រទេសមហាយក្សអាស៊ីមួយនេះ។
បើតាមការិយាល័យឧតុនិយមរបស់ចក្រភពអង់គ្លេស បានឱ្យដឹងថា កាលពីចុងសប្តាហ៍កន្លងទៅ ប្រទេសចិន បានកត់ត្រា អំពីសីតុណ្ហភាពឡើងខ្ពស់បំផុត មិនធ្លាប់មានពីមុនមក ដោយឡើងកម្ដៅ រហូតដល់ជាង៥២អង្សាសេ នៅក្នុងខេត្តស៊ីនជាង (Xinjiang)។ ជាមួយគ្នានេះ ក្រុងប៉េកាំង ក៏បានកត់ត្រាថ្ងៃដ៏ក្តៅបំផុត នៅក្នុងខែមិថុនា នៅក្នុងរយៈពេលជាង៦០ឆ្នាំ ដោយបារតឡើងដល់ ៤១,១អង្សាសេ។
ស្របគ្នានេះដែរ ប្រទេសជប៉ុន កាលពីថ្ងៃចន្ទ បានផ្អាកជាបណ្ដោះអាសន្ននូវព្រឹត្ដិការណ៍ក្រៅផ្ទះ ហើយសកម្មភាពមួយចំនួន បានបង្ហាញ ពាក់ព័ន្ធនឹងអាកាសធាតុក្តៅខ្លាំង។
ក្រសួងមហាផ្ទៃកូរ៉េខាងត្បូង បានបញ្ជាក់ ថា គ្រោះទឹកជំនន់ នៅក្នុងប្រទេសអាស៊ីបូព៌ាមួយនេះ បានសម្លាប់មនុស្ស ចំនួន៤១នាក់ និង ៩នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួន។ ចំណែកប្រតិបត្ដិការសង្គ្រោះ និង រុករកមនុស្ស នៅក្នុងផ្លូវរូងក្រោមដី ប្រវែង៤៣០ម៉ែត្រ ស្ថិតក្នុងCheongju, ខេត្ត North Chungcheong បានបិទបញ្ចប់ កាលពីល្ងាចថ្ងៃចន្ទ ដោយបានរកឃើញសាកសពរបស់មនុស្ស ចំនួន១៤នាក់៕










