ប្រទេសថៃ ៖ បញ្ហាសត្វឆ្កែ និងឆ្មាអនាថាកើតឡើងដោយសារកត្តាជាច្រើន ហើយកត្តាមួយក្នុងចំណោមនោះ គឺការយកសត្វចិញ្ចឹមទៅលែងចោល ។ គេបានសង្កេតឃើញជាទូទៅ គឺមានការយកសត្វទាំងនេះទៅលែងនៅទីវត្តអារាម និងតាមកន្លែងសាធារណៈផ្សេងៗ ។ ប៉ុន្តែតើគ្រប់គ្នាដឹងឬទេថា ការយកសត្វចិញ្ចឹមទៅលែងចោល គឺចាត់ទុកថា ជាការបទល្មើសនឹងច្បាប់របស់ប្រទេសថៃ ហើយបើពលរដ្ឋថៃណាម្នាក់បំពាន ពួកគេនឹងត្រូវទទួលទោសតាមច្បាប់ ។
ច្បាប់ស្តីពីការទប់ស្កាត់ការធ្វើទារុណកម្ម និងសុខុមាលភាពសត្វ ឆ្នាំ២០១៤ របស់ប្រទេសថៃ បានការពារសិទ្ធិទាំងសត្វចិញ្ចឹមធម្មតា, សត្វចិញ្ចឹមសម្រាប់ប្រើប្រាស់ការងារ, សត្វចិញ្ចឹមសម្រាប់ធ្វើជាអាហារ, សត្វចិញ្ចឹមសម្រាប់ការសម្តែងផ្សេងៗ រួមទាំងសត្វគ្មានម្ចាស់ដែលវារស់នៅតាមធម្មជាតិ ។ អ្វីដែលអ្នកចិញ្ចឹមសត្វនៅប្រទេសថៃត្រូវដឹង គឺមាត្រា២៣ ចែងថា ហាមលែង និងបោះបង់សត្វឱ្យរួចផុតពីការថែទាំរបស់ខ្លួន លើកលែងតែការផ្ទេរកម្មសិទ្ធិទៅឱ្យអ្នកដទៃមើលថែទាំ ។
បើពលរដ្ឋណាល្មើសនឹងច្បាប់នេះ នឹងត្រូវបានគេពិន័យជាប្រាក់មិនលើសពី៤ម៉ឺនបាត ។ អាជ្ញាធរពាក់ព័ន្ធបានសំណូមពរទៅកាន់ពលរដ្ឋថា បើអ្នកណាម្នាក់យកសត្វទាំងនេះមកចិញ្ចឹម ត្រូវតែស្រឡាញ់ពួកវា ហើយសូមកុំបោះបង់វាឱ្យក្លាយជាសត្វអនាថា ។
បើអ្នកមិនអាចចិញ្ចឹមវាបន្តទៀតបានទេ ត្រូវតែរកផ្ទះថ្មីឱ្យវានៅ មិនមែនយកវាទៅលែងចោលពាសវាលពាសកាលទេ ពីព្រោះក្រៅពីការបំផ្លាញសត្វហើយ គឺជាការបន្ថែមបញ្ហាដល់សង្គមជាតិផងដែរ ។ ដូច្នេះ សត្វអនាថាដែលត្រូវបានគេបោះបង់ចោល នឹងអស់ពីសង្គមថៃ បើអ្នកទាំងអស់ជួយគ្នា ៕ ប្រភព ៖ chiangmai news










