ប្រទេសអេស្ប៉ាញ ៖ រដ្ឋមន្ត្រីក្រសួងការងារប្រទេសអេស្ប៉ាញ លោកស្រី Yolanda Diaz បានស្នើគម្រោងមួយដើម្បីដោះស្រាយបញ្ហាវិសមភាពសង្គម តាមរយៈការផ្តល់ប្រាក់ឧបត្ថម្ភចំនួន២ម៉ឺនអឺរ៉ូបឱ្យយុវជនគ្រប់រូប ។ ពួកគេអាចយកប្រាក់នេះទៅចំណាយក្នុងការរៀនសូត្រ, ការបណ្តុះបណ្តាលជំនាញនានា និងបង្កើតអាជីវកម្មផ្ទាល់ខ្លួន នៅពេលពួកគេមានអាយុគ្រប់១៨ឆ្នាំ ។
យោងតាមព័ត៌មានក្នុងគេហទំព័ររបស់លោកស្រី Yolanda Diaz បានប្រកាសពីគោលនយោបាយគណបក្សលោកស្រី មុនពេលការបោះឆ្នោតនៅទូទាំងប្រទេសអេស្ប៉ាញ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៣ ខែកក្កដា បញ្ជាក់ថា គម្រោងនេះបានត្រៀមថវិកាប្រមាណ១ម៉ឺនលានអឺរ៉ូ ដែលបានមកពីការប្រមូលពន្ធពីអ្នកមានទ្រព្យសម្បត្តិច្រើន ។
គោលដៅរបស់គម្រោងខាងលើ គឺការធានាឱ្យយុវជនទាំងអស់មានឱកាសស្មើគ្នា ដោយមិនគិតពីប្រវត្តិគ្រួសារ ឬប្រាក់ចំណូលទេ ។ យុវជនអេស្ប៉ាញគ្រប់រូបដែលមានអាយុ១៨ឆ្នាំ នឹងទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលជាបន្តបន្ទាប់ រហូតដល់ពួកគេមានអាយុ២៣ឆ្នាំ ដើម្បីគាំទ្រដល់ការរៀនសូត្រ, ការបណ្តុះបណ្តាលជំនាញ និងអាចបង្កើតអាជីវកម្មផ្សេងៗ ។
លោកស្រី Yolanda Diaz រដ្ឋមន្ត្រីក្រសួងការងារអេស្ប៉ាញថ្លែងថា ៖ «ការផ្តល់ប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល គឺជាការជួយដល់យុវវ័យអេស្ប៉ាញឱ្យមានអនាគតល្អ និងផ្តល់ឱកាសឱ្យពួកគេបានរៀនសូត្របន្ត ឬចាប់ផ្តើមបង្កើតមុខរបរផ្ទាល់ខ្លួន ដោយពុំចាំបាច់ពឹងផ្អែកលើការទំនុកបម្រុងពីឪពុកម្តាយ ឬក្រុមគ្រួសាររបស់ខ្លួន» ។
លោកស្រីរដ្ឋមន្ត្រីបញ្ជាក់ថា គម្រោងនេះឈ្មោះថា «ដើមទុនចាប់ផ្តើមជីវិត» នឹងអនុវត្តចំពោះយុវជនអេស្ប៉ាញគ្រប់រូប ដោយមិនគិតពីស្ថានភាពសេដ្ឋកិច្ចគ្រួសាររបស់ពួកគេឡើយ ។ រដ្ឋាភិបាលអេស្ប៉ាញនឹងប្រមូលពន្ធពីអ្នកមានទ្រព្យសម្បត្តិច្រើន ហើយយកចំណូលពន្ធទាំងនេះមកជួយយុវជននៅទូទាំងប្រទេស ។
មូលហេតុដែលលោកស្រី Yolanda Diaz ស្នើគម្រោងនេះឡើង ដោយសារលោកស្រីមើលឃើញពីបញ្ហាវិសមភាពសង្គម ។ លោកស្រីថ្លែងថា លោកស្រីមិនអាចធ្វើការតាមក្តីសុបិនរបស់ខ្លួនបានទេ ដោយសារគ្រួសារលោកស្រីគ្មានប្រាក់គ្រប់គ្រាន់ដើម្បីបញ្ជូនលោកស្រីឱ្យរៀនផ្នែកនេះ ៕ ប្រភព ៖ beartai










