ដោយឃើញមានករណីហ្វេកប៊ុកជាច្រើន បានបង្ហោះជាបន្តបន្ទាប់ អំពីការកាត់ភូមិមួយចំនួនឱ្យទៅកាន់វៀតណាមគ្រប់គ្រង ពេលនេះរដ្ឋបាលស្រុកពញាក្រែក បានចេញសេចក្តីប្រកាសឱ្យបងប្អូនឈប់យល់ច្រឡំទៀត។
នៅក្នុងសេចក្តីប្រកាសនោះបានលើកឡើងថា៖” រដ្ឋបាលស្រុកពញាក្រែក មានកិត្តិយសសូមជម្រាបជូនបងប្អូនសាធារណជនទាំងអស់មេត្តាជ្រាបថា ក្នុងរយៈពេលថ្មីៗនេះ មានការបំផុស និងផ្សព្វផ្សាយជាច្រើននៅលើបណ្ដាញសង្គម ថាមានការកាត់ភូមិអន្លង់ជ្រៃ និងភូមិថ្លុកត្រាច ឃុំកក់ ឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រទេសវៀតណាម ។ ករណីនេះ រដ្ឋបាលស្រុកពញាក្រែក សូមជម្រាបជូនថា គឺពុំមែនជាការពិតនោះទេ បច្ចុប្បន្នភូមិអន្លង់ជ្រៃ និងភូមិថ្លុកត្រាច ជាភូមិចំណុះឱ្យរដ្ឋបាលឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងជាភូមិដែលមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ហើយក៏ជាតំបន់រមណីយដ្ឋានដ៏ពេញនិយមរបស់បងប្អូនប្រជាពលរដ្ឋក្នុងឱកាសពិធីបុណ្យជាតិ និងអន្ដរជាតិផងដែរ”។













