«ឆាយកី» ជារមណីយដ្ឋានធម្មជាតិមួយដែលមានភ្ញៀវទេសចរតិចតួចណាស់បានស្គាល់ពីទីកន្លែងនេះ មិនថាភ្ញៀវជាតិ ឬ ភ្ញៀវអន្តរជាតិនោះទេក៏មិនសូវស្គាល់ពីទីកន្លែងធម្មជាតិមួយនេះឡើយ។ ទឹកធ្លាក់នេះមានទីតាំងស្ថិតនៅក្នុងឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។
នៅតាមផ្លូវយើងអាចទស្សនាបាននូវព្រៃឈើដ៏ខៀវស្រងាត់ នារដូវវស្សា និង អាចទស្សនាចំការដំណាំ ហូប ផ្លែ វាលស្រែចំការ នៅតាមដងផ្លូវ ពេលទៅដល់ទីនោះយើងនឹងឃើញទឹកធ្លាក់ដ៏ស្រស់ស្អាតកំពុងលាក់ខ្លួននៅក្នុងជ្រលងភ្នំនៃ ជួរភ្នំក្រវាញខាងត្បូង ទឹកត្រជាក់ដូចទឹកកក ព្រមទាំងមានដើមឈើជុំវិញដ៏ខៀវស្រងាត់ សំលេងសត្វបក្សាបក្សីយំឮអឺងកងពេញព្រៃ ខ្យល់អាកាសត្រជាក់ជាប់ចិត្តដិតអារម្មណ៍។
ចំពោះការធ្វើដំណើរវិញ សម្រាប់អ្នកភ្នំពេញអាចធ្វើដំណើរឆ្ពោះទៅកាន់ស្រុកស្រែអំបិល ខេត្តកោះកុង ហួសស្ពានស្រែអំបិល បន្តិចប្រហែលជាង៥០ម៉ែត្រ មានផ្លូវក្រាលគ្រួសក្រហម បត់ស្ដាំ ពីស្ពានស្រែអំបិលទៅកាន់ ឆាយកី មានចម្ងាយប្រមាណ ២១៤ គីឡូមែត្រពីរាជធានីភ្នំពេញ ចម្ងាយប្រមាណ ៧២គីឡូមែត្រ ពីស្ពានស្រែអំបិលខេត្តកោះកុង និងចម្ងាយប្រមាណ ជាង ២២គីឡូមែត្រ ពីសហគមន៍អេកូទេសចរណ៍ ឆាយរាប។ ភ្ញៀវទេសចរដែលចង់ទៅកម្សាន្តទឹកធ្លាក់នេះអាចធ្វើដំណើរដោយជិះម៉ូតូ កង់ គោយន្ដ ឬរថយន្ដបែប Off-road បាន។គួរបញ្ជាក់ផងដែរថា ឆាយរាប មិនមែនជាឈ្មោះភូមិ ឃុំ ឬស្រុកឡើយ ជាឈ្មោះ សម្ងាត់ ហៅតៗគ្នា ក្នុងកំឡុងពេលសង្គ្រាម នៃរបបប្រល័យពូជសាស្រ្តខ្មែរក្រហម មកម្ល៉េះ៕

ប្រភព៖ ក្រសួងទេសចរណ៍










