ប្រទេសហូឡង់ ៖ រដ្ឋាភិបាលហូឡង់បានប្រកាសថា ហាមនាំយកឧបករណ៍បច្ចេកវិទ្យា រួមទាំងទូរស័ព្ទដៃចូលក្នុងថ្នាក់រៀនដាច់ខាត ពីព្រោះការប្រើប្រាស់ឧបករណ៍ទាំងនេះនឹងធ្វើឱ្យសិស្សបាត់បង់សមាធិក្នុងការរៀនសូត្រ ហើយធ្វើឱ្យពួកគេប្រឡងថ្នាក់ផងដែរ ។ ប្រទេសហូឡង់នឹងអនុវត្តបម្រាមនេះចាប់ពីឆ្នាំ២០២៤ តទៅ ។
បម្រាមនេះរួមមាន ទូរស័ព្ទដៃ, ថេបប្លេត និងនាឡិកាឆ្លាតវៃ (Smart Watch) ដែលឧបករណ៍ទាំងនេះបានរំខានក្នុងអំឡុងពេលសិស្សកំពុងរៀនសូត្រ ហើយធ្វើឱ្យកូនសិស្សបាត់បង់សមាធិ និងទទួលបានលទ្ធផលការសិក្សាមិនល្អ ។ ដូច្នេះ គេនឹងមិនអនុញ្ញាតឱ្យសិស្សយកឧបករណ៍ទាំងនេះចូលក្នុងថ្នាក់រៀនទៀតទេ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ។
លើសពីនេះ រដ្ឋាភិបាលហូឡង់ក៏បានអំពាវនាវឱ្យនាយកសាលារៀននីមួយៗធ្វើកិច្ចព្រមព្រៀងផ្ទៃក្នុងអនុវត្តច្បាប់ថ្មីជាមួយគ្រូបង្រៀន, អាណាព្យាបាលសិស្ស និងសិស្សទាំងអស់ នៅខែតុលា ឆ្នាំ២០២៣ ។ ទោះយ៉ាងណា រដ្ឋាភិបាលមិនបានហាមឃាត់ជាផ្លូវការនៅឡើយទេ ប៉ុន្តែរដ្ឋាភិបាលនឹងអនុវត្តតាមបម្រាមនេះនៅឆ្នាំ២០២៤ ក្រោយពីបានត្រួតពិនិត្យលក្ខខណ្ឌលម្អិត ។
លោក Robert Digegraff រដ្ឋមន្ត្រីក្រសួងអប់រំបានថ្លែងទៅកាន់សភាតំណាងរាស្ត្រថា លោកសង្ឃឹមថា ការហាមឃាត់ប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកទាំងនេះនឹងឈានទៅរកការផ្លាស់ប្តូរវប្បធម៌ និងកែលម្អការសិក្សារបស់សិស្សនៅប្រទេសហូឡង់ឱ្យល្អប្រសើរឡើង ៕ ប្រភព ៖ Nation World News










