លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ នៃអាជ្ញាធរមីនបានឱ្យដឹងថាការរួមចំណែកពីប្រទេសកាណាដា ជាមួយនឹងប្រទេសជាមិត្តដទៃទៀត កម្ពុជានឹងអាចសម្រេចបាននូវគោលដៅ “កម្ពុជាគ្មានមីននៅឆ្នាំ២០២៥”។
ការថ្លែងបែបនេះនៅលើបណ្តាញសង្គមរបស់មន្ត្រីអាជ្ញាធរមីនក្នុងឱកាសបានអញ្ជើញជាភ្ញៀវកិត្តិយសក្នុងពិធីអបអរសាទរខួបលើកទី ១៥៦ នៃទិវាជាតិរបស់ប្រទេសកាណាដា និងខួបលើកទី ៧០ នៃទំនាក់ទំនងការទូតរវាងកាណាដា និងព្រះរាជាណាចក្រកម្ពុជា ជាមួយលោកជំទាវបណ្ឌិត Sarah Taylor ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា ដែលពិធីនេះបានប្រព្រឹត្តិទៅនៅសណ្ឋាគារ Raffles Hotel Le Royal នាថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣។
ក្នុងនោះដែរលោកទេសរដ្ឋមន្រ្តីបានឱ្យដឹងទៀតថា កម្ពុជា និងកាណាដា បានកសាងនូវទំនាក់ទំនងមិត្តភាពយូរអង្វែង និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ រយៈពេលជិត ៧០ ឆ្នាំ ក្នុងនោះកាណាដាបានដើរតួនាទី និងរួមចំណែកយ៉ាងសំខាន់សម្រាប់ដំណើរស្វែងរកសន្តិភាព និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅកម្ពុជា។ ជាមួយគ្នានោះ កាណាដា បានផ្តល់ការគាំទ្រដល់វិស័យពាណិជ្ជកម្ម ការវិនិយោគ សកម្មភាពមីន ការរក្សាសន្តិភាព ការបណ្តុះបណ្តាលវិជ្ជាជីវៈ ជំនួយមនុស្សធម៌ និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ជាច្រើន។ កិច្ចសហប្រតិបត្តិការ និងមិត្តភាពរវាងកម្ពុជា និងកាណាដា នឹងបន្តរីកចម្រើនទាំងក្នុងវិស័យទ្វេភាគី និងពហុភាគី ដើម្បីផលប្រយោជន៍រួមសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។
ជាមួយគ្នានេះដែរទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្ររបស់ប្រទេសកាណាដាក្នុងវិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា និងជាប្រវត្តិសាស្ត្រ តាមរយៈកម្មវិធីរួមគ្នារបស់អាជ្ញាធរមីន និង អង្គការ UNDP ព្រមទាំងបានប្តេជ្ញាគាំទ្រការងារបោសសម្អាតមីនឲ្យកម្ពុជាសម្រេចនូវគោលដៅកម្ពុជាគ្មានមីនឆ្នាំ២០២៥។ ទឹកចិត្តសប្បុរសរបស់រដ្ឋាភិបាល និងប្រជាជននៃប្រទេសកាណាដា បានចូលរួមជួយសង្រ្គោះជីវិតមនុស្សជាច្រើន កាត់បន្ថយចំនួនអ្នកស្លាប់ និងបានប្រែក្លាយតំបន់មានមីន ទៅជាតំបន់ផលិតភាពសម្រាប់ការកសាងលំនៅដ្ឋាន សាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ ស្ពាន កសិកម្ម និងគោលបំណងផ្សេងទៀត។
«ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ជាមួយនឹងការបន្តជំនួយ និងការរួមចំណែកពីប្រទេសកាណាដា ជាមួយនឹងប្រទេសជាមិត្តដទៃទៀត កម្ពុជាកំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅសម្រេចបាននូវគោលដៅ “កម្ពុជាគ្មានមីននៅឆ្នាំ ២០២៥”» នេះជាការបញ្ជាក់របស់ទេសរដ្ឋមន្រ្តី៕










