ប្រទេសស្វីស ៖ ត្រីយន្តឈ្មោះថា «Belle» ត្រូវបានអភិវឌ្ឍន៍ឡើង និងច្នៃម៉ូដដោយក្រុមនិស្សិតវិស្វកម្មមេកានិចនៅ ETH Zurich ជាវិទ្យាស្ថានបច្ចេកវិទ្យាសហព័ន្ធស្វីស ។ ការបង្កើតត្រីយន្តនេះឡើង ក្នុងគោលបំណងជួយឱ្យអ្នកស្រាវជ្រាវផ្នែកសមុទ្រអាចប្រមូលទិន្នន័យនៅក្រោមទឹក ដោយការចុះទៅក្នុងសមុទ្រ ឬរំខានធម្មជាតិនៅបាតសមុទ្រឱ្យតិចបំផុត ។ បើតាមសង្កេតឃើញថា រូបរាង និងការបម្លាស់ទីរបស់វា ស្ទើរមិនខុសប្លែកគ្នាពីត្រីពិតប្រាកដឡើយ ។
សមាជិកម្នាក់ក្នុងក្រុមផលិតត្រីយន្តលើកឡើងថា ខាងក្រុមការងារត្រូវការថតរូបភាព និងសិក្សាពីប្រព័ន្ធអេកូឡូស៊ីនៅបាតសមុទ្រ ។ ហេតុនេះ ត្រីយន្តដែលគេបញ្ជូនឱ្យទៅត្រួតពិនិត្យនៅបាតសមុទ្រ គឺត្រូវស្ងៀមស្ងាត់ គ្មានសំឡេងរំខាន ហើយវាមានលក្ខណៈឱ្យដូចត្រីបំផុត ដើម្បីឱ្យសត្វមានជីវិតនៅបាតសមុទ្រទទួលស្គាល់ថា វាជាពពួកសត្វមានជីវិតដូចគ្នា ។
គេបានប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដើម្បីឱ្យវាអាចបម្លាស់ទីដោយខ្លួនឯង ខណៈគេប្រើខ្លីបស៊ីលីក្លូន ។ ខ្លីបស៊ីលីក្លូននឹងមានច្រកចំនួន២ សម្រាប់ការស្រូបទឹកចេញ-ចូល ដើម្បីឱ្យវាអាចបម្លាស់ទីទៅមកបានជាមួយកន្ទុយ ។ ហេតុនេះ នៅពេលត្រីយន្តហែលទឹក វានឹងគ្មានរលកនៅបាតសមុទ្រទេ ។ ត្រីយន្តនេះមានប្រវែង១ម៉ែត្រ និងទម្ងន់១០គីឡូក្រាម ។
ក្រៅពីត្រីយន្តអាចថតរូបភាពនៅបាតសមុទ្របានច្បាស់ហើយ វាក៏អាចប្រមូលវត្ថុផ្សេងៗ ឬស្លាកស្នាមផ្នែក DNA ដើម្បីបង្ហាញថា តើមានសត្វប្រភេទណាខ្លះរស់នៅក្នុងតំបន់នេះ ? ក្រុមការងារនឹងបញ្ជូនត្រីយន្តទៅបាតសមុទ្ររយៈពេល២ម៉ោង បន្ទាប់មក ពួកគេត្រូវយកវាឡើងមកលើសិន ដើម្បីផ្លាស់ប្តូរថ្ម និងដោះកាមេរ៉ាថតរូបចេញ ។ នៅពេលត្រីយន្តឡើងមកលើទឹក វានឹងបញ្ជូនសញ្ញា GPS ជូនដំណឹងមកកាន់ក្រុមការងារឱ្យដឹងថា ពេលនេះ វាកំពុងនៅត្រង់ចំណុចណា ។
ក្រុមការងារលើកឡើងថា ត្រីយន្តនេះនឹងជួយឱ្យអ្នកវិទ្យាសាស្ត្រផ្នែកសមុទ្រអាចសិក្សាពីស្ថានភាព និងភាពសម្បូរបែបរបស់ប្រព័ន្ធអេកូឡូស៊ីនៅបាតសមុទ្រ ដែលទទួលផលប៉ះពាល់ពីការនេសាទខ្លាំងពេក រួមទាំងបញ្ហាជាតិពុល និងបម្រែបម្រួលអាកាសធាតុផងដែរ ៕ ប្រភព ៖ Thai PBS










