តារាចម្រៀង យឿន សូតអនុស្សាវរីយ៍ បានប្រកាសជាសាធារណៈនៅលើបណ្តាញសង្គមថាលោកបានបញ្ចប់កុងត្រាជាមួយផលិតកម្មសាន់ដេហើយក្រោយពីជ្រកក្នុងទ្រនំនេះអស់រយៈពេលជាច្រើនឆ្នាំ។ ការប្រកាសនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមថាផលិតកម្មសាន់ដេបាត់បង់គ្រាប់ពេជ្ររូបនេះហើយព្រោះបទចម្រៀងរបស់ ស្សាវរីយ៍ មួយចំនួនធំផ្ទុះការគាំទ្រខ្លាំងណាស់ ខណៈអ្នកខ្លះទៀតលើកឡើងថាការបញ្ចប់ជាមួយសាន់ដេ ទំនងជាតារាចម្រៀងរូបនេះជ្រកក្រោមទ្រនំហ្គាឡាក់ស៊ីហើយដែលជាទ្រនំសម្បូរឧកញ៉ា។
រសៀលថ្ងៃទី២៩ ខែមិថុនា នេះ ម្ចាស់បទ«ស្រមោច» បានរៀបរាប់យ៉ាងដូច្នេះថា«ខ្ញុំបាទ យឿន សូតអនុស្សាវរីយ៍ សូមប្រកាសជាសាធារណៈថាខ្ញុំបាទបានបញ្ចប់កុងត្រាការងារជាមួយផលិតកម្ម សាន់ដេ (SUNDAY PRODUCTION) ជាផ្លូវការហើយ។ ក្នុងរយៈពេលជាច្រើនឆ្នាំដែលខ្ញុំបាទបានរួមរស់ក្រោមដំបូលសាន់ដេពិតជាទទួលបានភាពកក់ក្តៅនិងការជួយជ្រោមជ្រែងជាច្រើនរាប់មិនអស់ ខ្ញុំបាទមានថ្ងៃនេះគឺជាគុណបំណាច់ដ៏ធំធេងមិនអាចថ្លៃបានរបស់គ្រួសារសាន់ដេ ពេលវេលាកន្លងមកធ្វើឱ្យខ្ញុំបាទចងចាំមិនអាចបំភ្លេចបានក្នុងមួយជីវិតនេះ។ គ្មានការជួបជុំណាដែលមិនបែកគ្នានោះទេ ប៉ុន្តែអនុស្សាវរីយ៍ល្អៗជាច្រើនរាប់មិនអស់បានដក់ជាប់ក្នុងក្រអៅបេះដូងខ្ញុំជានិច្ចនិរន្តរ៍។ជាចុងក្រោយក៏សូមអរគុណពុកម៉ែបងប្អូនទាំងអស់ដែលបានគាំទ្រខ្ញុំបាទតាំងពីដើមរហូតដល់បច្ចុប្បន្ន..»។
ស្ថិតក្នុងទ្រនំសាន់ដេ តារាចម្រៀងរូបនេះក្រសោបភាពល្បីល្បាញតាមរយៈបទចម្រៀងជាច្រើនដូចជា «មួយកំប៉ុងពីរកំប៉ុង» «ទីងមោង» «ឆ្នាំងណាគ្របហ្នឹង» និងបទមួយចំនួនទៀត។ ការប្រកាសដើរចេញពីផលិតកម្មរបស់ ស្សាវរីយ៍ មហាជនក៏បានលើកឡើងដែរថា សាន់ដេ បាត់បង់គ្រាប់ពេជ្រប្រចាំផលិតកម្មមួយទៀតហើយ។ ជាមួយគ្នានេះដែរ បើតាមការសង្កេតឃើញរបស់បណ្តាអ្នកគាំទ្រ តារាចម្រៀងរូបនេះមានភាគរយខ្ពស់ទំនងជាជ្រកក្នុងទ្រនំហ្គាឡាក់ស៊ី ព្រោះរយៈពេលចុងក្រោយដែល ស្សាវរីយ៍ ស្ងាត់ចេញបទចម្រៀងក្នុងផលិតកម្មសាន់ដេ គេឃើញលោកបង្ហាញភាពស្និទ្ធស្នាលជាមួយតារាចម្រៀងប្រចាំផលិតកម្មហ្គាឡាក់ស៊ីមានដូចជាឧកញ៉ា ព្រាប សុវត្ថិ ,ឧកញ៉ា ខេមរៈ សិរីមន្ត និងតារាចម្រៀង ខេម ជាដើម៕












