មហាជនមួយចំនួនជ្រាបមកហើយថាជុំវិញរឿងហូបទុរេនដៀលអ្នកស្រែត្រូវបានអ្នកលេងបណ្តាញសង្គម ចំប៉ីខ្មៅ ស្នើឱ្យជំទាវ ចន ច័ន្ទលក្ខណា យកអ្នកដៀលអ្នកស្រែមានការLiveសូមទោសរួមទាំងមានមេធាវីផងធ្វើដូចរឿងខ្លួននៅក្នុងឆ្នាំ២០១៨។ រឿងនេះទៀតសោតអ្នកលេងបណ្តាញសង្គមគាំទ្រនូវការលើកឡើងរបស់ចំប៉ីខ្មៅយ៉ាងខ្លាំង ប៉ុន្តែងាកទៅកាន់ប្រធានសមាគមសិល្បករកម្ពុជាវិញមិនមានសកម្មភាពតបតអ្វីនោះទេគឺរក្សាភាពស្ងៀមស្ងាត់ជាទីបំផុតលើរឿងនេះ ខណៈចំប៉ីខ្មៅថាបើរឿងនេះស្ងាត់ខ្លួននឹងដាក់ញត្តិទៅក្រសួងពាក់ព័ន្ធទាំងអស់។
នៅលើបណ្តាញសង្គមលោក យិន ហេង ហៅ ចំប៉ីខ្មៅ ល្ងាចថ្ងៃទី២៨ ខែមិថុនា នេះបានរៀបរាប់ឱ្យដឹងថា «10000shares គាំទ្រ បើរឿងនេះស្ងាត់ ខ្ញុំនឹង ដាក់ញត្តិទៅក្រសួងពាក់ព័ន្ធ ទាំងអស់ អរគុណពុកម៉ែបងប្អូន ដែលយល់ថា កិត្តិយស សេចក្ដីថ្លៃថ្នូររបស់មនុស្សគឺពិតជាមានតម្លៃណាស់ រឹតតែធំនោះ ទោះបីក្រ ឬ មាន យើងជាពលរដ្ឋខ្មែរគ្រប់ៗរូបគ្រាន់តែចង់ឃើញការអនុវត្តច្បាប់ ដែលស្មើភាពគ្នា ដូចរដ្ឋធម្មនុញ្ញដែលបានចែង អរគុណសន្ដិភាព ដែលធ្វើឱ្យខ្ញុំរៀនបានចប់ហើយក្លាយជាធនធានផ្នែកច្បាប់»។
ការលើកឡើងរបស់អ្នកលេងបណ្តាញសង្គមល្បីឈ្មោះរូបនេះធ្វើឡើង ក្រោយមហាជនគាំទ្រការចេញវីដេអូរបស់លោកស្នើឱ្យជំទាវ ចន ច័ន្ទលក្ខណា ប្រធានសមាគមសិល្បករកម្ពុជា មានចំណាត់ការលើអ្នកប្រូម៉ូតផលិតផលម្នាក់ហូបទុរេនដៀលអ្នកស្រែយកមកLiveសូមទោសជាសាធារណៈចំពោះកំហុសឆ្គងធ្វើឱ្យដូចរឿងខ្លួនកាលពីឆ្នាំ២០១៨ អមមកជាមួយមេធាវីផង ដើម្បីកុំឱ្យមានភាពលម្អៀង មានស្តង់ដា២នៅក្នុងសង្គមតែម្តង។
ក្រោយពី ចំប៉ីខ្មៅ លើកឡើងបែបនេះគេសង្កេតឃើញថាអ្នកលេងបណ្តាញសង្គមជាច្រើនបានបង្ហាញការគាំទ្រលោកយ៉ាងខ្លាំងមានអ្នកស៊ែរលើរឿងនេះយ៉ាងផុសផុលលើបណ្តាញសង្គម។
យ៉ាងណាមិញ ក្រោយពីសាធារណជន រួមទាំង ចំប៉ីខ្មៅ បានស្នើឱ្យជំទាវ ចន ច័ន្ទលក្ខណា យកអ្នកហូបទុរេនដៀលអ្នកស្រែមកLive សូមទោសជាសាធារណៈ គេមិនទាន់ឃើញសកម្មភាពរបស់ប្រធានសមាគមសិល្បករនេះឆ្លើយតបឬមានចំណាត់ការអ្វីឡើយគឺព្យាយាមរក្សាភាពស្ងៀមស្ងាត់ជាទីបំផុតចំពោះរឿងនេះ។
ការរក្សាភាពស្ងៀមស្ងាត់នេះដែរ សាធារណជនប្រើបណ្តាញសង្គមបានវាយបកទៅអ្នកនាង ចន ច័ន្ទថា ហ៊ានបានតែចំប៉ីខ្មៅដែលគ្មានយសសក្តិ អ្នកមិនមានធនធាន ប៉ះចំអ្នកមានស្ងាត់ឱ្យឈឹងមិនហ៊ានមាត់ក៕










