មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីតារាចម្រៀងរ៉េប នេន ទុំ បានបង្ហោះវីដេអូរថយន្តរបស់ខ្លួនត្រូវក្រឡាប់ដោយសារតែសង្គ្រោះជីវិតសត្វឆ្កែមួយក្បាលសុខចិត្តចូលពេទ្យខ្លួនឯង ខណៈលោកបានបង្ហើបប្រាប់ថាជិះល្បឿន៦០ប៉ុណ្ណោះ។ ជុំវិញរឿងនេះតារាចម្រៀង នេន ទុំ បានផ្តល់បទសម្ភាសជាមួយ KBN News ថាការជួបគ្រោះថ្នាក់នេះគឺលោកធានាអះអាងថាលោកមិនបានពិសារគ្រឿងស្រវឹងឡើយ ហើយការជួបគ្រោះថ្នាក់នេះគឺលោកចេញទៅច្រៀងនៅខេត្តកំពត។
កាលពីល្ងាចថ្ងៃទី២៤ ខែមិថុនា លោក នេន ទុំ ដែលជាតារាចម្រៀងរ៉េបបានបង្ហោះវីដេអូខ្លីអមជាមួយខ្លឹមសារថា «អស់ពីបុកក្របី បុកគោ អស់ពីគោគេចឆ្កែ ដើម្បីជីវិតសត្វឆ្កែមួយ សុខចិត្តចូលពេទ្យខ្លួនឯង ទាំងរហេមរហាម ជីវិតខ្ញុំអើយ ជិះល្បឿន៦០សោះក៏ជួបគ្រោះដែរ…»។ ការបង្ហើបដំណឹងនេះធ្វើឱ្យមហាជនជាច្រើនមានភាពភ្ញាក់ផ្អើលជាខ្លាំងចំពោះគ្រោះថ្នាក់របស់តារាចម្រៀងរូបនេះ។
ជាមួយគ្នានេះដែរ ផ្តល់បទសម្ភាសតាមទូរសព្ទជាមួយ KBN NEWS តារាចម្រៀងរ៉េប នេន ទុំ បានឱ្យដឹងថាស្ថានភាពលោកពេលនេះពុំមានបញ្ហាចោទនោះទេគឺរងគ្រោះថ្នាក់តែបន្តិចបន្តួចប៉ុណ្ណោះគ្រាន់តែពេលនេះនៅមិនទាន់ស្ងប់ចិត្តនៅឡើយ គឺនៅភ័យមិនទាន់បាត់ឃើញឡានលែងហ៊ានបើក។ តារាចម្រៀងរូបនេះបន្ថែមទៀតថា គ្រោះថ្នាក់នេះកើតឡើងនៅស្រុកដងទង់ ខេត្តកំពត ហើយក្នុងឡាននោះមានគ្នាចំនួន៥នាក់ ប៉ុន្តែមិនមានអ្នកណាគ្រោះថ្នាក់ទេ មានតែលោកប៉ុណ្ណោះជួបគ្រោះថ្នាក់រលាត់ស្បែក និងបានចូលពេទ្យពិនិត្យមើលមិនមានបញ្ហាអ្វីធ្ងន់ធ្ងរឡើយ ខណៈលោកត្រូវបន្តច្រៀងទាំងស្ថានភាពបែបនេះ។
លោក នេន ទុំ បានឱ្យដឹងទៀតថា មែនទែនទៅលោកគ្មានបំណងថាបង្ហោះនោះទេ តែដោយសារមានប្រជាពលរដ្ឋនៅទីនោះថតបង្ហោះលោកក៏បង្ហោះតែម្តងទៅ និងដើម្បីកុំឱ្យមានការភាន់ច្រឡំពីសំណាក់មហាជនចំពោះគ្រោះថ្នាក់នេះដោសារតែបើកបរល្បឿនលឿន ឬមានជាតិអាល់កុលជាដើម។ លោកបានបញ្ជាក់ និងអះអាងយ៉ាងច្បាស់ថា លោកពុំបានបើកបរក្នុងល្បឿនលឿនឡើយ រិតតែមិនមានជាតិអាល់កុលក្នុងខ្លួនទៀត ដោយសារតែបើកក្នុងល្បឿនយឺតជាទីបំផុតហើយផ្អៀងទៅៗអស់ជហរទើបក្រឡាប់បើសិនជាបើកខ្លាំង ពេលនោះច្បាស់ជាមានគ្រោះថ្នាក់មិនខាន។
តារាចម្រៀង នេន ទុំ បានបន្ថែមថា កាលពីប្រមាណមួយខែមុនលោកក៏ជួបគ្រោះថ្នាក់ព្រោះគេចគោដូចគ្នាហើយលើកនេះទៀតមើលទៅមានតែខ្លួនត្រូវជឿតាមជំនឿខ្លះត្រូវសូត្រមន្តបណ្តេញគ្រោះចង្រៃហើយ៕










