សិល្បៈធ្វើម្ហូបខ្មែរមានអាយុកាលជាងមួយពាន់ឆ្នាំ ដែលបានទទួលឥទ្ធិពលពីប្រទេសឥណ្ឌា ចិន និងបារាំង។ ម្ហូបខ្មែរមានច្រើនសណ្ឋានដូចជា ស្ល ឆា ចៀន ស្ងោរ និងមានរសជាតិប្លែកៗពីគ្នា។ ដូច្នេះហើយថ្ងៃនេះ KBN News សូមលើកបង្ហាញម្ហូបអាហារទាំង ៧ ដែលមានអត្តសញ្ញាណជាតិខ្មែរនិងមានប្រវត្តិរាប់រយឆ្នាំមកហើយ ដែលម្ហូបទាំងនោះមានដូចជា៖
១.នំបញ្ចុក៖ នំបញ្ចុក ជាអាហារប្រពៃណីខ្មែរយ៉ាងសំខាន់ដែលមានអាយុកាលតាំងពីឆ្នាំ ១២៧០ នៃ គ.ស នា សវត្សន៍ទី១៣ ។ បច្ចុប្បន្នអាហារមួយមុខនេះពិតមានប្រជាប្រិយភាពខ្លាំងណាស់សម្រាប់ប្រជាជនខ្មែរ។ ជាទូទៅយើងឃើញគេយកនំបញ្ចុកមកទទួលទានជាអាហារពេលព្រឹក ឬយកទៅធ្វើក្នុងពិធីបុណ្យផ្សេងៗ ដូចជាបុណ្យភូមិ និងបុណ្យឡើងអ្នកតាជាដើម។
២.សម្លកកូរ៖ សម្លកកូរ គឺជាសម្លបែបប្រពៃណីរបស់កម្ពុជា។ សម្លនេះត្រូវបានគេចាត់ទុកជាមុខម្ហូបបែបធម្មជាតិដែលភាគច្រើនផ្តល់នូវអត្ថប្រយោជន៍ដល់សុខភាពបានល្អប្រសើរនៅពេលបរិភោគ។ សម្លកកូរ ពិតជាពេញនិយមខ្លាំងណាស់សម្រាប់ប្រជាជនខ្មែរនាពេលសម័យមុន រហូតមកដល់បច្ចុប្បន្ន។
៣.ទឹកគ្រឿង៖ ទឹកគ្រឿង ជាម្ហូបដែលមានឱជារស និងសម្បូណ៌ទៅដោយជីវជាតិព្រោះផ្សំពីត្រី ហើយទទួលទានជាមួយបន្លែស្រស់ៗជាច្រើនមុខ។ ទឹកគ្រឿងស្ថិតនៅក្នុងចំណោមម្ហូបអាហារប្រពៃណី ដែលជនជាតិខ្មែរនិយមទទួលទានតាំងពីបុរាណកាលរហូតដល់បច្ចុប្បន្ន។
៤.ប្រហុក៖ ប្រហុក គឺជាអាហារដ៏សំខាន់មិនអាចខ្វះបានសម្រាប់ប្រជាជនខ្មែរ ជាពិសេសគឺកសិករខ្មែរនៅតាមស្រុកស្រែចំការ។ ប្រហុកគឺជាអាហារផ្អាប់ដែលទុកបានយូរ និងមានអាយុកាលយូរលង់ណាស់មកហើយ។
៥.ផ្អក៖ ផ្អក គឺជាប្រភេទអាហារប្រពៃណីរបស់ខ្មែរដែលគេនិយម និងមានឱជារសឆ្ងាញ់និងជាអាហារផ្អាប់ដែលទុកបានយូរផងដែរ។ ផ្អកមានច្រើនបែបច្រើនយ៉ាងដូចជាផ្អកត្រី, ផ្អកកំពឹស, ផ្អកត្រីក្រឹម, និងផ្អកធ្វើពីបន្លែមួយចំនួនដូចជាផ្អកឆៃថាវ, ផ្អកត្រសក់ ឬផ្អកត្រពាំងជាដើម។
៦.សម្លរប្រហើរ៖ សម្លរប្រហើរ ជាសម្លរដែលមានរសជាតិឆ្ងាញ់និងមានអាយុកាលយូរលង់ណាស់មកហើយ។ បច្ចុប្បន្នម្ហូបនេះគឺពេញនិយមខ្លាំងណាស់សម្រាប់ប្រជាជនខ្មែរ ជាពិសេសគឺបងប្អូនកសិករខ្មែរនៅតាមស្រុកស្រែចំការ។
៧.បាយសាច់ជ្រូក៖ បាយសាច់ជ្រូក គឺជាអាហារពេលព្រឹកដែលមានដើមកំណើតនៅប្រទេសកម្ពុជា។ បច្ចុប្បន្នអាហារនេះគឺពិតជាពេញនិយមខ្លាំងណាស់ សម្រាប់ប្រជាជនខ្មែរ៕










