ប្រទេសជប៉ុន ៖ បុរសចំណាស់ជនជាតិជប៉ុនម្នាក់ឈ្មោះ Matsuo Nakajima អាយុ៨៧ឆ្នាំ បានប្រគល់ដុំមាស និងប្លាទីនរបស់ខ្លួន ដែលស្មើនឹងទឹកប្រាក់ចំនួន២៨០លានយេន ដើម្បីជួយដល់ទីក្រុងមីណូ ខេត្តអូសាកា ។ ការប្រគល់មាស និងប្លាទីនមកឱ្យទីក្រុងមីណូ ដោយសារលោកចង់សងគុណដល់ទីក្រុងនេះដែលអនុញ្ញាតឱ្យលោកបើកអាជីវកម្មរកស៊ី និងរកបានប្រាក់ចំណូលដ៏ច្រើននេះ ។
លោក Matsuo Nakajima គឺជាម្ចាស់ភោជនីយដ្ឋានម្នាក់ និងបានសន្សំទុកនូវទ្រព្យសម្បត្តិរបស់ខ្លួនអស់រយៈពេល៥០ឆ្នាំមកហើយ ។ លោកបានប្រគល់មាសទម្ងន់២០គីឡូក្រាម និងប្លាទីន១គីឡូក្រាមទៅឱ្យអភិបាលក្រុងមីណូ ដើម្បីយកទៅប្រើប្រាស់ឱ្យក្លាយជាប្រយោជន៍ដល់សាធារណៈ ដូចជា ទិញរថយន្តសង្គ្រោះបន្ទាន់សម្រាប់មន្ទីរពេទ្យជាដើម ។ លោកនិយាយថា លោកចង់ផ្តល់ទ្រព្យសម្បត្តិទាំងនេះជួយដល់សង្គម ខណៈលោកកាន់តែចាស់ជរា ។
កាលពីថ្ងៃទី២០ ខែមិថុនា កន្លងមក លោក Kazuhiko Ueshima អភិបាលក្រុងមីណូ បានផ្ញើលិខិតថ្លែងអំណរគុណជាផ្លូវការទៅកាន់លោក Matsuo Nakajima ។ លោក Matsuo Nakajima និយាយថា ៖ «ខ្ញុំត្រូវបានគេអនុញ្ញាតឱ្យប្រកបអាជីវកម្មនៅទីក្រុងមីណូ ដែលធ្វើឱ្យខ្ញុំអាចរកបានប្រាក់ចំណូលដ៏ច្រើននេះ ។ ដូច្នេះ ខ្ញុំចង់តបស្នងទៅកាន់ទីក្រុងមីណូវិញ ។ ចំណែកចៅៗវិញក៏សប្បាយចិត្តណាស់ដែរ ដែលបានឃើញខ្ញុំធ្វើអំពើល្អសម្រាប់សង្គមបែបនេះ» ។![]()
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែមិថុនា កន្លងមក លោក Matsuo Nakajima ទើបតែបានបរិច្ចាគប្រាក់របស់ខ្លួនចំនួន២០០លានយេនទៅឱ្យវត្តមួយកន្លែងនៅប្រទេសជប៉ុនផងដែរ ៕ ប្រភព ៖ Nation World










