ប្រទេសចិន៖ យោងតាមប្រភពព័ត៌មាន SCMP របស់ចិនកាលពីថ្ងៃទី១៥ ខែមិថុនា បានឱ្យដឹងថា ក្បាលរថភ្លើងអ៊ីដ្រូសែន Ningdong ដំបូងគេរបស់ប្រទេសចិនត្រូវបានគេសរសើរថាជាក្បាលរថភ្លើងដើរដោយថាមពលអ៊ីដ្រូសែនខ្លាំងបំផុតរបស់ពិភពលោក នឹងមានសក្ដានុពលក្នុងការជំនួសឱ្យម៉ាស៊ីនដែលដើរដោយឥន្ធនៈហ្វូស៊ីលដែលកំពុងប្រើប្រាស់សព្វថ្ងៃ។ ដោយ Ningdong អាចផ្ទុកអ៊ីដ្រូសែនបាន ២៧០ គីឡូក្រាម និងដំណើរការបន្តរហូតដល់ ១៩០ ម៉ោង។
គោលបំណងនៃការបង្កើតក្បាលរថភ្លើងអ៊ីដ្រូសែន Ningdong នេះ គឺដើម្បីការកាត់បន្ថយការបំភាយឧស្ម័នពុល និងជំនួសឱ្យម៉ាស៊ីនដែលដើរដោយឥន្ធនៈហ្វូស៊ីល ព្រោះឥន្ធនៈហ្វូស៊ីល គឺមានការបំភាយឧស្ម័នពុលយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលធ្វើឱ្យប៉ះពាល់ដល់បរិស្ថានរបស់ពិភពលោកយ៉ាងខ្លាំង។
គួរបញ្ជាក់ដែរថា ក្បាលរថភ្លើងអ៊ីដ្រូសែនដំបូងគេរបស់ពិភពលោកបានចាប់ផ្តើមប្រតិបត្តិការពាណិជ្ជកម្មក្នុងប្រទេសអាឡឺម៉ង់ក្នុងឆ្នាំ ២០១៨ ហើយបានធ្វើដំណើរជាង ២២០,០០០ គីឡូម៉ែត្រក្នុងប្រទេសអឺរ៉ុបចំនួនប្រាំបីគិតត្រឹមខែមករានេះបើយោងតាមក្រុមហ៊ុនផលិតរថភ្លើងគឺក្រុមហ៊ុនបារាំង Alstom ។
ដូច្នេះហើយ បច្ចុប្បន្នប្រទេសចិនគ្រោងនឹងពន្លឿនការអភិវឌ្ឍន៍យានជំនិះដែលប្រើដោយថាមពលអ៊ីដ្រូសែនដូចទៅនឹងអឺរ៉ុបផងដែរ នឹងមានបំណងបង្កើតរថយន្តកោសិកាឥន្ធនៈចំនួន ៥០,០០០ គ្រឿងនៅឆ្នាំ ២០២៥ នេះបើយោងតាមផែនការដែលចេញផ្សាយដោយគណៈកម្មាធិការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិរបស់ប្រទេសចិនក្នុងខែមីនា ឆ្នាំ ២០២២។ ប្រទេសនេះដែរក៏មានគោលដៅសាងសង់ស្ថានីយចាក់ប្រេងអ៊ីដ្រូសែន និងផលិតអ៊ីដ្រូសែនបៃតងពី ១០០,០០០ ទៅ ២០០,០០០ តោនក្នុងឆ្នាំ ២០២៥ ផងដែរ៕ ប្រភព៖vnexpress










