កោះខ្យង ស្ថិតនៅស្រុកស្រែអំបិល ខេត្តកោះកុង គឺជារមណីយដ្ឋានធម្មជាតិដ៏ស្រស់ត្រកាល មានដើមដូងដុះពាសពេញ និងដុំថ្មតូចធំតាមមាត់ឆ្នេរ នៃកោះ។
នៅលើកោះនេះ មានដើមដូងជាច្រើនបង្កើតបានជាផ្ទាំងទស្សនីយភាពមួយបែប និងមានឆ្នេរសមុទ្រដ៏ស្រស់ស្អាតគួរអោយចង់គុគន់។ អ្វីដែលកាន់ពិសេសជាងនេះទៅទៀតនេះ មានបរិយាកាសស្ងប់ស្ងាត់ ងាយស្រួលក្នុងការលំហែអារម្មណ៍។
កោះខ្យងនេះជាប់ឈ្មោះជាយូរណាស់មកហើយ ពីព្រោះទីនេះមានទីតាំងជាប់សមុទ្រ និង កោះនាៗជាច្រើនទៀត ព្រមទាំងទីនេះ មានសណ្ឋានដីដូចជាកោះ និង សំបូរទៅដោយខ្យងផងនោះទើបទីនេះត្រូវបានគេដាក់ឈ្មោះថា កោះខ្យង។
កោះខ្យងគឺជាតំបន់ជំនួញតូចមួយ ប៉ុន្តែប្រជាជននៅទីនេះភាគច្រើនមានជីវភាពធូរធារដោយសារតែពួកគេសុទ្ធតែជាអ្នកជំនួញ។ ទីនេះមានប្រជាជនប្រហែលជា២៥០ទៅ៣០០គ្រួសារភាគច្រើនដូចជាអ្នក នេសាទ ជាអ្នកលក់ដូរ និងបើកអាជីវកម្មផ្ទាល់ខ្លួន។
ដោយឡែកសម្រាប់ភ្ញៀវទេសចរណ៍ដែលទៅកម្សាន្តនៅទីនោះ អាចសម្រាកគេងបោះតង់នៅទីនោះ គយគន់មើលថ្ងៃលិច និងពេលរាត្រីយើងក៏អាចដុតភ្លើង អាំងសាច់ និងនិយាយរៀងក្នុងចិត្តជាមួយមនុស្សជាទីស្រលាញ់របស់យើង ដើម្បីធ្វើអោយបរិយាកាសកាន់តែរីករាយថែមទៀត៕










