រដ្ឋធានីហាណូយ៖ ស្របពេលពិភពលោក កំពុងតែដើរដល់សម័យបច្ចេកវិទ្យាឌីជីថលដ៏ទំនើបនោះ ប្រទេសវៀតណាម ក៏កំពុងតែអភិវឌ្ឍយ៉ាងលឿនបំផុតមួយ នៅក្នុងតំបន់អាស៊ាន ហើយការទូទាត់ដោយគ្មានសាច់ប្រាក់ តាមរយៈធនាគារ គិតជាមធ្យម ឈានដល់៤០ពាន់លានដុល្លារ ក្នុង១ថ្ងៃ។
សារព័ត៌មាន Vietnam Net បានចេញផ្សាយ នៅថ្ងៃចន្ទ ទី១៩ ខែមិថុនា ថា បើតាមលោក ផាម អាញ ទួន (Pham Anh Tuan) ប្រធាននាយកដ្ឋានទូទាត់របស់ធនាគាររដ្ឋវៀតណាម (SBV) បានឱ្យដឹងថា ការទូទាត់ដោយគ្មានសាច់ប្រាក់ កំពុងតែអភិវឌ្ឍយ៉ាងឆាប់រហ័ស នៅក្នុងប្រទេសវៀតណាម ជាពិសេស ក្រោយវិបត្ដិជំងឺរាតត្បាត បង្កឡើងដោយកូវីដ-១៩ ជាមួយនឹងប្រតិបត្តិការ តាមរយៈធនាគារ គិតជាមធ្យម ចំនួន៤០ពាន់លានដុល្លារអាមេរិក នៅក្នុងមួយថ្ងៃ។
ថ្លែងនៅក្នុងសិក្ខាសាលាមួយ កាលពីពេលថ្មីៗនេះ ដែលបានធ្វើឡើង ជាផ្នែកមួយ នៃទិវាគ្មានសាច់ប្រាក់ ២០២៣ (Cashless Day 2023) លោក ទួន បានបញ្ជាក់ ថា ធនាគារកណ្តាល បានកំណត់គោលដៅ បង្កើតគណនីទូទាត់ ដោយគ្មានសាច់ប្រាក់ សម្រាប់ពាក់កណ្តាល នៃប្រតិបត្ដិការទាំងអស់ នៅឆ្នាំ២០២៥។ ករណីនេះ នឹងផ្តល់អាទិភាព ដល់ការបង្កើតហេដ្ឋារចនាសម្ព័ន្ធ លើការទូទាត់ប្រាក់ កាន់តែទូលំទូលាយ ដោយអាចចូលទៅប្រើប្រាស់បាន និង មានសុវត្ថិភាព នៅទូទាំងប្រទេស សម្រាប់ការទូទាត់ប្រាក់ តាមប្រព័ន្ធឌីជីថល ហើយវាជាទម្រង់ប្រតិបត្តិការដ៏ពេញនិយម សម្រាប់មនុស្សទាំងអស់គ្នា។
លោកប្រធាននាយកដ្ឋានទូទាត់របស់ធនាគាររដ្ឋវៀតណាម បានបន្ថែម ថា ធនាគារកណ្តាលវៀតណាម កំពុងតែធ្វើសេចក្តីព្រាងក្រឹត្យថ្មីមួយ សម្រាប់បង្កើតក្របខ័ណ្ឌច្បាប់ ដើម្បីលើកកម្ពស់ ដល់ការទូទាត់មិនមែនសាច់ប្រាក់។
បើនាយកដ្ឋានទូទាត់របស់ធនាគាររដ្ឋវៀតណាម ហៅកាត់ SBV បានឲ្យដឹង ថា បច្ចុប្បន្ន មនុស្សពេញវ័យ នៅទូទាំងប្រទេសវៀតណាម ច្រើនជាង៧០ភាគរយ សុទ្ធតែមានគណនីធនាគារ។ ប្រតិបត្តិការទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិករបស់ធនាគារអន្តរធនាគារ បានកើនឡើង ៥២,៨ភាគរយ ធៀបនឹងឆ្នាំមុន បើគិតជាបរិមាណ នៅក្នុងរយៈពេល៤ខែដំបូង។
ការទូទាត់ប្រាក់តាមរយៈលេខកូដ QR មានកំណើនគួរឱ្យចាប់អារម្មណ៍បំផុត ជាមួយនឹងការកើនឡើង ច្រើនជាង១៦១ភាគរយ នៅក្នុងបរិមាណ និង ៣៦ភាគរយ នៅក្នុងតម្លៃ។ ដោយឡែក ការដកសាច់ប្រាក់ តាមម៉ាស៊ីន ATM បានបន្តធ្លាក់ចុះ ពី៣,៥ភាគរយ នៅក្នុងបរិមាណ និង ៥,៥ភាគរយជាតម្លៃ៕










