ប្រទេសចិន ៖ ប្រទេសចិនបានកាត់បន្ថយប្រាក់ជំនួយសម្រាប់អភិវឌ្ឍន៍ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយសារចិនបានយកប្រាក់ទាំងនេះទៅចំណាយនៅតំបន់ផ្សេងទៀត ដែលធ្វើឱ្យចិនបាត់បង់តំណែងជាប្រទេស «ប្រភពប្រាក់ជំនួយ» ដ៏ធំបំផុតក្នុងតំបន់នេះ ។ គេចាត់ទុកថា ចិនជាប្រទេសផ្តល់ជំនួយផ្នែកអភិវឌ្ឍន៍ដ៏ធំបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍ នៅឆ្នាំ២០១៥ និងឆ្នាំ២០១៩ ប៉ុន្តែត្រូវបានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងធនាគារពិភពលោក (World Bank) វ៉ាដាច់ប្រទេសចិន ក្នុងអំឡុងពេលជំងឺកូវីដ-១៩ រាតត្បាត ។
តាមរបាយការណ៍របស់ Lowy Institute បង្ហាញថា ការផ្តល់ជំនួយរបស់ចិនក្នុងតំបន់អាស៊ីអាគ្នេយ៍បានធ្លាក់ចុះពី៧.៦០០លានដុល្លារអាមេរិកនៅឆ្នាំ២០១៥ មកនៅត្រឹមតែ៣.៩០០លានដុល្លារអាមេរិកប៉ុណ្ណោះនៅឆ្នាំ២០២១ ។ ប្រទេសចិនផ្តល់ប្រាក់កម្ចីភាគច្រើនសម្រាប់ការអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមទាំងគម្រោងរថភ្លើងល្បឿនលឿននៅប្រទេសម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងថៃ ផងដែរ ។
ទោះយ៉ាងណា ប្រទេសផ្សេងៗដូចជា សហរដ្ឋអាមេរិក អូស្ត្រាលី និងជប៉ុន បានព្យាយាមបង្កើនជំនួយរបស់ខ្លួនដើម្បីទប់ស្កាត់នឹងឥទ្ធិពលចិន ស្របពេលស្ថានការណ៍កាន់តែតឹងតែងរវាងប្រទេសចិន និងប្រទេសលោកខាងលិច ។ ក្រៅពីនេះ ប្រទេសសម្ព័ន្ធមិត្តថ្មីៗ ក៏បានឈានជើងចូលក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ ដូចជា ធនាគារអភិវឌ្ឍន៍ឥស្លាមអារ៉ាប៊ីសាអូឌីត ដែលបានផ្តល់ប្រាក់កម្ចីចំនួន២២៥លានដុល្លារអាមេរិកក្នុង១ឆ្នាំ ហើយប្រាក់ទាំងនេះភាគច្រើនផ្តោតទៅលើប្រទេសឥណ្ឌូណេស៊ី ។ ចំណែកប្រទេសឥណ្ឌាបានបរិច្ចាកប្រាក់ចំនួន៧០លានដុល្លារអាមេរិកក្នុង១ឆ្នាំទៅឱ្យប្រទេសមីយ៉ាន់ម៉ា ។ គេសង្កេតឃើញថា មូលនិធិភាគច្រើនសម្រាប់អភិវឌ្ឍន៍ក្នុងតំបន់ ឬស្មើប្រមាណ៨០% បានមកពីធនាគារនៅប្រទេសផ្សេងៗដូចជា ជប៉ុន កូរ៉េខាងត្បូង សហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងអូស្ត្រាលី ៕ ប្រភព ៖ AEC Connect










