អស់រយៈពេលជាច្រើនខែមកហើយចាប់តាំងពីខែកុម្ភៈ តារាចម្រៀង Step ពុំបានបង្ហាញសកម្មភាពរបស់ខ្លួននៅលើបណ្តាញសង្គមទេដែលធ្វើឱ្យអ្នកគាំទ្រផ្ទុះចម្ងល់ជាខ្លាំងមិនថាការចេញបទចម្រៀងឬសកម្មភាពសម្តែងណាមួយជាមួយដៃគូកញ្ញា SK ឡើយ។
បើនិយាយពីបទចម្រៀងវិញ លោក សុខ វិបុល ហៅ Step បានស្ងប់ស្ងាត់ពីវិស័យនេះអស់រយៈជាយូរមកហើយ ខណៈទទួលបានការគាំទ្រយ៉ាងខ្លាំងតាមរយៈការសម្តែងរឿងខ្លីបែបស្នេហាដោយចាប់ដៃគូសម្តែងជាមួយកញ្ញា SK វិញ។ ការងាកចេញពីការផលិតចម្រៀងងាកមកបង្កើតទីផ្សារសម្តែងទៀតសោតក៏មានអ្នកលើកឡើងដែរថាទំនងតារាប្រុសរូបនេះបញ្ចប់កុងត្រាជាមួយផលិតកម្មរស្មីហង្សមាសហើយ។
បន្ទាប់ពីមានប្រជាប្រិយភាពតាមរយៈការសម្តែង មហាជនចាប់ភ្លឹកថា មិនត្រឹមតែមិនចេញបទថ្មី ឬការសម្តែងប៉ុន្តែនៅលើបណ្តាញសង្គមរបស់ Step វិញពុំមានសកម្មភាពច្រើនខែមកហើយចាប់តាំងពីថ្ងៃទី១៧ ខែកុម្ភៈ ស្ងាត់ឈឹងតែម្តង។ ការបាត់មុខរបស់តារាខ្មែរមានមុខមាត់ដូចកូនកាត់កូរ៉េនេះ បណ្តាអ្នកគាំទ្រមានចម្ងល់ជាខ្លាំងតើការបាត់មុខរបស់ Step កំពុងជួបបញ្ហាអ្វី ឬកំពុងមានអ្វីដែលថ្មីដើម្បីផ្តល់ចំណីចក្ខុដល់មហាជន ព្រោះមិនត្រឹមតែមិនមានសកម្មភាពលើបណ្តាញសង្គមសូម្បីតាមកម្មវិធីទូរទស្សន៍នានាពុំឃើញវត្តមានរបស់លោកឡើយ។
គួរបញ្ជាក់ផងដែរថា Step មិនត្រឹមតែមានរូបឆោមសង្ហាប៉ុណ្ណោះទេ តែតារារហុប្រុសរូបនេះជាសិល្បករមានជំនាញច្រើនមិនថាការច្រៀង និពន្ធចម្រៀង ទំនុកភ្លេង តែលោកក៏អាចសម្តែងបានយ៉ាងល្អ។ ជាក់ស្តែង ពេលសម្តែងរឿងជាមួយកញ្ញា SK មានភាពទាក់ទាញខ្លាំងនិងមានភាពស៊ីចង្វាក់គ្នាមិនធម្មតារហូតហ្វេនៗចង់ឱ្យអ្នកទាំងពីរជាគូស្នេហ៍ពិតទៀតផង៕










