រដ្ឋធានីសូហ្វៀ (Sofia) ៖ សាធារណរដ្ឋប៊ូលហ្ការី (Bulgaria) បានស្ដីបន្ទោសខ្លាំង មកដល់ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំនៅរដ្ឋធានីសូហ្វៀ ជុំវិញការពង្រីកព័ត៌មានមិនពិត អំពីប្រទេសជាសមាជិកអង្គការណាតូមួយនេះ បញ្ជូនកងទ័ពរបស់ខ្លួន ទៅជួយដល់អ៊ុយក្រែន ទប់ទល់នឹងសង្គ្រាមឈ្លានពានរបស់មេដឹកនាំវិមានក្រឹមឡាំង លោក វ៉្លាឌីមៀ ពូទីន។
សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី១៥ ខែមិថុនា ថា ក្រសួងការបរទេសប៊ូលហ្ការី បានបញ្ជាក់ ថា «រដ្ឋាភិបាលក្រុងសូហ្វៀ បានផ្ដល់នូវការគាំទ្ររបស់ខ្លួន ជួយដល់ប្រទេសអ៊ុយក្រែន ដោយអនុលោមទៅលើច្បាប់ និង បទដ្ឋាននានា ហើយការប៉ុនប៉ងណាមួយ នៅក្នុងការឃោសនា និង ការផ្ដល់ព័ត៌មានក្លែងក្លាយ គឺជាការមិនសមស្របនឹងតម្លៃប្រជាធិបតេយ្យ ហើយវាជាសកម្មភាព មិនអាចទទួលយកបាននោះឡើយ»។
ក្រសួងការបរទេសប៊ូលហ្ការី បានស្ដីបន្ទោសទៀត ថា «យើងមានភាពស៊ីសង្វាក់គ្នា នៅក្នុងសាមគ្គីភាពរបស់យើង ជាមួយនឹងប្រជាជនអ៊ុយក្រែន ហើយយើងនឹងគាំទ្រដោយគ្មានលក្ខខណ្ឌរបស់យើង សម្រាប់ឯករាជភាព អធិបតេយ្យភាព និង បូរណភាពទឹកដីរបស់អ៊ុយក្រែន នៅក្នុងព្រំដែន ត្រូវបានទទួលស្គាល់ជាអន្តរជាតិ រួមទាំងដែនទឹកផងដែរ»។
ការស្ដីបន្ទោសរបស់ប៊ូលហ្ការី ប្រឆាំងនឹងប្រេសិតរបស់ក្រុងមូស្គូ បានកើតឡើង ក្រោយពេលឯកអគ្គរដ្ឋទូតរុស្សី លោកស្រី អេលៀណូរ៉ា មីត្រូវហ្វាណូវ៉ា (Eleonora Mitrofanova) បានសរសេរ បង្ហោះ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ថា ប៊ូលហ្ការី នឹងបញ្ជូនកងទ័ពរបស់ខ្លួន ទៅជួយដល់ប្រទេសអ៊ុយក្រែន។ ការអះអាងបែបនេះ ត្រូវបានរដ្ឋាភិបាលសូហ្វៀ ច្រានចោលម្ដងជាពីរដង រួចមកហើយ ថា ប៊ូលហ្ការី នឹងមិនធ្វើសកម្មភាពបែបនេះទេ។
លោក ទូឌ័រ តាហ្ការេវ (Toodor Tagarev) រដ្ឋមន្ត្រីក្រសួងការពារជាតិប៊ូលហ្ការី បានបញ្ជាក់ ថា ប៊ូលហ្ការី នឹងបន្តគាំទ្រ ជួយដល់ប្រទេសអ៊ុយក្រែន ដើម្បីការពារសេរីភាព បូរណភាពទឹកដី និង ឯករាជភាពរបស់ពួកគេ។ ប៉ុន្ដែរដ្ឋាភិបាលក្រុងសូហ្វៀ នឹងមិនមានគោលបំណងដាក់ពង្រាយកងទ័ពរបស់ខ្លួន នៅលើប្រទេសកំពុងតែហែកហួរ ដោយសារសង្គ្រាមឈ្លានពានមួយនេះឡើយ៕










