ប្រទេសថៃ ៖ សារព័ត៌មាន South China Morning Post បានចុះផ្សាយថា ប្រទេសចិនមានគម្រោងពង្រឹងទំនាក់ទំនងផ្នែកកងទ័ពជាមួយថៃ ព្រមទាំងមានគម្រោងធ្វើសមយុទ្ធរួមគ្នានៅឆ្នាំ២០២៣ នេះ ស្របពេលស្ថានការណ៍នៅតំបន់អាស៊ីអាគ្នេយ៍កំពុងតានតឹងរវាងចិន និងអាមេរិក ។
សារព័ត៌មាន South China Morning Post ចុះផ្សាយបន្តថា រដ្ឋមន្ត្រីក្រសួងការពារជាតិចិន លោក Li Shang-fu បានថ្លែងទៅកាន់មេបញ្ជាការកងទ័ពជើងគោកថៃ លោក Narongpan Jitkaewthae ក្នុងអំឡុងពេលលោកធ្វើដំណើរទៅទីក្រុងប៉េកាំង ប្រទេសចិនថា ចិននឹងសហការជាមួយថៃដើម្បីអនុវត្តតាមការឯកភាពគ្នារបស់មេដឹកនាំប្រទេសទាំងពីរ ។ ប្រទេសចិន និងថៃ នឹងជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងកងទ័ពទាំងពីរ ជាពិសេស កងទ័ពជើងគោក ។
រដ្ឋមន្ត្រីក្រសួងការពារជាតិចិន លោក Li Shang-fu បានបញ្ជាក់ថា នៅឆ្នាំ២០២៣ កងទ័ពប្រទេសទាំងពីរមានគម្រោងធ្វើសមយុទ្ធរួមគ្នាជាច្រើនដង រួមទាំងគម្រោងធ្វើសមយុទ្ធ «Assault 2023» និង «Peace and Friendship 2023» ជាពិសេស ប្រតិបត្តិការ «Falcon Strike» ដែលចិន និងថៃបានធ្វើសមយុទ្ធរួមគ្នាតាំងពីឆ្នាំ២០១៥ ។
លោក Li Shang-fu ថ្លែងថា ៖ «ស្របពេលស្ថានការណ៍នៅតំបន់អាស៊ីប៉ាស៊ីហ្វិកប្រឈមនឹងបញ្ហាសន្តិសុខ ចិនរីករាយនឹងចូលរួមរក្សាស្ថេរភាពក្នុងតំបន់ជាមួយថៃ ដើម្បីធានានូវសន្តិសុខប្រកបដោយនិរន្តរភាព និងបង្កើនទំនាក់ទំនងរវាងកងទ័ពប្រទេសទាំងពីរ» ។
ជាមួយគ្នានេះ មេបញ្ជាការកងទ័ពជើងគោកថៃ លោក Narongpan Jitkaewthae បានសរសើរ និងគាំទ្រតួនាទីសំខាន់របស់ប្រទេសចិន ក្នុងការរក្សាសន្តិសុខ និងស្ថេរភាពក្នុងតំបន់ ។ លោកសន្យាថា ថៃនឹងព្យាយាមសហការជាមួយចិនដើម្បីពង្រឹងទំនាក់ទំនងរវាងកងទ័ពទាំងពីរប្រទេស ។
កិច្ចប្រជុំរវាងមន្ត្រីជាន់ខ្ពស់លើកនេះកើតឡើងក្រោយពីប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា ក្នុងអំឡុងកិច្ចប្រជុំ APEC នាពេលកន្លងមក ៕
ប្រភព ៖ The Better New










