ការៀបអាពាហ៍ពិពាហ៍មួយ ដែលអាចចាត់ទុកជាត្រឹមត្រូវតាមលក្ខណៈផ្លូវច្បាប់បានមិនមែនត្រឹមតែរៀបអាពាហ៍ពិពាហ៍តាមប្រពៃណីនោះទេ គឺទាមទារឱ្យបុរស និងនារី ដែលស្ម័គ្រចិត្តយកគ្នាជាប្ដីប្រពន្ធ ទៅចុះកិច្ចសន្យាអាពាហ៍ពិពាហ៍នៅចំពោះមុខមន្ត្រីអត្រានុកូលដ្ឋានខាងលំនៅដ្ឋានរបស់នារី ដោយត្រូវបានចុះក្នុងបញ្ជីអាពាហ៍ពិពាហ៍។
សំបុត្រចុះអាពាហ៍ពិពាហ៍ ឬ “អេតាស៊ីវិល” ជាលិខិតមួយប្រភេទដែលគូស្វាមីភរិយាក្រោយពេលរៀបអាពាហ៍ពិពាហ៍ហើយចាំបាច់ ត្រូវតែទៅសាលាឃុំ ឬសង្កាត់ ដើម្បីសុំចុះឈ្មោះក្នុងបញ្ជីអាពាហ៍ពិពាហ៍នៅចំពោះមុខមន្ត្រីអត្រានុកូលដ្ឋាន។
យោងតាមច្បាប់រដ្ឋប្បវេណីនៃព្រះរាជាណាចក្រកម្ពុជាបានចែងថា អាជ្ញាធរឃុំ ឬសង្កាត់ មានសិទ្ធិចេញសំបុត្រចុះបញ្ជីអាពាហ៍ពិពាហ៍ឱ្យគូស្វាមីភរិយានេះ ត្រូវធ្វើឡើងតាមការស្ម័គ្រចិត្ត ហើយមានការដឹងឮ និងយល់ព្រមពីសាច់ញាតិនៃគ្រួសារទាំងសងខាង ជាពិសេសមានទាល់តែគូស្វាមីភរិយាដែលសុំចុះបញ្ជីអាពាហ៍ពិពាហ៍នេះបានធ្វើកិច្ចសន្យាអាពាហ៍ពិពាហ៍ជាលាយលក្ខណ៍អក្សរជាមុនសិន។
សូមបញ្ជាក់ផងដែរថា អេតាស៊ីវិល នឹងបញ្ជាក់បានថាគូរស្នេហ៍ដែលបានរៀបអាពាហ៍ពិពាហ៍តាមប្រពៃណីរួចរាល់ នឹងក្លាយជាប្តីប្រពន្ធស្របតាមច្បាប់។ តែយ៉ាងណាមិញ ការចុះអេតាស៊ីវិលក៏នឹងផ្តល់ផលវិបាកផងដែរប្រសិនបើ ទៅថ្ងៃខាងមុខ រស់នៅមិនចុះសម្រុងគ្នា គូរស្នេហ៍ត្រូវលែងលះគ្នានោះ គឺទាមទារឡើងតុលារការទើបអាចលែងលះគ្នាបាន៕
ប្រភព៖ កូយ ប៊ុណ្ណារ៉ា – Koy Bunnara










