ក្លិបសូទីឡូអង្គរ ដែលមានមូលដ្ឋាននៅខេត្តសៀមរាប បានប្រកាសរំសាយក្រុមចោលហើយ ដោយបានរួមរស់នៅលីគកំពូលកម្ពុជា តាំងពីឆ្នាំ២០១៧មក។
ក្នុងរយៈពេលប្រាំមួយឆ្នាំកន្លងទៅនេះ សូទីឡូ អង្គរ ក៏ជាក្លិបខ្លាំងមួយផងដែរនៅលីគកំពូលកម្ពុជា ក៏ប៉ុន្តែជាអកុសល ដោយសារតែមានវិបត្តហិរញ្ញវត្ថុ ធ្វើឱ្យលោកហុងដា សម្រេចចិត្តដកខ្លួនចេញពីវិស័យបាល់ទាត់នៅកម្ពុជា។
នៅលើគេហទំព័រហ្វេកប៊ុករបស់លោក ហុង ដា បានលើកឡើងថា៖”
ប្រជាជនកម្ពុជា និងខេត្តសៀមរាប!
ខ្ញុំមានដំណឹងមួយជម្រាបជូនអ្នក យើងបានសម្រេចចិត្តបញ្ចប់ប្រតិបត្តិការរបស់ក្លឹប Soltilo Angkor FC ដែលយើងបានដំណើរការតាំងពីឆ្នាំ ២០១៧។ ពួកយើងបានដំណើរការក្លឹបនេះអស់រយៈពេលប្រាំមួយឆ្នាំមកហើយជាមួយនឹងគោលគំនិតចង់ធ្វើឱ្យបាល់ទាត់មិនត្រឹមតែនៅទីក្រុងភ្នំពេញប៉ុណ្ណោះទេ ថែមទាំងនៅតំបន់ជនបទផងដែរ។ ជាអកុសល យើងមិនអាចស្វែងរកដៃគូសហការឧបត្ថម្ភនៅពេលនេះបានទេ ហើយយើងមិនមានជម្រើសអ្វីក្រៅពីធ្វើការសម្រេចចិត្តឈប់បន្តប្រតិបត្តិការនេះតទៅទៀត។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក វ៉ាន់និត ដែលបានគាំទ្រខ្ញុំក្នុងនាមជាដៃគូសហការអស់រយៈពេលប្រហែល ៧ ឆ្នាំមកនេះ ហើយលើសពីនេះទៅទៀត ខ្ញុំសូមសម្ដែងនូវអំណរគុណចំពោះអ្នកគាំទ្រទាំងអស់ដែលបានគាំទ្រខ្ញុំរហូតមកដល់ពេលនេះ។
ខ្ញុំគាំទ្រប្រទេសកម្ពុជា ហើយជឿជាក់ថាថ្ងៃណាមួយកម្ពុជានឹងបានលេងក្នុងព្រឹត្តិការណ៍ World Cup។
សូមសំណាងល្អកម្ពុជា!
Keisuke Honda










