ចេកជ្វាឬចេកគ្រាប់ ភាសាអង់គ្លេសហៅថា Wild starchy banana ជារុក្ខជាតិដែលគេនិយមដាំនៅតាមស្រុកស្រែ ចម្ការ ដើម្បីយក ដើម ត្រយូង ផ្លែខ្ចី និងស្លឹក មកធ្វើជាបន្លែ និងប្រើប្រាស់ក្នុងការវេចខ្ចប់។ ចេកនេះមានប្រភពដើមនៅទ្វីបអាស៊ី និងកោះនៃអូសេអានីក្នុងមហាសមុទ្រប៉ាស៊ីហ្វីក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZz1OEysBC5T0DrBGjwQp-2mAFOXCKK_0AM6NUdXyl1uFktP9mzIlUCAJItEeIdCv92CkkRZ5CvZ9oTFAK9hJKk0q221YvCwHgHa_r1_oM7jv8w_o6drZv1PTFpSvWULIPbzLSXFok-cbyFISdYmhD3wgnpiW1M--Ogpt2x76j_u1y9zd1JMVOFUZw/s1000/image_2023-05-30_08-57-33.png

ចេកជ្វាមាន តួដើមគ្មានសាច់ឈើ ដើមមូលវែង មានកម្ពស់ ៣-៥ម មានស្រទាប់និងជាតិទឹកច្រើន។ ចំពោះស្លឹកវិញមានរូបរាងធំវែង ផ្ទៃស្លឹកខាងលើពណ៌បៃតងចាស់ ផ្ទៃស្លឹកខាងក្រោមមានម្សៅពណ៌ស។ ទងទ្រកញ្ចុំផ្កាមានប្រវែង ៣០-៦០សង់ទីម៉ែត្រ។ កញ្ចុំផ្កាជា កួរ (spike) កោងចុះក្រោម មានស្ទប (bract) ពណ៌ក្រហមស្រស់ មានម្សៅពណ៌ស នៅផ្ទៃក្រៅ។ ស្ទបផ្កាញីតែងជ្រុះ ស្ទបផ្កាឈ្មោលមិនជ្រុះទេ។ នៅផ្នែកក្រោមនៃស្ទង មានផ្កាញី តម្រៀបជា ២ជួរ នៅផ្នែកកណ្តាលមានផ្កាទ្វេភេទ ដល់ចាស់ជ្រុះអស់ នៅផ្នែកលើមានផ្កាឈ្មោលច្រើន ១៥-២០ ពណ៌ផ្កាឈូក តម្រៀបជា ២ជួរ។ ផ្លែបន្តគ្នា ផ្លែនីមួយៗមានទងប្រវែង១-២ស.ម អាចមាន៣-៦ស្និត ផ្លែមានគ្រាប់ច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhV35wsM0wlwMwYXDWQ1vj_XoQ-nldHLvbXgc1lbzpt8pNSg8EXzcy-hOPi5ECiKLUszlSkXpFXw3ancvvUYkwKMJ-qJU3SOD0k36n3hfVNItsoh8YyPKBHTH85j81U7sMdC6TgGMuc4FRvxjG928wcoa3-pWtu26nuPtUrik_ORbzVkaMevFOCGqRp/s869/image_2023-05-30_08-57-33%20(2).png

ចេកជ្វាឬចេកគ្រាប់ បង្កាត់ជាមួយប្រភេទ Musa acuminata អាចឱ្យប្រភេទកាត់ Musa x paradisiaca ដែលឱ្យផ្លែចេកគ្មានគ្រាប់ ហើយមនុស្សទូទៅបរិភោគជាធម្មតារៀងរាល់ថ្ងៃ ប៉ុន្តែដើមមានផ្លែតែ១ដងទេវានឹងងាប់វិញ តែកូនដើមដុះចេញពីគល់ជាការបន្តពូជប្រកបដោយនិរន្តភាពនៃដើមចេក។ លក្ខណៈអេកូឡូស៊ីនៃចេកគ្រាប់គឺដុះនៅតាមតំបន់ក្តៅបង្គួរ ជាដំណាំបង្កាត់ពូជច្រើនដំណ។

សម្រាប់ការប្រើប្រាស់ ចេកជ្វាឬចេកគ្រាប់មានអត្ថប្រយោជន៍ជាច្រើនដូចជា ដើមសម្រាប់ធ្វើបន្លែអន្លក់ និងចំណីសត្វ។ ត្រយូងធ្វើជាបន្លែ និងផ្លែខ្ចី សម្រាប់ធ្វើជ្រក់ រីឯស្លឹកសម្រាប់វេចនំ និងខ្ចប់របស់ផ្សេងៗ។ ចំពោះផ្នែកឱសថ ផ្លែខ្ចីសម្រាប់ព្យាបាលអាការៈមិនរលាយអាហារ ផ្លែទុំសម្រាប់ព្យាបាលទល់ លាមក ឬខ្សោយកម្លាំង ហើយដើមព្យាបាលជំងឺទឹកនោមផ្អែម៕