សហរដ្ឋអាមេរិក ៖ កីឡាករប្រដាល់ បួ ខាវ និងត្រូវបានពលរដ្ឋថៃចាត់ទុកថាជាស្តេចប្រដាល់នោះ បានធ្វើដំណើរទៅចូលរួមក្នុងកម្មវិធីមួយឈ្មោះ «Songkran Festival 2023» នៅរដ្ឋមីនីសូតា សហរដ្ឋអាមេរិក ដើម្បីធ្វើជាអ្នកតំណាងឱ្យប្រទេសថៃ ។ កម្មវិធីនេះរៀបចំឡើងដោយក្រុមប្រឹក្សាវប្បធម៌ថៃប្រចាំរដ្ឋមីនីសូតា សហរដ្ឋអាមេរិក សហការជាមួយអង្គការបណ្តាញដៃគូ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែឧសភា ។
កំពូលកីឡាករប្រដាល់ថៃវ័យ៤១ឆ្នាំរូបនេះបានបង្ហាញពីការសំពះគ្រូ Muay Thai នៅមុខអគាររដ្ឋសភា Dome St. Paul រដ្ឋមីនីសូតា នៅចំពោះមុខអ្នកទស្សនាជាច្រើននាក់ ។ ប្រទេសថៃប្រកាសថា ការធ្វើពិធីសំពះគ្រូ Muay Thai នៅអាមេរិកនេះ គឺដើម្បីបង្ហាញពីសិល្បៈការតស៊ូរបស់ខ្លួនទៅកាន់ពិភពលោកឱ្យបានស្គាល់ ។.jpg)
ប្រទេសថៃបានរៀបចំការបង្ហាញពីសិល្បៈវប្បធម៌របស់ខ្លួន ដោយមានការចូលរួមពីគ្រូបង្រៀនស្ម័គ្រចិត្តមកពីរដ្ឋផ្សេងៗរបស់សហរដ្ឋអាមេរិក ។ លើសពីនេះ ក៏មានការតាំងបង្ហាញម្ហូបអាហារថៃ, ផលិតផល និងវត្ថុអនុស្សាវរីយ៍ផ្សេងៗ ។ ក្នុងកម្មវិធីនេះ ក្រៅពីកីឡាករប្រដាល់ បួ ខាវ ក៏មានអ្នកនាង Anna Sueangam-iam ជាបរវកញ្ញាចក្រវាឡថៃប្រចាំឆ្នាំ២០២២ និងអ្នកនាង Chonnikan Supittayaphon ជាបវរកញ្ញាថៃប្រចាំឆ្នាំ២០២៣ ព្រមទាំងអ្នករួមដំណើរជាច្រើនទៀត ។
គួរបញ្ជាក់ថា ប្រទេសថៃបានព្យាយាមបង្ហាញពី Muay Thai ទៅកាន់ពិភពលោកឱ្យបានស្គាល់ និងជួយគាំទ្រកីឡារបស់ខ្លួនផងដែរ ។ ជាក់ស្តែង កាលពីថ្ងៃទី៤-៦ ខែកុម្ភៈ កន្លងមក កីឡាករ បួ ខាវ និងកងទ័ពជើងគោកចំនួន៣.៦៦០នាក់បានរួមគ្នាធ្វើកម្មវិធី «Amazing Muay Thai Festival 2023» សំពះគ្រូ Muay Thai ដើម្បីបំបែកកំណត់ត្រាលើពិភពលោក (Guinness world records) នៅឧទ្យានជាតិរ៉ាចឆៈផាក់ ស្រុកហួរហ៊ិន ខេត្តប្រាជួបស៊ីរីខាន់ ។.jpg)
ក្នុងពិធីកាលពីខែកុម្ភៈ កន្លងមក ប្រទេសថៃបានបង្ហាញពីកីឡា Muay Thai ចំនួន៤ប្រភេទ និងការសម្តែងក្បាច់ Muay Thai ក្នុង៤តំបន់ ដែលបន្តពីក្បាច់គុនបុរាណថៃ ហើយចែកចេញជាក្បាច់ផ្សេងៗនៅតាមតំបន់ ដូចជា Muay កូរ៉ាត ពីភាគឦសាន, Muay លុបបុរី ពីភាគកណ្តាល, Muay ឆៃយ៉ា ពីភាគខាងត្បូង និង Muay ថាសៅ ពីភាគខាងជើង ហើយនិយាយពាក្យថា ៖ «កណ្តាប់ដៃធ្ងន់ កូរ៉ាត, ឆ្លាត លុបបុរី, ក្បាច់ល្អ ឆៃយ៉ា និងដៃរហ័ស ថាសៅ» ។
ប្រទេសថៃចាត់ទុកថា Muay Thai គឺជាការរួមកម្លាំងកីឡាករដ៏ធំមួយរបស់ខ្លួន និងធ្វើឱ្យទូទាំងពិភពលោកទទួលស្គាល់ថា Muay Thai គឺជាមរតករបស់ប្រទេសថៃ និងមរតកពិភពលោក ៕
ប្រភព ៖ sanook










